គណបក្ស​​ភ្លើងទៀន ​បន្ត​​រង​​ការ​​គំរាម​​ពី​​អាជ្ញាធរ ​​និង​​​ជន​​មិន​​ស្គាល់​​មុខ​​

0:00 / 0:00

គណបក្ស​ភ្លើងទៀន​​​បន្ត​​រង​​​ការ​​​គំរាម​​កំហែង​​​​​​​ពី​​​អាជ្ញាធរ​ និង​​​ជន​​មិន​​ស្គាល់​​មុខ​​ ខណៈ​ការ​​បោះឆ្នោត​​ជ្រើសរើស​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​កាន់​​តែ​ខិត​​ជិត​​មក​​ដល់​។​​ ការធ្វើ​​ទុក្ខបុក​ម្នេញ​នេះ​ បាន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ និង​​នៅ​ខេត្ត​ចំនួន ៤ផ្សេងៗ​ ទៀត។​ មន្រ្តី​​សង្គម​​ស៊ីវិល​​​ធ្វើ​ការងារ​​ផ្នែក​​បោះឆ្នោត​​ជំរុញ​​រដ្ឋាភិបាល​ គួរ​​មាន​​វិធាន​ការ​​លើ​​មន្រ្តី​​​មូលដ្ឋាន​​ដែល​​​បង្ក​​ការ​​លំបាក​​ដល់​​គណបក្ស​​នយោបាយ​​ ​និង​​ស្វែង​​រក​​ជន​​ប្រព្រឹត្តដែ​ល​​បំផ្លាញ​​ស្លាក​​គណបក្សយកមកផ្ដន្ទាទោស​​​។​

ការ​គំរាម​កំហែងលើ​​គណបក្ស​ភ្លើងទៀន​​​​ពេល​នេះ​ បានកើតឡើងនៅ​​រាជធានី​ភ្នំពេញ​ ខេត្ត​កំពង់​ឆ្នាំង​ ​ត្បូងឃ្មុំ​ ព្រះសីហនុ​ និង​ខេត្ត​ប៉ៃលិន​ ក្នុងរូបភាពស្រដៀងៗ គ្នា គឺការលួចផ្ដួលស្លាក និងការគំរាមកំហែងបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត​ឃុំសង្កាត់។​

មន្ត្រី​គណបក្សភ្លើងទៀន​ នៅ​សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិសែនជ័យ និង​ជា​បេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន ​ លោកស្រី ប្រណម្យ ចាន់ណារី​ ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​៩​ ខែ​មីនា​​ ថា​​ក្រុម​ការងារ​លោក​ស្រី​ បាន​ទៅ​លើក​ស្លាក​គណបក្ស​នៅ​ទី​តាំង​សាធារណៈតាមបណ្ដោយប្រឡាយ ជិត​ស្លាក​គណបក្ស​ប្រជាជន​​កម្ពុជា​ និង​ជិត​របង​ផ្ទះ​​​​​របស់​ពលរដ្ឋក្នុងមូលដ្ឋាននេះ ​កាលពី​ថ្ងៃទី​៦​ ខែ​មីនា​​ ​​ ប៉ុន្តែ​មួយ​ថ្ងៃ​ក្រោយ​មក​​ ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​មុខ​បានលួចលើក​ស្លាក​គណបក្ស​​ភ្លើងទៀន​​ចេញ​បាត់។​ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​មាន​ករណី​នេះ​អាជ្ញាធរ​មូលដ្ឋាន​ ប្រាប់លោកស្រី​ថា​ ម្ចាស់​ដី​ក្បែរ​នោះ​មិន​ពេញ​ចិត្ត​នឹងការ​លើក​ស្លាក​​​គណបក្ស​ភ្លើងទៀន​ ប៉ុន្តែ​អាជ្ញាធរ​មិន​ដឹង​ថា​ អ្នកណា​ជាអ្នក​ដក​ស្លាក​គណបក្សភ្លើងទៀនចេញ​ទេ​។​ លោកស្រី ប្រណម្យ ចាន់ណារី​ យល់ថា​ ​នេះ​ការ​ការ​រារាំង​ និង​គំរាមកំហែង នៃ​ការធ្វើ​​សកម្មភាព​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន​។​

ទោះ​យ៉ាងណា​ សកម្មជន​គណបក្ស​ភ្លើងទៀន​រូប​នេះ ប្រាប់​ថា ​ក្រុម​ការងារ​មិនចង់​មាន​​ជម្លោះវែងឆ្ងាយនោះទេ ហើយ​​ថា ​ពេល​នេះ​ក្រុម​ការងារលោកស្រី ​បាន​រក​ទី​តាំង​ថ្មី​​​នៅ​ជិត​ទីតាំងចាស់​ដើម្បី​​លើក​ស្លាកគណបក្ស​​​​៖ «គេ​ប្រាប់​ថា​ ម្ចាស់​ដី​អត់​ពេញ​​ចិត្ត​​អ៊ីចឹង តាម​ពិត​ទៅ​យើង​​​អត់​ពេញ​ចិត្ត​ទេ​ ព្រោះ​អី​ដោយ​សារ​ករណី​ហ្នឹង​យើង​ដាក់​ត្រូវ​អស់​ហើយ​ ( ដាក់​ស្លាក )​ ​​​ ព្រោះ​អី​យើង​ដាក់​ឃ្លាត​ពី​របង​ជិត​ពីរ​ម៉ែត្រ​ ហើយ​ផ្លូវ​ហ្នឹង​សាធារណៈ​ទេ​»។

ករណី​ដូច​គ្នា​​នេះដែរ​ ក៏​បាន​កើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​ដែរ​ ដោយ​ជន​មិន​ស្គាល់​មុខ​បាន​លួច​ផ្ដួល​ស្លាក​គណបក្ស​ភ្លើងទៀន​ចំនួន​ពីរកន្លែងផ្សេងគ្នា ស្ថិត​​​​នៅ​​ភូមិ​២ និង​ភូមិ​៣​ សង្កាត់​លេខ​១ ​ក្រុង​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​​ទី​៦ ​​និង​ថ្ងៃ​ទី​៧ ​ខែ​មីនា​។​ ចំណែកនៅខេត្តត្បូងឃ្មុំ ​ ​ក៏​មាន​​​ជនមាន​ឥទ្ធិពល​នៅ​ដ្ឋាន​​ក្នុង​ខេត្តនេះបាន​ទៅគំរាមកំហែង​​បេក្ខជន​​ឈរឈ្មោះរបស់​គណបក្ស​ភ្លើងទៀន​ពីរ​នាក់​​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោតតទៅទៀត។​

មន្រ្តី​គណបក្ស​ភ្លើងទៀន​នៅឃុំ​វាលម្លូ​ លោក​ ហែម​ ហង់​​ ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា​ មាន​បុរស​​ម្នាក់​ជិះ​ឡាន​ទៅ​ដឹក​បេក្ខជន​របស់គណបក្ស​លោក​ក្នុង​ឃុំ​នេះ​​ឲ្យ​លាលែង​ចេញ​​​ពី​​បេក្ខជន​​ក្រុមប្រឹក្សា​​ឃុំ។ លោក​បន្ត​ទៀត​ថា​ មក​ដល់​ពេលនេះ​ក្នុងចំណោម​បេក្ខជន​ពីរ​​នាក់​ដែល​រង​ការ​គំរាម​កំហែង​នោះ​ មានម្នាក់​បាន​យល់​​​ព្រម​​មិន​ឈរ​​ឈ្មោះ​ឲ្យ​គណបក្ស​លោក​ទៀត​ទេ​ ចំណែក​​បេក្ខជន​ម្នាក់​ទៀត​ កំពុង​ស្ថិតក្នុងការសម្របសម្រួល៖ «មូលហេតុ​ខ្ញុំ​​​មិន​ដឹង​ដែរ​ ថ្ងៃ​នេះ​ឃើញ​​ឡាន​គេ​ដឹក​មក​យក​គេ​មក​ដល់កន្លែង​ ( គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​ )​ តែ​ម្ដង​។​ ខ្ញុំ​កំពុង​សម្របសម្រួល​ផង​ ហើយ​រក​បេក្ខជន​ថ្មីៗ​ជា​បណ្ដើរៗ​»។

ស្រដៀង​គ្នា​នេះ​ដែរ​​ ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​​ខេត្ត​កំពង់ឆ្នាំង​ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ដែរថា ​​អាជ្ញាធរ​​ឃុំ​ឆ្នុកទ្រូ​ ស្រុក​​បរិបូរណ៌​​ ក៏មានករណី ​ធ្វើ​ទុក្ខបុកម្នេញ​​ដល់​បេក្ខជន​​ឈរ​ឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន​​ដែរ។​ រីឯ​ប្រធាន​ក្រុម​ការងារ​ បណ្ដោះអាសន្ន​គណបក្ស​ភ្លើងទៀន​ ខេត្តប៉ៃលិន លោក ខឹម មុនីកុសល​ បាន​ដាក់​ពាក្យ​ ប្តឹង​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ឃុំ​ស្ទឹង​កាច់ ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ប៉ៃលិន។​ លោក​ ខឹម មុនីកុសល ឲ្យ​ដឹង​ថា​ ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ប៉ៃលិន​ នឹង​ដោះស្រាយ​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​១២​​ ខែ​មីនា​​ខាង​មុខ​។​ ​

លោក​ឲ្យ​​ដឹង​ទៀត​ថា​ មូលហេតុ​នៃ​ការ​ប្ដឹង​នេះ​ព្រោះ​​​ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតឃុំ​សង្កាត់​ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការ​​ដាក់​បេក្ខជន​ឈរឈ្មោះ​នៃគណបក្សរបស់លោក ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​ ហើយនេះក៏​ជា​ការ​រើស​អើងផ្នែក​​នយោបាយផងដែរ​៖ « គ្រាន់​តែ​ទឹក​ប៊ិច​សរសេរ​ខុស​គ្នា​ ​ ( គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ) ​ គាត់ មិន​យក​គាត់​ឲ្យ​យើង​សរសេរ​ឡើង​វិញ​​ទេ ហើយ​ចំណុច​មួយ​ទៀត​​ទាក់ទង​អាសយដ្ឋាន​របស់​គណបក្ស​អី​ហ្នឹង​ នៅ​ក្នុង​ទម្រង់​លិខិត​​​​១០០៨ ​គេ​​បាន​និយាយ​ច្បាស់​ហើយ​​ មិនមាន​ទាមទារ​ការ​បញ្ជាក់​លិខិត​អី​បន្ថែម​​ទេ​គ្រាន់​តែ​សរសេរ​អាសយដ្ឋាន​នៅ​លើ​ទម្រង់​១០០៨​ តែ​ប៉ុណ្ណឹង​ ​ហើយ​គាត់​នៅតែ​ទាមទារ​ម្ដង​ជា​ពីរ​ដង​ដដែល»។

ជុំវិញ​បញ្ហា​នេះ ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត ​(គ.ជ.ប)​ លោក​ ហង្ស​ ពុទ្ធា​ និង​អ្នក​​​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ​ សុភ័គ​ បាន​ទេ​​នៅ​ថ្ងៃ​ទី​៩ ​ខែ​មីនា​។​ ​ទោះ​យ៉ាងណា​ ការគំរាម​កំហែង​លើ​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន​ពេលនេះ​​ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុញ្ញាត​ឲ្យ​គ្រប់​គណបក្ស​ចុះឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី និង​គ្មាន​ការ​រំខាន។​

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​និចហ្វិច​ (Nicfec) ​លោក​ សំ​ គន្ធាមី​​ ​យល់​ថា​ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​គួរ​មាន​វិធានការ​លើ​មន្ត្រី​នា​នាដែល​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​​របស់​នាយករដ្ឋមន្ត្រី​។​ លោក​ក៏​​​សង្កេត​ឃើញ​ គណបក្ស​ភ្លើងទៀន​ ​កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខម្នេញ​​ច្រើន​ជាង​គណបក្ស​នានា​​ដែល​​ចូលរួម​ការបោះឆ្នោត​ខាងមុខ។ ទោះ​យ៉ាងណា​​​លោក​យល់​ថា​ ការ​គំរាម​កំហែង​​លើ​បេក្ខជន​​​​នេះ​​ គឺ​​គណបក្ស​អាច​ដោះស្រាយ​បាន​ព្រោះ​ការ​ដាក់​បេក្ខជន​​របស់​គ្រប់​គណបក្ស​តែង​មាន​បេក្ខជន​ឈរ​ឈ្មោះ​ និង​បេក្ខជន​បម្រុង​។​ មន្រ្តី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត​រូប​នេះ​​ក៏​ស្នើ​ទៅ​អាជ្ញាធរឱ្យដោះស្រាយករណី ​ ​មន្រ្តី​គណបក្ស​ភ្លើងទៀន ​ដែល​បាន​ព្យាយាម​រក​ដំណោះស្រាយ​ជាមួយ​អាជ្ញាធរ​ និង​ភាគី​ពាក់ព័ន្ធ​​ លើ​បញ្ហា​នេះ​៖ «យើង​​ចង់​ឃើញ​គាត់​ ( លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន )​​ អនុវត្ត​ច្បាប់​គ្រាន់​តែ​និយាយ​ណែនាំ​​ ប៉ុន្តែ​អត់​ចាត់ការ​ផង​ដល់​ទាល់តែ​ចាត់​វិធានការ​បាន​ការ​ណែនាំ​​នោះ​មាន​ប្រសិទ្ធភាព»។

ការ​គំរាម​កំហែង​​នេះ​ ស្រប​ពេល​គណបក្ស​ភ្លើងទៀន ​បាន​ដាក់​បេក្ខជន​ជាងមួយពាន់ប្រាំមួយ​រយ​ (១.៦០០) ​ឃុំ​​សង្កាត់​​ក្នុង​​ចំណោម​​ឃុំសង្កាត់ មួយពាន់​ប្រាំមួយ​រយហាសិបពីរ​ (១.៦៥២)​ ទូទាំង​​ប្រទេស​។​​ ស្ថិត​​ក្នុង​ស្ថានភាព​បែប​នេះ​ ​ មិន​ទាន់​មានសញ្ញាណ​ណា​មួយ​បង្ហាញ​ថា គណបក្ស​នេះនឹង​ចូលរួម​ក្នុង​​ការបោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​ ខាង​មុខ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។