យុវជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស

0:00 / 0:00

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ទៀត គឺ​លោក ទេព ណារិន ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា ពាក់ព័ន្ធ​ពី​បទ​ធ្វើ​កុបកម្ម​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​ទៅ​នា​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា។

ការ​ឃុំ​ខ្លួន លោក ទេព ណារិន ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​តុលាការ​ចាប់ និង​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ទៀត គឺ​លោក ទេព ណារិន បន្ទាប់​ពី​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ជិត ៣​ខែ​កន្លង​មក។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី បាន​ចេញ​ដីកា​ឲ្យ​ចាប់ និង​ឲ្យ​ឃុំ​ខ្លួន លោក ទេព ណារិន នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា។ ប្រភព​ពី​មន្ត្រី​តុលាការ​បាន​ទម្លាយ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់ និង​ឃុំ​ខ្លួន​នេះ ដោយសារ​តែ លោក ទេព ណារិន ខកខាន​មិន​បាន​ចូល​បង្ហាញ​ខ្លួន​តាម​ដីកា​របស់​តុលាការ​កន្លង​មក។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា លោក ទេព ណារិន បាន​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ តាម​ទម្លាប់​ពីរ​សប្ដាហ៍​ម្ដង តាម​ដីកា​របស់​តុលាការ​ដែល​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ។ ប៉ុន្តែ ពេល​ចូល​ទៅ​បង្ហាញ​ខ្លួន​នោះ ក៏​ស្រាប់​តែ​សមត្ថកិច្ច​ចាប់​ខ្លួន។ លោក​បញ្ជាក់​ថា លោក ទេព ណារិន ពិត​ជា​បាន​ខកខាន​បង្ហាញ​ខ្លួន​ម្តង​មែន​កាល​ពី​ខែ​មុន ប៉ុន្តែ​លោក​បាន​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បង្ហាញ​ខ្លួន​ជំនួស​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្តង៖ «ឥឡូវ​នេះ​ក្រោយ​តែ​ចាប់​ខ្លួន​យុវជន​ម្នាក់​ហើយ គឺ​នៅ​សល់ ២​នាក់​ផ្សេង​ទៀត​ដែរ គិត​ថា​នឹង​អាច​ត្រូវ​បាន​អាជ្ញាធរ​នគរបាល​ស្នងការ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ចាប់​ខ្លួន​នា​ពេល​ខាង​មុខ​ដូច​គ្នា»

លោក ទេព ណារិន គឺ​ជា​យុវជន​មួយ​រូប​ក្នុង​ចំណោម​យុវជន ៣​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន លោក សាន សីហៈ និង​លោក អាន បឋម ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដូច​គ្នា ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា។ ទាំង លោក សាន សីហៈ និង​លោក អាន បឋម ត្រូវ​ចូល​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ តាម​ទម្លាប់​ដូច​គ្នា​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ខាង​មុខ។

លោក សាន សីហៈ បញ្ជាក់​ថា ពួក​គេ​នឹង​មិន​គេចវេស​ពី​ការ​ចូល​បំភ្លឺ​នៅ​ស្នងការ​នោះ​ទេ។ ប៉ុន្តែ ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​ដូច​ករណី លោក ទេព ណារិន នោះ លោក​គិត​ថា​វា​គឺ​ជា​រឿង​នយោបាយ ព្រោះ​កន្លង​មក ពួក​លោក​មិន​ដែល​ខកខាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច តាម​ដីកា​របស់​តុលាការ​ឡើយ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ពន្យល់​ផ្នែក​ច្បាប់​ថា តុលាការ​មិន​អាច​ឈាន​ទៅ​ដល់​ការ​ចេញ​ដីកា​ចាប់​ខ្លួន លោក ទេព ណារិន បាន​ទេ នៅ​ពេល​ដែល​លោក​បាន​ចូល​បំភ្លឺ​នៅ​ព្រះរាជ​អាជ្ញា ហើយ​បាន​ដាក់​លោក​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ប្រព័ន្ធ​តុលាការ។ លោក​បន្ត​ថា លោក ទេព ណារិន ក៏​បាន​ចូល​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ដោយ​មិន​មាន​ចេតនា​ណា​មួយ​គេចវេស មិន​សហការ​ជាមួយ​អាជ្ញាធរ និង​តុលាការ​ទេ។ តែ​ហេតុផល​តែ​មួយ​គត់​ក្នុង​រឿង​ចាប់​ខ្លួន​នេះ គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ៖ «បើ​យើង​និយាយ​ទៅ គឺ​ស្ថានភាព​នយោបាយ​ទេ​ដែល​បង្ខំ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ពួក​គាត់ ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទាំង លោក មាជ សុវណ្ណារ៉ា ទាំង លោក ទេព ណារិន គឺ​ជា​ការ​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​មួយ​ទៀត ទាក់ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​នៅ​បញ្ហា​ចម្រូងចម្រាស​គ្នា​នៅ​ឡើយ​ទាក់ទង ១០​ចំណុច»

រីឯ​ករណី លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ជួប​ចរចា​ជាមួយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ដើម្បី​ស្វែងរក​វិធី​ដោះ​លែង​មន្ត្រី​គណបក្ស​រូប​នេះ​ចេញ​ពន្ធនាគារ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា មិន​ទាន់​មាន​សញ្ញា​វិជ្ជមាន​ទេ​ពី​រឿង​នេះ៖ «ខ្ញុំ​មិន​ទាន់​ទទួល​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ»

មន្ត្រី​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បំពាន​លើ​កិច្ច​ព្រមព្រៀង​នយោបាយ ដែល​បាន​សន្យា​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឲ្យ​មាន​ភាព​ស្ងប់ស្ងៀម និង​បញ្ចប់​រាល់​ជម្លោះ ហើយ​អង្គុយ​ទល់​មុខ​គ្នា​ជជែក​អំពី​កំណែ​តម្រង់​ផ្សេងៗ។ ការ​ចាប់​ខ្លួន​សកម្មជន និង​យុវជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​ជា​ចេតនា​មួយ​បំភិតបំភ័យ​បំបាក់​ស្មារតី​ដល់​សកម្មជន និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ឯ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។