អាជ្ញាធរ​របស់​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ

ដោយ ហេង រស្មី
2021-01-26
Share
អាជ្ញាធរ​របស់​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ លោកស្រី ខន ទន់ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកលោកស្រី ខន ទន់

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ស្ត្រី​ថ្ងៃ​សុក្រ និង​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ នៅ​ខេត្ត​ត្បូង​ឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី២៦ មករា ក្រោម​បទចោទ​ញុះញង់។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ ថា ជា​ការ​ធ្វើ​បំភិតបំភ័យ និង​បិទ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។

អ្នកគាំទ្រគណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គឺ​លោក​ស្រី ខន ទន់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៦ មករា។ តុលាការ​បាន​ចោទ​ប្រកាន់​លោក​ស្រី​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​តាម​ដីកា​របស់​តុលាការ​ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​លោក​មិន​បញ្ជាក់​អំពី​សកម្មភាព​ដែល​លោក​ស្រី ខន ទន់ បាន​ប្រព្រឹត្ត​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​នោះ​ទេ៖ «គេ​ចោទ​អីចឹងខ្ញុំ​អនុវត្ត​តាម​ដីកា​តុលាការ គេ​មាន​នីតិវិធី​ប៉ុន្មាន​រឿង​មក​ហើយ គេ​ចេញ​ដីកា​មក​ឱ្យ​អនុវត្ត យើង​អនុវត្ត​ដីកា​ទេ។ សួរ​បញ្ជាក់​អីចឹង អត់​ទទួល​បាន​ទេ»

ទោះ​ជា​យ៉ាង​ណា​កូន​ប្រុស​របស់​លោក​ស្រី ខន ទន់ គឺ​លោក ស៊ាង ឆៃយ៉ា ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ព្រោះ​ម្ដាយ​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។ លោក​បន្ថែម​ថា ម្ដាយ​របស់​លោក​បាន​រត់​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ហើយ​មក​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​រាជធានី​ភ្នំពេញ​ជា​មួយ​លោក​ប្រមាណ ២០ថ្ងៃ​មក​ហើយ៖ «ប្រហែល​ជា​ម៉ោង ១១ ម៉ែ​ខ្ញុំ​គាត់​ទាក់​ទង​មក​ខ្ញុំ។ បើ​តាម​ខ្ញុំ​ដឹង​ប្រហែល​ជា​ទាក់​ទង​រឿង​នយោបាយ ដោយសារ​តែ​គាត់​ចេញ​មុខ​ទាមទារ​ដោះលែង​មនុស្ស ដែល​គេ​ចាប់​នោះ។ ខ្ញុំ​គិត​ថា មិន​មែន​ជា​រឿង​យុត្តិធម៌​ទេ ព្រោះ​អី​គាត់​អត់​មាន​កំហុស​អី​ត្រូវ​ជាប់​ទោស​ទេ។ ខ្ញុំ​ចង់​គេ​ជួយ​រក​យុត្តិធម៌ ដើម្បី​ទាមទារ​ឱ្យ​ការ​ដោះលែង​ម្ដាយ​ខ្ញុំ​មក​វិញ»

លោក ស៊ាង ឆៃយ៉ា ឱ្យ​ដឹង​ថា ភ្លាមៗ ក្រោយ​ពេល​ចាប់​ខ្លួន​ប៉ូលិស​បាន​បញ្ជូន​ម្ដាយ​របស់​លោក​ទៅ​ឃុំ​ខ្លួន​នៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ ដោយ​មិន​បាន​បាន​ប្រាប់​សាច់ញាតិ​ឱ្យ​បាន​ដឹង​នោះ​ឡើយ។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី ខន ទន់ ប្រាប់​អាស៊ី​សេរី​នៅ​មុន​ពេល​ចាប់​ខ្លួន​ថា ប៉ូលិស​មូលដ្ឋាន​ជា​ច្រើន​នាក់ តាម​ចាប់​លោក​ស្រី​ដល់​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​តែ​លោក​ស្រី​បាន​ចូល​រួម​​តវ៉ា​ជា​មួយ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ទាមទារ​ឱ្យ​​មាន​យុត្តិធម៌​សង្គម​នៅ​ក្រុង​ភ្នំពេញ៖ «ខ្ញុំ​នៅតែ​ប្រកាន់​ជំហរ​ដដែល ពី​ព្រោះ​អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ គឺ​ទាមទារ​រក​យុត្តិធម៌ និង​ឱ្យ​គោរព​សិទ្ធិ និង​ប្រជាធិបតេយ្យ ពួក​ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស​ទេ។ អ្វី​ដែល​ធ្វើ​មក​លើ​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតាៗ ដូច​ជា ពួក​ខ្ញុំ​នេះ វា​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​មាន​ការ​ឈឺ​ចាប់ ហើយ​ពួក​ខ្ញុំ​ជា​ម្ចាស់​ប្រទេស ជា​ប្រជាពលរដ្ឋ​សាមញ្ញ​អត់​មាន​សិទ្ធ​និយាយ​ស្ដី អត់​មាន​សិទ្ធ​តវ៉ា។ ចំណុច​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ និង​មាន​ជំហរ​កាន់​តែ​រឹងមាំ​ថែម​ទៀត»

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ចូល​រួម​សម្ដែង​មតិ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​ពុំ​មែន​ជា​អំពើ​ខុស​ច្បាប់​ឡើយ ព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ចាប់​ចង​ពលរដ្ឋ ដែល​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ និង​បើក​លំហ​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​ឡើង​វិញ៖ «អីចឹង​ជា​រួម​មក​ខ្ញុំ​យល់​ថា ការ​ចាប់​ខ្លួន​ទៅ​លើក​អ្នក​គាំ​ទ្រ ឬ​ក៏​សកម្មភាព​ទាមទារ​តវ៉ា​ជួបជុំ​ប្រមូល​ផ្ដុំ​ដោយ​អហិង្សា​​នេះ គឺ​ជា​រឿង​មួយ​ខុស​ច្បាប់​ហើយ។ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ ហើយ​យើង​កុំ​​លើក​យក​បញ្ហា​នីតិរដ្ឋ​មក​និយាយ​មិន​មែន​ជា​អនុវត្ត​ត្រឹមត្រូវ​ទេ»

ចាប់​តាំង​ពី​ឆ្នាំ២០២០ មក​ដល់​ថ្ងៃ​ទី២៦ មករា មាន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន​ សកម្មជន​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ និង​ក្រុម​យុវជន ជិត ៧០នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ រួម​គំនិត​ក្បត់ ញុះញង់ និង​ប្រមាថ​ថ្នាក់​ដឹក​នាំ​ជា​ដើម។

អ្នក​តាម​ដាន​ស្ថានការណ៍​យល់​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ជា​បន្តបន្ទាប់​នេះ ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ដើម្បី​កម្ទេច​សំឡេង​ប្រឆាំង ដែល​នៅ​សេសសល់​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​អស់​ពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល