ប៉ូលិសរាជធានីភ្នំពេញ ចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងម្នាក់ទៀត គឺលោក យឹម សារ៉េត ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២៧មីនា។ ប្រពន្ធជនជាប់ឃុំ អះអាងថា ប៉ូលិសចាប់ប្ដីលោកស្រី ពេលលោកកំពុងធ្វើការសំណង់ដោយពុំបានប្រាប់សាច់ញាតិឱ្យបានដឹងឡើយ។
ជំទប់ទី១ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង លោក យឹម សារ៉េត ត្រូវបានប៉ូលិសរាជធានីភ្នំពេញឡោមព័ទ្ធចាប់ខ្លួន នៅពេលកំពុងធ្វើការសំណង់នៅខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៧ មីនា។
ប្រពន្ធជនជាប់ឃុំ លោកស្រី អ៊ុក ចន្ធី ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៨ មីនា ថា ប៉ូលិសបានបញ្ជូនប្ដីរបស់ខ្លួនទៅដាក់ឃុំឃាំងនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញហើយ។ លោកស្រីបន្ថែមថា ការចាប់ខ្លួននេះ ជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ ពីព្រោះប្ដីពុំបានប្រព្រឹត្តខុសច្បាប់អ្វីនោះទេ៖ «គាត់ថាទូរស័ព្ទហ្នឹងគាត់សុំគេទូរស័ព្ទ ហើយគាត់អត់ឱ្យខ្ញុំទូរស័ព្ទទាក់ទងទៅវិញទេ លេខហ្នឹង។ ថ្ងៃនេះខ្ញុំយកថ្នាំលើសឈាមទៅគាត់ ព្រោះអីប្ដីខ្ញុំមានជំងឺលើសឈាម ប៉ូលិសគេថា អាចផ្ញើបាន តែបើចូលទៅជួបគឺមិនអាចទេ។ តាមខ្ញុំរស់នៅមួយជាមួយគាត់រាល់ថ្ងៃ គាត់អត់ដែលមានទៅធ្វើអ្វីទេ គ្រាន់និយាយទូរស័ព្ទលេងហ្វេសប៊ុកអី តែប៉ុណ្ណឹងឯង ហើយគាត់ទៅធ្វើការដូចសព្វដងមិនដែលមានបញ្ហាអីផង ដល់អីចឹងខ្ញុំគិតថាភាពអយុត្តិធម៌ចំពោះគាត់តែម្ដង»។
ប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះបន្ថែមថា ប៉ូលិសចាប់ខ្លួន លោក យឹម សារ៉េត ខណៈកំពុងធ្វើការសំណងនៅក្នុងបូរីមួយកន្លែងនៅរាជធានីភ្នំពេញ។ ជំទប់ទី១ឃុំចន្ត្រី លោក យឹម សារ៉េត បានរត់គេចខ្លួនទៅធ្វើការជាកម្មករសំណង់នៅរាជធានីភ្នំពេញ តាំងតែអំឡុងពេលយុទ្ធនាការបង្ក្រាបសកម្មជនគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៩មក ដោយលោកពុំទាន់ហ៊ានត្រឡប់ទៅផ្ទះវិញនៅឡើយទេ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៨មីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែប្រពន្ធសកម្មជនបក្សប្រឆាំង លោកស្រី អ៊ុក ចន្ធី អះអាងថា ប្ដីរបស់លោកស្រីបានទូរស័ព្ទមកប្រាប់លោកស្រីនៅរសៀលថ្ងៃដែលប៉ូលិសចាប់ខ្លួនថា ប៉ូលិសបានបញ្ជូនលោក យឹម សារ៉េត ទៅដាក់ឃុំនៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ។ លោកស្រីថា ប្ដីរបស់ខ្លួនពុំបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត កត់សំគាល់ថា ចាប់ពីអំឡុងពេលរាតត្បាតជំងឺកូវីដ១៩មក មានប្រជាពលរដ្ឋប្រមាណ ២២នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ក្នុងនោះមាន៧ករណី កំពុងឃុំខ្លួននៅក្នុងពន្ធនាគារ ហើយភាគច្រើនជាសកម្មជនគណបក្សសង្គ្រោះជាតិ ដោយសារតែពួកគេបញ្ចេញរឿងជំងឺកូវីដ១៩។ លោកបន្ថែមថា សកម្មជនគណបក្សប្រឆាំងដែលទើបតែចាប់ខ្លួននេះ គឺជាសំណុំរឿងចាស់កាលពីឆ្នាំកន្លងទៅពាក់ព័ន្ធនឹងយុទ្ធនាការត្រៀមចាំទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុក៖ «ហើយអីចឹងយើងឃើញថា មួយចំនួនការចាប់ខ្លួនហ្នឹងតាមសំណុំរឿងចាស់ ឆ្នាំ២០១៩ហ្នឹង ហើយគេមានដីកាចាប់ខ្លួនអីចឹងទៅ។ ប៉ុន្តែនៅពេលដែលចាប់ខ្លួនហ្នឹងមានអ្នកខ្លះគាត់មិនបានបង្ហាញពីដីកាចាប់ខ្លួនពីរឿងអីនោះទេ។ បើសិនជាការចាប់ខ្លួនមិនមែនជាបទល្មើសជាក់ស្ដែងទេ ហើយមិនបានបង្ហាញដីកាឬក៏ប្រាប់អំពីមូលហេតុនៃការចាប់ខ្លួនហ្នឹងទេវាខុសនីតិវិធីហើយ ពីព្រោះការចាប់ខ្លួនភ្លាមៗបាន វាទាល់តែជាបទល្មើសជាក់ស្ដែង»។
នេះជាសកម្មជនបក្សប្រឆាំងទី៣ហើយ ដែលរដ្ឋាភិបាលក្រុងភ្នំពេញចាប់ខ្លួនជាថ្មី ដោយចោទប្រកាន់ពីទោសក្បត់ជាតិនោះ។ កាលពីយុទ្ធនាការបង្ក្រាបក្រុមបក្សប្រឆាំងអំឡុងឆ្នាំ២០១៩ អាជ្ញាធរក៏បានចាប់សកម្មជនគណបក្សសង្គ្រោះជាតិជិត ១០០នាក់ដាក់គុក ដោយចោទប្រកាន់រួមគំនិតក្បត់ជាតិរួចមកហើយដែរ ក៏ប៉ុន្តែក្រោយមកពួកគេត្រូវបានដោះលែងវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យអាជ្ញាធរដោះលែងអ្នកទោសនយោបាយទាំងអស់ឱ្យមានសេរីភាពវិញ។
ទោះជាយ៉ាងណាលោក អំ សំអាត យល់ថា អំឡុងពេលនេះរដ្ឋាភិបាលគួរតែរួមគ្នាអប់រំប្រជាពលរដ្ឋឱ្យចេះការពារខ្លួន ដើម្បីទប់ស្កាត់កុំឆ្លងជំងឺកូវីដ១៩ ប្រសើរជាងការចាប់ចងមនុស្សដោយសារការបញ្ចេញមតិរឿងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។