សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​នៅ​កំពង់ចាម​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គម្រោង​ចូល​ស្រុក​របស់​លោក សម រង្ស៊ី

0:00 / 0:00

មន្ត្រី​ប៉ូលិស​ខេត្ត​កំពង់ចាម​ចាប់ខ្លួន​យុវជន​គណបក្សប្រឆាំង​ម្នាក់​នៅ​ស្រុក​បាធាយ យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា មន្ត្រី​ប៉ូលិស​បោក​បញ្ឆោត​ស្វាមី​យក​ទៅ​ឃុំខ្លួន​ទាំង​កម្រោល និង​ដោយ​គ្មាន​ដីកា​ពី​តុលាការ​ឡើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចាប់ខ្លួន​របស់​សមត្ថកិច្ច​នេះ​ថា ជា​ទង្វើ​ខុស​ច្បាប់។

ប៉ូលិស​ខេត្ត​កំពង់ចាម​បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ស្រុក​បាធាយ លោក ដុង សុវណ្ណរិទ្ធិ ដោយ​មិន​ដឹង​មូលហេតុ នៅ​ព្រឹក​ថ្ងៃ​ទី១ តុលា។

ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បាធាយ ហៅ​ការ​ចាប់ខ្លួន​របស់​មន្ត្រី​ប៉ូលិស​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ពី​មក​លើ​គ្រួសារ​លោកស្រី​ដោយ​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន។

លោកស្រី ញ៉ន សុខគៀង ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី១ តុលាការ ថា ការ​ចាប់ខ្លួន​នេះ មន្ត្រី​ប៉ូលិស​មិន​បាន​បង្ហាញ​ដីកា​ពី​តុលាការ​ឡើយ ដោយ​មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​បាធាយ ប្រមាណ ៣​នាក់ បាន​បោក​បញ្ឆោត​ប្ដី​របស់​លោកស្រី​ឱ្យ​ជូន​ទៅ​ទិញ​សំបុត្រ​ឡានក្រុង​នៅ​ស្រុក​បាធាយ​មួយ​ភ្លែត ហើយក៏​ចាប់​គាត់​យក​ទៅ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ទៅ​វិញ។ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា កន្លង​មក​ស្វាមី​របស់​លោកស្រី​ជា​មនុស្ស​ស្លូតត្រង់ និង​ចេះ​ជួយ​យក​អាសា​អ្នក​ជិត​ខាង ហើយ​ពុំបាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ៖ «ដល់ពេល​ខ្ញុំ​សួរ​គាត់​ថា ពូ​ឯង​យកប្ដី​ខ្ញុំ​ទៅដល់​ណា​ហើយ អូ​ !​ អា​អូន ម៉េច​បាន​បញ្ជូន​ប្ដី​ខ្ញុំ​ទៅ​ខេត្ត ប្ដី​ខ្ញុំ​ខុស​អី បង​មិន​ដឹង​ខុស​អី​ទេ ព្រោះ​អី​គេ​បញ្ជា​ឱ្យ​បង​ចាប់​បង​ចេះតែ​ចាប់​តាម​គេ ខ្ញុំ​ថា​បង​ឯង​ចាប់​ប្ដី​ខ្ញុំ​មិន​ដឹង​មូលហេតុ​បង​ចេះតែ​ចាប់​ដែរ ហើយ​គាត់​បិទ​ទូរស័ព្ទ​ចោល។ និយាយ​រួម​មនុស្ស​មិនដែល​មាន​រឿង​អី​ផង មនុស្ស​តែ​ត្រី​មួយ​មិន​ហ៊ាន​សម្លាប់​ផង តើ​មាន​កំហុស​អី។ បើ​និយាយ​គិត​មានតែ​រឿង​នយោបាយ​តែមួយ​មុខ​ទេ ព្រោះ​អី​កាលពីមុន​ប្ដី​ខ្ញុំ​ជា​សកម្មជន​បក្ស​សង្គ្រោះជាតិ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក ឯម កុសល ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ពី​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​បានទេ​នៅ​ថ្ងៃ​ទី​១ តុលា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង តែ​ពុំ​មាន​អ្នក​ទទួល។

​រីឯ​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ចាម ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ហេង វុទ្ធី ប្រាប់​អាស៊ីសេរី​ថា លោក​មិន​បាន​ដឹង​ពី​ចាប់ខ្លួន​នេះ​ទេ៖ «ខ្ញុំ​មិនមែន​អ្នក​ចាប់​ទេ បង​ឯង​ទៅ​សួរ​គេ​អ្នក​ចាប់ មិន​ដឹង​ពី​ណា​អ្នក​ចាប់​ផង។ ចុះបើ​ខ្ញុំ​ផែន​ព្រហ្មទណ្ឌ​អត់​មាន​ចាប់​គាត់​ផង អីចឹង​បង​ឯង​សួរ​គេ​ទៅ​ផែន​ណា​ដែល​គេ​ចាប់»។

ទោះជា​យ៉ាងណា​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ប៉ូលិស​ចាប់​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ដីកា​ពី​តុលាការ​គឺជា​ទង្វើ​ខុសច្បាប់ ពីព្រោះ​រាល់​ការ​ចាប់ខ្លួន​ជន​ណា​ម្នាក់ គឺ​ប៉ូលិស​ត្រូវ​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ឱ្យ​សាច់ញាតិ​បាន​ដឹង​ជាមុន មិនមែន​ចាប់​ទាំង​កម្រោល​បែបនេះ​ឡើយ។ លោក​បញ្ជាក់​ថា ការ​ចាប់​មនុស្ស​ដោយ​គ្មាន​ដីកា​ពី​តុលាការ​លុះត្រាតែ​ករណី​បទល្មើស​ជាក់ស្ដែង ដែល​សមត្ថកិច្ច​កំពុង​ដេញ​ចាប់​ជនល្មើស ហើយ​មាន​ជនល្មើស​បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ទីនោះ។ លោក​យល់ថា ការ​ចាប់ខ្លួន​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើនជាង​ការអនុវត្ត​ច្បាប់ ពីព្រោះ​លោក​ថា លោក ដុង វណ្ណរិទ្ធិ ជា​សកម្មជន​បក្ស​ប្រឆាំង​ដែល​តែង​ជួប​ប្រជុំ​គ្នា​ឈឺឆ្អាល​រឿង​នយោបាយ៖ «អ្នក​ដែល​ចាប់ខ្លួន​ព្រឹក​មិញ​នៅ​ខេត្ត​កំពង់ចាម​នេះ​គឺ បាន​ចោទប្រកាន់​ទាក់ទង​នឹង​បទ​ញុះញង់ គឺ​មុន​ខុសគ្នា​អ្នក​ចាប់​ពីមុខ​ៗ​ទេ​។​ដូច្នេះ​ខ្ញុំ​គិត​ថា​រឿង​នេះ​មិនមែន​ជា​រឿង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​នោះ គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ទេ នេះ​គ្រាន់តែ​ការ​មួយ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដែល​ច្បាប់​របស់​កម្ពុជា​បានការ​ពារ​នូវ​សិទ្ធិ​សេរីភាព​ទាំងនេះ»។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣០​នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់ខ្លួន និង​ឃុំឃាំង​ក្នុង​ពន្ធនាគារ ស្រប​ពេល​សកម្មជន​ជាច្រើន​នាក់​ផ្សេងទៀត បាន​រត់​ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ។

លោក នី សុខា លើកឡើង​ថា ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត​នេះ ពុំ​មែន​ជា​ដំណោះស្រាយ​នយោបាយ​ទេ ផ្ទុយទៅវិញ គឺ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ជិត​កន្លះ​នគរ​កាន់តែ​ក្ដៅក្រហាយ ហើយ​ស្អប់ខ្ពើម​រដ្ឋាភិបាល​ទៅវិញ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ដល់​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​ឱ្យ​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់ ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។