តុលាការរបស់រដ្ឋាភិបាលក្រុងភ្នំពេញចាប់ខ្លួនសកម្មជនបក្សសង្គ្រោះជាតិម្នាក់ទៀត បញ្ជូនទៅឃុំខ្លួននៅពន្ធនាការព្រៃស ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ។ មន្ត្រីអង្គការសង្គមស៊ីវិល ហៅការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះ ថាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
ចៅសង្កាត់ផ្សារដេប៉ួទី៣ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ខណ្ឌទូលគោកលោក ឃឹម ភាណា ត្រូវបានប៉ូលិសខេត្តកណ្ដាលចាប់ខ្លួន ខណៈដែលលោកកំពុងបេះផ្លែស្វាយនៅផ្ទះសាច់ញាតិនៅឃុំរកាកោង ស្រុកមុខកំពូល កាលពីព្រឹកថ្ងៃទី២ មេសា។
ប្រពន្ធជនជាប់ឃុំ អ្នកស្រី សុខ បូលីម៉ា ថ្លែងនៅថ្ងៃទី៣ មេសាថា ប៉ូលិសខេត្តកណ្ដាលជាង ១០នាក់ បានឡោមព័ទ្ធចាប់ប្ដីលោកស្រីកាលពី ម៉ោង ១០ព្រឹកថ្ងៃទី២ មេសា។ លោកស្រីបន្ថែមថា នៅពេលចាប់ខ្លួន ប៉ូលិសបានអានដីការបស់តុលាការ ដោយចោទប្រកាន់ប្ដីរបស់ខ្លួន ពីបទរួមគំនិតក្បត់ជាតិ។ លោកស្រីអះអាងថា ប្ដីជាមនុស្សស្លូតត្រង់ហើយតែងជួយយកអាសាអ្នកជិតខាងជាប្រចាំ និងពុំបានប្រព្រឹត្តសុខច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ៖ «ការចាប់ខ្លួននេះគាត់អត់ដឹងអីហ្មង ប្ដីខ្ញុំស្រឡាំងកាំងហ្មង គាត់ឡើងបេះស្វាយ ដល់អីចឹងខ្ញុំមិនដឹងថាគោលបំណងគេចង់ធ្វើអីយើង ដូចថាភ្ញាក់ផ្អើលតែម្ដង។ខ្ញុំយល់ថា ជារឿងនយោបាយធំជាងហ្មង និយាយរួមទៅវាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិកន្លងមកណាស់ ។ព្រោះខ្ញុំមិនអាចទទួលយកបាន គឺគណបក្សប្រឆាំងអត់មានខុសអីទាំងអស់ ដល់អីចឹងទៅខ្ញុំជាប្រពន្ធខ្ញុំមិនអាចទទួលយកបានទេ » ។
លោកស្រីបន្តថា ភ្លាមៗ ក្រោយពីប៉ូលិសចាប់ខ្លួនប្ដី គឺលោកស្រីបានតាមរកប្ដីដល់មុខសាលាដំបូងរាជធានីភ្នំពេញ ដោយមន្ត្រីតុលាការម្នាក់បានប្រាប់លោកស្រីថា ប្ដីរបស់ខ្លួនត្រូវបានបញ្ជូនទៅដាក់ឃុំឃាំងនៅពន្ធនាគារព្រៃសហើយ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣ មេសា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា យល់ថា ការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តន៍ច្បាប់ ពីព្រោះបទចោទប្រកាន់ធ្ងន់ធ្ងរហាក់ខុសពីការពិត។ ទោះជាយ៉ាងណាលោកយល់ថា ការចាប់ខ្លួននេះនឹងផ្ដល់ប្រយោជន៍ដល់កម្ពុជាឡើយ ផ្ទុយទៅវិញកាន់តែធ្វើឱ្យអង្គការជាតិ និងអន្តរជាតិថ្កោលទោសដល់រដ្ឋាភិបាលកម្ពុជាថា ជាប្រទេសមិនគោរពសិទ្ធិមនុស្សទៅវិញទេ៖ «ដែលគេមើលឃើញយ៉ាងច្បាស់ថា កម្ពុជាយើងហ្នឹងជាប្រទេសមួយកាន់តែ ចាកឆ្ងាយពីសង្គមប្រជាធិបតេយ្យហើយនឹងសិទ្ធិមនុស្សនេះ។ អីចឹងយើងគួរតែបញ្ចប់នូវអំពើទាំងអស់ហ្នឹងហើយយើងងាកមករួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយការរាតត្បាតពីជំងឺកូវិដ១៩ ដែលពិភពលោកកំពុងព្រួយបារម្ភវាជារឿងមួដែលគេអបអរសាទរជាជាងទៅចាត់វិធានការសកម្មជននយោបាយក្នុងន័យរូបភាព ធ្វើទុក្ខបុកម្នេញ គំរាមកំហែង បំបាក់ស្មារតីបន្តទៀត » ។
ចាប់តាំងពីជំងឺកូវិដ១៩ រាតត្បាតខ្លាំងនៅលើពិភពលោកមក រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៨នាក់ ហើយដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់តែមួយ គឺរួមគំនិតក្បត់ជាតិ និងពីបទញុះញង់ឱ្យប្រព្រឹត្តបទបទល្មើស។ អ្នកដែលត្រូវចាប់ខ្លួនទាំងនោះ រួមមាននៅខេត្តព្រៃវែង ៣នាក់ ស្វាយរៀង ២នាក់ ខេត្តកំពង់ឆ្នាំង ២នាក់ ក្នុងនោះប្រធានគណបក្សសង្គ្រោះជាតិខេត្តនេះម្នាក់ផង គឺលោក កែវ ថៃ និងម្នាក់ទៀត ជាសកម្មជនបក្សប្រឆាំងនៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។