មន្ត្រីជាន់​ខ្ពស់​​បក្សប្រឆាំង​​ពីរ​រូប​​រងការ​​រិះគន់​​រឿង​សុំ​សិទ្ធិធ្វើនយោបាយ​​ពី​របប​​ក្រុង​ភ្នំពេញ​

0:00 / 0:00

អ្នក​វិភាគ​នយោបាយ​ លើកឡើងថា​ ករណី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​​មួយ​ចំនួន ​ស្នើសុំសិទ្ធិ​ធ្វើ​នយោបាយ​​ជា​បន្តបន្ទាប់​​ក្នុង​ស្ថានភាព​​បច្ចុប្បន្ននេះ​​ មិន​​មាន​​លក្ខណៈ​អំណោយផល​​សម្រាប់​​ពួកគាត់​​នោះ​ទេ ​ព្រោះ​​លំហប្រជាធិបតេយ្យ​នៅ​បន្ត​រួម​តូច និង​ស្ថិត​ក្រោម​ការ​រឹតត្បិត​​នៅ​ឡើយ។​

ការលើក​ឡើងនេះ ​គឺបន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ទៀត ​រួមមាន​​លោក​ ប៉ុល ហំម ​និង​​លោក ​ផាន់ ច័ន្ទសាក់ ​បាន​​ដាក់​លិខិត​​ស្នើសុំ​សិទ្ធិធ្វើ​​នយោបាយ​​ពី​របប​​លោក ហ៊ុន សែន ​ឡើងវិញ​​នៅថ្ងៃទី១៨ ​ខែឧសភា។

អ្នកឯកទេស​​​ខាង​​វិទ្យាសាស្ត្រ​នយោបាយ ​និង​ទំនាក់​ទំនង​អន្តរជាតិ​សាស្ត្រចារ្យ​ ឯម សុវណ្ណរ៉ា ​ថ្លែងថា ​លោក​ ប៉ុល ហំម​ និង​លោក ​ផាន់ ច័ន្ទសាក់ ​ទំនងជា​សុំសិទ្ធិធ្វើ​នយោបាយ​​ដើម្បី​ចូលរួម​ជាមួយ​​គណបក្ស​កែទម្រង់កម្ពុជា ​ដែល​បង្កើត​ឡើង​​ដោយ​​មន្ត្រី​បក្សប្រឆាំង​​មួយរូប​ទៀត​​គឺ​​លោក អ៊ូ ច័ន្ទរ័ត្ន។ ទោះជាយ៉ាងណា ​លោក ​យល់​ថា ប្រសិន​បើ​គ្មានការ​ជួយជ្រោមជ្រែង​​ពី​មេបក្សប្រឆាំង​​ទាំងពីរ​ ​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ទេ ​គណបក្សថ្មីៗ​​របស់​​មន្ត្រីបក្សប្រឆាំង​ទាំង​នេះ​​ នឹងមិន​​ទទួល​បាន ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​​ដូច​​គណបក្ស​ចំនួន ១៩ ​ផ្សេងទៀត ​ដែលបាន​ចូលរួម​​ការ​បោះ​ឆ្នោ​ត​​កាលពី​​ឆ្នាំ២០១៨៖ «ខ្ញុំគិតថា ​ការចូលរួម​សុំសិទ្ធិធ្វើនយោបាយ​​ជាបន្តបន្ទាប់នេះ ​មិនមាន​ជាលក្ខណៈ​អំណោយ​ផលសម្រាប់​ពួកគាត់ទេ​ លុះត្រា​ការលើកឡើងរបស់​សហគមន៍​អន្តរជាតិ​​​កន្លង​មក​​ មាន​សហគមន៍​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក ​ឲ្យបើកលំហសេរីភាព​ឡើងវិញ ​ពាក់ព័ន្ធ​នឹង​សំឡេង​រិះគន់ ​ឧទាហរណ៍ ​ដូចជា​​សារ​ព័ត៌មាន​អាស៊ី​សេរី​ជាដើម។ ទាល់តែ​មាន​យន្តការ​បែបហ្នឹង ​ទើបគាត់​មានលទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​​បានច្រើន។ បច្ចុប្បន្ននេះ​ ឱកាស​​ប្រកួតប្រជែង គឺ​តិចតូច​ណាស់»

អនុប្រធាន​​គណបក្សសង្គ្រោះ​ជាតិ​លោក ប៉ុល ហំម ​សុំមិនទាន់​ធ្វើ​អត្ថាធិប្បាយ​​ជុំវិញ​ការសុំសិទ្ធិធ្វើ​នយោបាយ​​នេះ​ទេ។ អ្នកប្រើប្រាស់​​បណ្តាញ​សង្គម​ហ្វេសប៊ុក​(Facebook) មួយចំនួន​ដែលជា​អ្នកគាំទ្រ ​និង​ជា​សកម្មជនបក្សប្រឆាំង​​នៅតាមមូលដ្ឋាន ​បាន​បង្ហោះសារ​រិះគន់​ជាបន្តបន្ទាប់​ថា ការ​​សុំសិទ្ធិធ្វើ​នយោបាយ​ពី​របបលោក​ ហ៊ុន សែន នេះ ​គឺជា​ទង្វើក្បត់​ឆន្ទៈរាស្ត្រ។

គិត​​ចាប់​តាំងពី​​របប​ក្រុង​​ភ្នំពេញ​​រំលាយ​​បក្ស​សង្គ្រោះ​ជាតិ​​រហូត​ដល់​ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២១នេះ ​មាន​​មន្ត្រី​ជាន់ខ្ពស់ចំនួន ២៤ នាក់ ហើយ​ក្នុង​ចំណោម ១១៨​នាក់ បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​​នយោបាយ​​ឡើងវិញ។ ​មន្ត្រីមួយចំនួន​ដែ​ល​សម្រេចចិត្ត​សុំសិទ្ធិ​ធ្វើ​នយោ​បាយនេះ ​​គឺបន្ទាប់​ពីមាន​ការ​ធ្វើ​ទុក្ខបុកម្នេញឥត​ឈប់​ឈរ​​ទៅ​លើមន្ត្រី និង​សកម្មជនគណ​បក្ស​​សង្រ្គោះ​ជាតិតា​មរូបភាព​ផ្សេងៗ​​ពីសំណា​​ក់​​អាជ្ញាធរ​របប​ក្រុង​​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។