មន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ទៀតនៅខេត្តបន្ទាយមានជ័យបានភៀសខ្លួនទៅរកកន្លែងសុវត្ថិភាព ក្រោយពីបានទទួលសាលក្រមរបស់តុលាការខេត្តនេះផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ៧ឆ្នាំពីបទរួមគំនិតក្បត់។ មន្ត្រីសង្គមស៊ីវិលយល់ថា រឿងនេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
មន្ត្រីគណបក្សប្រឆាំងដែលកំពុងរត់ភៀសខ្លួននោះ ថ្លែងថា ការភៀសខ្លួននេះ ព្រោះចង់រក្សាកម្លាំងចូលរួមជាមួយសកម្មជនដទៃទៀត ដើម្បីធ្វើសកម្មភាពនយោបាយស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក ផុង សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី៤ តុលាថា នៅពេលនេះលោកបានភៀសខ្លួនដល់កន្លែងមានសុវត្ថិភាពហើយ។ មន្ត្រីគណបក្សប្រឆាំងរូបនេះបន្តថា មូលហេតុដែលលោករត់ភៀសខ្លួន ដោយសារមួយរយៈនេះមានប៉ូលិសជាច្រើននាក់តាមឃ្លាំមើលដល់ផ្ទះរបស់លោកនៅខេត្តបាត់ដំបងជាបន្តបន្ទាប់។មន្ត្រីបក្សប្រឆាំងវ័យ ៤៧ឆ្នាំរូបនេះ បញ្ជាក់ថា លោកមិនបានធ្វើខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ៖ «ខ្ញុំគិតថា មកដល់នេះវាសុវត្ថិភាពបង្គួរហើយ ដែលគ្រាន់បើជាងយើងនៅខាងក្រុងប្រទេស កាលណាយើងក្នុងវាគ្រោះថ្នាក់ធំណាស់ដូចយើងនៅក្នុងហ្វូងខ្លាអ៊ីចឹង។ ប៉ុន្តែមកក្នុងនេះយើងអាចបន្តរិះគន់ ចំពោះទង្វើអាក្រក់ របស់ការដឹកនាំរបបក្រុងភ្នំពេញ។ របបផ្ដាច់ការហ្នឹងខ្ញុំមិននិយាយរដ្ឋាភិបាលទេ ពីព្រោះវាមិនមែនជាឆន្ទៈពិតរបស់ប្រជាពលរដ្ឋ។ ការដឹកនាំដោយប្លន់អំណាចនេះវាមិនមែនជាឆន្ទៈពិតរបស់ប្រជាពលរដ្ឋទេ ដូច្នេះខ្ញុំនៅតែរិះគន់ នៅតែប្រឆាំង រិះគន់ដើម្បីជាតិនិយាយឱ្យច្បាស់ទៅរិះគន់ដើម្បីស្ថាបនាដើម្បីឱ្យគាត់ងាកទៅរកប្រជាធិបតេយ្យឡើងវិញ » ។
ការរត់ភៀសខ្លួនរបស់មន្ត្រីគណបក្សប្រឆាំងនេះ ក្រោយពេលសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចផ្ដន្ទាទោសលោក ផុង សុជាតិ ហៅ ជាតិ ខេមរា ដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំពីបទរួមគំនិតក្បត់ ពាក់ព័ន្ធនឹងការបង្ហោះសារចូលរួមដំណើរវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីខែវិច្ឆិកាឆ្នាំ២០១៩។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក លឹម សុគន្ធរា បានបញ្ជាក់នៅក្នុងសាលក្រមចុះថ្ងៃទី២៦ សីហាថា រឿងនេះជនជាប់ចោទមានសិទ្ធិប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍បានតាមច្បាប់។
ការប្រកាសសាលក្រមនេះ គឺបន្ទាប់ពីតុលាការ បានបើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿងសកម្មជនបក្សប្រឆាំង ៣រូប កាលពីថ្ងៃទី២៦ ខែសីហា ដោយពុំមានវត្តមានរបស់ជនជាប់ចោទ និងមេធាវីការពារក្តី។ ប៉ុន្តែលោក ជាតិ ខេមរា ទើបតែបានទទួលសាលក្រមនេះ នៅថ្ងៃទី១៥ ខែកញ្ញា តាំងពីនោះមកលោកបានភៀសខ្លួន នៅក្នុងស្រុកនឹងឆ្លងដែនទៅដល់ក្រៅប្រទេសហើយនៅថ្ងៃទី២ តុលា។
សំណុំរឿងនេះមានសកម្មជនគណបក្សប្រឆាំង ២នាក់ផ្សេងទៀត គឺសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ឆាំ សុផាន់ និងសកម្មជនម្នាក់ទៀត លោកស្រី ឃុន សាវរ៉ាន ក៏ត្រូវបានតុលាការចេញសាលក្រមផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគារ ៧ឆ្នាំក្រោមបទចោទដូចគ្នាដែរ។ បច្ចុប្បន្នអ្នកទាំងពីរកំពុងភៀសខ្លួននៅក្រៅប្រទេស។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី យល់ថា ការសម្រេចរបស់តុលាការនេះ ជាការគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋ។ លោកបន្តថា រឿងនេះជាសំណុំរឿងចាស់ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសលើកលែងទោសដល់សកម្មជនបក្សប្រឆាំងទាំងនោះហើយ ដូច្នេះតុលាការគួរតែទម្លាក់ចោលការចោទប្រកាន់៖ «ខ្ញុំឃើញរឿងជាច្រើនណាស់នៅក្នុងខេត្តបាត់ដំបងហ្នឹងខាងមន្ត្រីប្រឆាំងជាច្រើននាក់ត្រូវបានកប់ចោលរហូតដល់ឥឡូវ ហើយអ្នកខ្លះដោះលែងនៅក្នុង ៩វិច្ឆិកាមកគាត់អត់មានឃើញកាត់អីដែរ។ អីចឹងបើសិនជាសកម្មជនហ្នឹងនៅស្ងៀមមិនបញ្ចេញមតិអ្វីទាំងអស់អាហ្នឹងប្រហែលជាអាចបាននៅផ្ទះសុខ បើបញ្ចេញមតិគឺមិនអាចនៅផ្ទះមិនអាចនៅជួបជុំក្រុមគ្រួសារបានទេអ៊ីចឹងអាហ្នឹងគឺជាការរឹតត្បិតសេរីភាពបញ្ចេញមតិជាការរឹតត្បិតសេរីភាពហើយ » ។
មន្ត្រីបក្សប្រឆាំងលោក ផុង សុជាតិ និយាយថា រឿងនេះលោកនឹងមិនប្ដឹងទាស់ទៅតុលាការជាន់ខ្ពស់នោះទេ ព្រោះលោកគ្មានជំនឿលើស្ថាប័នតុលាការ។
មកទល់ពេលនេះ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថានជិត ៩០នាក់ ហើយដាក់ក្នុងពន្ធនាគារ ដោយភាគច្រើនចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់។ ក្រៅពីនេះ មានសកម្មជនរាប់សិបនាក់ទៀត កំពុងភៀសខ្លួននៅក្រៅប្រទេសដើម្បីគេចចេញពីការចាប់ខ្លួនក្នុងសំណុំរឿងដូចគ្នានេះដែរ។
អ្នកតាមឃ្លាំមើលបញ្ហាសង្គមចាត់ទុកការចាប់ខ្លួនសកម្មជនទាំងនេះថា ជាការបោសសំអាតអ្នកមាននិន្នាការផ្ទុយពីរដ្ឋាភិបាល ដែលជាឆ្អឹងទទឹកដល់ការដឹកនាំរបស់របបឯកបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។