អង្គការបណ្ដាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី (ហៅកាត់ថា ANFREL) វាយតម្លៃជាបឋមថា ការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ នៅតែខ្វះភាពសេរី និងយុត្តិធម៌។ ការវាយតម្លៃនេះ ធ្វើឡើងក្នុង របាយការណ៍ថ្មីមួយរបស់អង្គការនេះផ្សាយកាលពីថ្ងៃទី០៥ ខែកក្កដា។
អានហ្វ្រែលដែលជាបណ្ដុំអង្គការជិត ៣០ស្ថាប័ននៅតំបន់អាស៊ី រកឃើញថា មានចន្លោះប្រហោង ឬកង្វះខាតជាច្រើននៅក្នុងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។ ចន្លោះប្រហោងទាំងនោះ មានដូចជា ភាពលម្អៀងយ៉ាងជាក់ច្បាស់របស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតទៅរកគណបក្សកាន់អំណាច ការផាត់ចោលគណបក្សភ្លើងទៀន មិនឱ្យចូលរួមបោះឆ្នោតដែលអង្គការនេះថា ជាឧទាហរណ៍នៃការរឹតត្បិតលំហនយោបាយយ៉ាងខ្លាំងនៅកម្ពុជា ការកាត់បន្ថយលំហសង្គមស៊ីវិល សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងការចូលរួមនៅមានកម្រិតរបស់ភាគីដែលមានសំឡេងតិចតួចក្នុងសង្គម ដូចជា ស្ត្រី ជនជាតិភាគតិច បុគ្គលមានពិការភាព និងយុវជនជាដើម។

វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំប្រតិកម្មជុំវិញការវាយតម្លៃបឋមរបស់អង្គការអានហ្វ្រែលនេះបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី៦ ខែកក្កដា។
ទោះយ៉ាងណា អង្គការ អានហ្វ្រែល ព្រមានថា ការបរាជ័យមិនដោះស្រាយរាល់ចំណុចខ្វះខាតទាំងនេះ នឹងបន្តធ្វើឱ្យមាននូវដំណើរការបោះឆ្នោតមួយផ្ទុយពីប្រជាធិបតេយ្យ និងខុសពីការពិត ដែលមិនអាចឆ្លុះបញ្ចាំងពីឆន្ទៈ និងបំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជាបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។