ជន​មិន​ស្គាល់​មុខ​លួច​កាប់​បំផ្លាញ​ស្លាក​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​កំពង់​ចាម

0:00 / 0:00

ជន​មិន​ស្គាល់​មុខ​លួច​កាប់​បំផ្លាញ​ស្លាក​គណបក្ស​​ភ្លើង​ទៀន ​នៅ​ខេត្ត​កំពង់​ចាម​ស្រប​ពេល​ដែល​គណបក្ស​នេះ​កំពុង​មាន​អ្នក​នយោបាយ​ជើង​ចាស់ និង​មេធាវី​មួយ​ចំនួន​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​ថា កាប់​បំផ្លាញ​ស្លាក​គណបក្ស​នេះ ជា​សញ្ញា​​គំរាម​កំហែង និង​ជំរុញ​ទៅ​រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​ជន​ប្រព្រឹត្តិ។

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្តកំពង់ចាម​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​ស្រាវជ្រាវ​ចាប់​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ទោះ​យ៉ាងណា​ពួក​គេ​មិន​សូវ​មាន​សង្ឃឹម​ថា សមត្ថកិច្ច​អាច​រក​ជន​ដៃដល់​ឃើញ​នោះ​ឡើយ។ ប្រ​ធាន​គណបក្ស​ភ្លើង​ទៀន​ប្រចាំ ឃុំ​អូរម្លូ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់​ចាម អ្នកស្រី សាត់ ភារម្យ ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១ ខែ​មីនា​ថា ជន​មិន​ស្គាល់​មុខ​បាន​កាប់​ស្លាក​គណបក្ស​ភ្លើង​ទៀន ដែល​ស្លាក​នោះ​ត្រូវ​បាន​ក្រុម​ការងារ​អ្នក​ស្រី​លើក​ឡើង កាល​ពី​ពេល​ថ្មីៗ នេះ។អ្នក​ស្រី​ថា នេះ​ជា​លើក​ទី១ និង​ជា​ស្លាក​ទី១ ដែល​ត្រូវ​ជន​ដៃ​ដល់​កាប់​បំផ្លាញ​នៅ​ក្នុង​មូលដ្ឋាន​លោក​ស្រី៖ «ចាស៎ ! វា​ចោះ​ម៉ា​ខ្លាំង ឡើង​ធ្លាយ​ដល់​ដែក​ក្នុង​ហ្មង។ ចោះ​ឡើង​រហែក​អស់​ស្លាក​ខាង​ក្រៅ។ គេ (សមត្ថកិច្ច ) ឆ្លើយ​តប​ថា គេ​នឹង​ស្រាវជ្រាវ​រក​ឲ្យ​គ្មាន​ជំនឿ​ថា រក​ឃើញ​ទេ ដោយ​មូលហេតុ​ សួរ​អ្នក​នេះ​ក៏​មិន​ដឹង សួរ​អ្នក​នោះ​ក៏​មិន​ដឹង »។

សកម្មជន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើត​ហេតុ​ការណ៍​នេះ​លោកស្រី​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​ភូមិ​ ឃុំ​ និង​ប៉ូលិស​ប៉ុស្តិ៍ ប៉ុន្តែ​លោក​ស្រី​មិន​សូវ​មាន​សង្ឃឹម​ថា​សមត្ថកិច្ច​រក​ឃើញ​ជន​ប្រព្រឹត្តិ​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្នងការ​នគរបាល​ ខេត្ត​កំពង់ចាម​លោក ឯម កុសល បាន​ទេ នៅ​ថ្ងៃ​ទី១ ខែ​មីនា។ ការ​កាប់​បំផ្លាញ​ស្លាក​គណបក្ស​នេះ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុញ្ញាត​ឲ្យ​គ្រប់​គណបក្ស​ចុះឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី និង​គ្មាន​ការ​រំខាន។​

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ អ្នកស្រី ធីម ណារីន សង្កេត​ឃើញ​ថា​ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ជន​អនាមិក​បាន​ធ្វើ​សកម្មភាព​បំភិតបំភ័យ​លើ​ការ​ធ្វើ​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ក្នុង​នោះ​មាន ការ​ហែក​ស្លាក កាប់​ស្លាក និង​រារាំង​មិន​ឲ្យ​លើក​ស្លាក។ អ្នក​ស្រី​បន្ត​ថា សកម្មភាព​ទាំង​នេះ​​​តែង​កើត​មាន​រាល់​ពេល​ជិត​បោះ​ឆ្នោត។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ទៅ​អាជ្ញាធរ​ចាត់​វិធានការ​លើ​ករណី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​មាន​តម្លាភាព មាន​យុត្តិធម៌​ត្រឹមត្រូវ អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​ជួយ​ពង្រឹង​សុវត្ថិភាព ដល់​គណបក្ស​ដទៃ​ទៀត ដើម្បី​ឲ្យ​គាត់​មាន​សកម្មភាព​ស្មើភាព​គ្នា​ដូច​គណបក្ស​ដទៃ កុំ​ឲ្យ​មាន​ការ​គំរាមកំហែង​ មាន​ការ​បំភិតបំភ័យ ឬ​ការ​ផ្ដួល​ស្លាក​ប្ដូរ​អី ឬ​ក៏​ការ​មិន​អនុញ្ញាត​ឲ្យ​លើក​ស្លាក​ទាំង​អស់​ហ្នឹង »។

ជុំវិញ​ករណី​នេះ​ អនុប្រធាន​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឲ្យ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គណបក្ស​លោក​គ្រោង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ស្នើ​ទៅ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​ជន​ខិលខូច​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក ថាច់ សេដ្ឋា ចាត់​ទុក​ទង្វើ​ទាំង​នេះ​ជា​ការ​គំរាម​កំហែង​និង​ការ​បង្ក​ភាព​អាប់អួ​មុន​ពេល​បោះ​ឆ្នោត៖ «អំពាវ​នាវ ឲ្យ​រដ្ឋាភិបាល​ ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺង​មាត់​និង​មាន​ប្រសិទ្ធភាព​ ដើម្បី​ធានា​ឲ្យ​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​មុន​ការ​បោះ​ឆ្នោត ដើម្បី​ជៀសវាង កុំ​ឲ្យ​មាន​ការ​គំរាមកំហែង​បំភិតបំភ័យ ការ​អូសទាញ ឬ​ក៏​ធ្វើ​ឲ្យ​អាប់អួ​បរិយាកាស​នយោបាយ​មុន​ការ​បោះ​ឆ្នោត »។

លោក​ ថាច់ សេដ្ឋា បន្ត​ថា លោក​មិន​ទាន់​មាន​តួលេខ​រួម​នៃ​ការ​​គំរាមកំហែង ឬ​ការ​បំផ្លាញ​ស្លាក​គណបក្ស​ភ្លើងទៀន​នៅឡើយ​ទេ ប៉ុន្តែ​កន្លង​មក​ករណី​ទាំង​នោះ​ បាន​កើត​ឡើង​នៅ​ខេត្ត​សៀមរាប កណ្ដាល ត្បូង​ឃុំ​ និង​ខេត្ត​កំពង់ចាម។

កំណើន​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​គណបក្ស​ភ្លើង​ទៀន​បែប​នេះ ស្រប​ពេល​ដែល​គណបក្ស​នេះ​ទទួល​បាន​កម្លាំង​មូលដ្ឋាន​ស្ទើរ​ពេញ​ប្រទេស និង​មាន​ការ​ចូលរួម​ពី​ឥស្សរជន​ល្បី​ឈ្មោះ​មួយ​ចំនួន រួម​មាន មេធាវី និង​អ្នក​នយោបាយ​ជើង​ចាស់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ចុង​ក្រោយ​នេះ អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ធ្វើ​លិខិត​សុំ​ចូល​ជា​សមាជិក​គណបក្ស​ភ្លើង​ទៀន។ លិខិត​ចុះ​ថ្ងៃ​ទី១ ខែ​មីនា ក៏​អំពាវនាវ​ទៅ​ពលរដ្ឋ​ខ្មែរ​ចូលរួម​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ឲ្យ​បាន​គ្រប់ៗ គ្នា។

ទាក់ទង​លិខិត​របស់​លោក សុន ឆ័យ នេះ​ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក​ ថាច់​ សេដ្ឋា​ ឲ្យ​ដឹង​ថា​ លោក​បាន​ទទួល​លិខិត​នេះ​ហើយ​ ហើយ​លោក​ស្វាគមន៍​នូវ​វត្តមាន​លោក សុន ឆ័យ ផង​ដែរ។ លោក​ថា គណបក្ស​មិន​ទាន់​បាន​គិតគូរ​ថា​ នឹង​រៀបចំ​ឲ្យ​លោក សុន ឆ័យ កាន់​តួនាទី​អ្វី​ក្នុង​បក្ស​នៅឡើយ​ទេ។ លោក ថាច់ សេដ្ឋា និយាយ​ថា គណបក្ស​ភ្លើង​ទៀន​ពេល​នេះ ប្រៀប​ដូច​ជា​ផ្ទះ​ចាស់​របស់​លោក​ក្នុង​ការ​ប្រមែប្រមូល​អ្នក​ប្រជាធិបតេយ្យ​មក​វិញ។ គណបក្ស​ភ្លើង​ទៀន​មាន​ដើម​កំណើត​​កើត​ចេញ​ពី​លោក​ សម​ រង្ស៊ី បាន​ប្ដូរ​ឈ្មោះ​​ជា​បន្តបន្ទាប់​តាម​បរិបទ​នយោបាយ។ គណបក្ស​នេះ​បាន​ប្ដូរ​ឈ្មោះ​ពី​គណបក្ស សម រង្ស៊ី ​ទៅ​ជា​គណបក្ស​ភ្លើង​ទៀន​វិញ កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៧ ដោយសារ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​មិន​ឱ្យ​ប្រើ​ឈ្មោះ​បុគ្គល​ជា​ឈ្មោះ​បក្ស។ មក​ទល់​ពេល​នេះ មិន​ទាន់​សញ្ញា​ណា​មួយ​ បង្ហាញ​ថា គណបក្ស​នឹង​ចូលរួម​ក្នុង​​ការបោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​ខាង​មុខ​នៅ​ឡើយ​ទេ ដោយសារ​តែ​គណបក្ស​នេះ​អះអាង​ថា បរិយាកាស​នយោបាយ​មិន​ទាន់​មាន​អំណោយ​ផល​ដល់​ការ​បោះ​ឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​អាច​ទទួល​យក​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។