អ្នកវិភាគ ព្រមានថា ប្រសិនបើបញ្ហាវត្តមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា មិនត្រូវបានភាគីកម្ពុជា បកស្រាយជ្រះមន្ទិលនោះទេ នឹងធ្វើឲ្យកម្ពុជាខាតបង់ប្រយោជន៍សេដ្ឋកិច្ច និងទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។ ការលើកឡើងរបស់អ្នកវិភាគបែបនេះ ខណៈសហរដ្ឋអាមេរិកនៅតែលើកឡើងដដែលៗពីការបារម្ភរបស់ខ្លួននៃមូលដ្ឋានកងទ័ពចិននៅកម្ពុជា។
អ្នកវិភាគលើកឡើងថា ត្រឹមការអះអាងមាត់ទទេរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ឬក្រសួងពារពារជាតិថា គ្មានមូលដ្ឋានកងទ័ពចិននៅកម្ពុជា មិនអាចធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកជឿទុកចិត្តនោះទេ។ ពួកគេចង់ឃើញរដ្ឋាភិបាល បង្ហាញទង្វើជាក់ស្ដែង ដូចជា ការជួបប្រជុំដោយដោយផ្ទាល់រវាងកម្ពុជា និងសហរដ្ឋអាមេរិក ការបើកឲ្យសមយុទ្ធរវាងយោធារវាងកម្ពុជា និងយោធាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកឡើងវិញ រួមទាំងការបើកលំហប្រជាធិបតេយ្យជាដើម។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា ការអនុវត្តរបស់កម្ពុជាកន្លងមក មិនបានផ្ដល់ទំនុកចិត្តដល់សហរដ្ឋអាមេរិក ជឿទុកចិត្តបានឡើយ។ លោកលើកជាឧទាហរណ៍ជាក់ស្ដែង មួយចំនួន ដូចជា កម្ពុជាខកខានម្ដងហើយម្ដងទៀត ពីការធ្វើសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ប៉ុន្តែ កម្ពុជារក្សាសមយុទ្ធជាមួយចិន។ លោកបន្តថា កម្ពុជា បានវាយអគារជាជំនួយរបស់អាមេរិកចោលដោយមិនផ្ដល់ដំណឹងទៅសហរដ្ឋ ហើយថែមទាំងសាងសង់អគារថ្មីជាជំនួយរបស់ចិននៅលើទីតាំងចាស់នោះ៖ «ជាទូទៅយើងត្រូវគិតអញ្ចេះដោយសារយើងនិយាយកន្លងមកមិនសូវបានកសាងជំនឿទុកចិត្តទេ ដោយសារការសន្យា ការប្រកាសជាសាធារណៈរបស់ភាគីកម្ពុជាហ្នឹង ការអនុវត្តមិនដូចការប្រកាសយើងនិយាយទៅនយោបាយអព្យាក្រិតកម្ពុជា មាននៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា តែការអនុវត្តរបស់យើងត្រូវបានលោក ខាងលិច មើលឃើញថា កម្ពុជាមានទំនោរនយោបាយទៅចិនច្រើនជាង»។
លោក ឯម សុវណ្ណារ៉ា លើកឡើងទៀតថា ដើម្បីឲ្យអាមេរិកជឿទុកចិត្តកម្ពុជា ឡើងវិញ គួរមានការជជែកគ្នា ហើយបើសហរដ្ឋអាមេរិកសង្ស័យកន្លែងណាឲ្យសហរដ្ឋលើកឡើងនិងបង្ហាញមន្ទិលទាំងនោះ។ លោកថាចំណុចសំខាន់មួយទៀត គឺកម្ពុជា ត្រូវឈរលើគោលនយោបាយអព្យាក្រិត។ អ្នកជំនាញនយោបាយការបរទេសរូបនេះ ព្រួយបារម្ភថា បើបញ្ហាទាំងនេះ មិនត្រូវបានរដ្ឋាភិបាលកម្ពុជាកែលំអនោះទេ នឹងធ្វើឲ្យកម្ពុជាប្រឈមមុខ ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក៖ «អ៊ីចឹងកន្លែងហ្នឹងធ្វើឲ្យគេពិបាកជឿយើង យើងមានសិទ្ធិពេញលេញក្នុងការសម្រេចស្វ័យភាព ក៏ប៉ុន្តែកិច្ចការមួយចំនួន កិច្ចការទំនាក់ទំនង កាលណាយើងផ្ដល់មកអ៊ីចឹង ឧទាហរណ៍សហរដ្ឋអាមេរិកគេចង់ផ្ដល់មកទៀត គឺផ្ដល់យ៉ាងម៉េច ឧទាហរណ៍គេជឿជំនួយរបស់សម្រាប់ការប្រើប្រាស់ឬក៏សង់ទៅខ្លាចវ៉ៃចោលទៀត ឧទាហរណ៍អញ្ចឹង នេះជាភាពធ្វើឲ្យយើងបាត់ភាពជឿជាក់គ្នាកន្លងមក។ អ៊ីចឹងទាមទារការស្ដារឡើងទាមទារការទុកចិត្តមែនទែន ដើម្បីកាត់បន្ថយភាពប្រទាំងប្រទើសគ្នាលុបបំបាត់នូវការមិនជឿទុកចិត្តគ្នា»។
អ្នកវិភាគលើកឡើងដូច្នេះ ខណៈកម្ពុជា និងចិនកំពុងបានបើកការដ្ឋានសាងសង់រោងជាងជួសជុល ផែសំចត និងស្តាយឃ្លង នៅមូលដ្ឋានសមុទ្ររាម ដែលទីតាំងនេះ ត្រូវបានមន្ត្រីសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ប្រទេសចិនកំពុងលួចសាងសង់មូលដ្ឋានកងទ័ពជើងទឹក។
ទាក់ទងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មតបពីអ្នកនាំពាក្យក្រសួងការពារជាតិ លោកឈុំ សុជាត បានទេនៅថ្ងៃទី០៩ ខែមិថុនា។ ទោះយ៉ាងណាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ឲ្យដឹងថា ភាគីកម្ពុជា មិនទាន់មានការពន្យល់បន្ថែមណាមួយក្រៅពីសន្ទរកថា របស់លោក រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែមិថុនា នោះឡើយ៖ «ចំពោះពេលនេះយើងអត់មានធ្វើអីទេ ក្រៅពីតែពីសន្ទរកថា សម្ដេចពិជ័យសេនាលើកឡើងគឺកម្ពុជាមិនអនុញ្ញាតឲ្យបរទេសណាមួយបោះទីតាំងកសាងមូលដ្ឋានសឹក គឺអត់មានទេ»។
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ថ្លែង កាលពីថ្ងៃទី០៨ ខែមិថុនា ថា ការធ្វើទំនើបកម្ម កំពង់ផែកងទ័ពជើងទឹករាម គឺកម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ហើយកម្ពុជាក៏មិនជំទាស់ ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះដែរ។ លោក ទៀ បាញ់ លើកឡើងបន្តថា ការធ្វើទំនើបកម្មកំពង់ផែនៅទីតាំងកំពង់ផែរាមនេះ គឺស្ថិតក្នុងដែនសមត្ថកិច្ច និងការរៀបចំប្រព័ន្ធយោធាកងទ័ពជើងទឹកកម្ពុជា មិនគួរមានការចោទប្រកាន់នានាពីសំណាក់មជ្ឈដ្ឋានខាងក្រៅដែរនាំមានការរំខានឡើយ។ លោកបន្តថា កម្ពុជាគ្រាន់តែចង់លើកកម្ពស់ សមត្ថភាពការពារខ្លួនឲ្យកាន់តែប្រសើរថែមទៀត ដើម្បី ធានាភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក។ លោកអះអាងទៀតថា កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយនោះឡើយ។
ទោះមានការប្រកាសបែបនេះ ប៉ុន្តែ លោក ទៀ បាញ់ បានណែនាំដល់ថ្នាក់ដឹកនាំកងទ័ព ឲ្យពិចារណារៀបចំលំហាត់សមយុទ្ធនាគរវាងកងទ័ពកម្ពុជា-ចិនឡើងវិញ បន្ទាប់ពីស្ថានភាពឆ្លងជំងឺកូវីដ១៩ មានភាពធូរស្បើយ។ ចំណែកការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកលោក ទៀ បាញ់ មិនបានលើកឡើងឡើយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា នេះគ្រាន់តែជាបំភ្លឺបែបបំភ្លៃ ហើយបើទោះជាលោក ទៀ បាញ់ ប្រឹងនិយាយយ៉ាងណាក៏មិនអាចធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកមិនជឿដែរ។ លោកសង្កេតឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ទំនងលួចសាងសង់មូលដ្ឋានកងទ័ពជើងទឹក ដូចការចោទប្រកាន់មែន៖ «ចង់វាស់ស្ទង់ថា តើការសង្ស័យសហរដ្ឋអាមេរិកអំពីមូលដ្ឋានទ័ពចិននៅលើទឹកដីកម្ពុជាជាពិតកម្រិតណាមើលតែការវិនិច្ឆ័យរបស់លោកប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែលបាននិយាយជាមុន ថា ប្រទេសរុស្ស៊ី នឹងឈ្លានពានប្រទេសអ៊ុយក្រែន កម្រិតរុស្ស៊ីផងបិទសហរដ្ឋអាមេរិកមិនបានចុះកម្រិតកម្ពុជាតើអាចបិទព័ត៌មានពីភ្នែករដ្ឋាភិបាលអាមេរិកជិតទេ ?»។
កាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington post)បានដកស្រងសំដី មន្ត្រីជំនាញនៃប្រទេសលោកខាងលិច មកចុះផ្សាយកាលពីថ្ងៃទី០៦ ខែមិថុនា ថា ប្រទេសចិនកំពុងលួចសាងសង់មូលដ្ឋានកងទ័ពជើងទឹកដោយសម្ងាត់នៅកម្ពុជាសម្រាប់បម្រើឱ្យវិស័យយោធាផ្តាច់មុខ។ មន្ត្រីជំនាញនៃប្រទេសលោកខាងលិចរូបនោះបន្តថា ការបង្កើតមូលដ្ឋានទ័ពជើងទឹករបស់ចិននៅកម្ពុជា នឹងក្លាយជាមូលដ្ឋានកងទ័ពរបស់ចិនទីមួយក្នុងតំបន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងជាមូលដ្ឋានកងទ័ពទីពីរនៅលើពិភពលោករបស់ចិន ដែលជាផ្នែកនៃយុទ្ធសាស្ត្ររបស់ក្រុងប៉េកាំងក្នុងការកសាងបណ្ដាញមូលដ្ឋានយោធាជុំវិញពិភពលោក។ ក្រៅពីនេះ សារព័ត៌មានអន្តរជាតិល្បីៗមួយចំនួនក៏ធ្លាប់បានរាយការណ៍បន្តបន្ទាប់ពីវត្តមានមូលដ្ឋានកងទ័ពចិននេះដែរ។
អ្នកវិភាគព្រួយបារម្ភដូចសហរដ្ឋអាមេរិកដែរថា បើរដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពចិនមែននោះនឹងធ្វើឲ្យប៉ះពាល់ដល់ក្ដីសុខពលរដ្ឋខ្មែរ ហើយឈានដល់ការបង្កអសន្តិសុខនៅក្នុងតំបន់ថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។