សាលាឧទ្ធរណ៍ក្រុងភ្នំពេញ សម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់សមាជិកគណបក្សប្រឆាំង ១០នាក់ បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ។ មេធាវី និងសាច់ញាតិ ចាត់ទុកសេចក្ដីសម្រេចនេះថា ជារឿងអយុត្តិធម៌ និងមិនអនុវត្តតាមគោលការណ៍ច្បាប់។
ប្រធានក្រុមប្រឹក្សាជំនុំរបស់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ លោក សួស សំអាត សម្រេចឲ្យសមាជិកបក្សប្រឆាំងទាំង ១០នាក់ បន្តជាប់ឃុំនៅពន្ធនាគារព្រៃស (ម១) ដដែល ដោយសំអាងថា សំណុំរឿងនេះ មានវិសាលភាពធំធេង និងមិនទាន់បិទបញ្ចប់ដំណើរការស៊ើបអង្កេតនៅឡើយ។
មេធាវីការពារក្ដីឲ្យសមាជិកបក្សប្រឆាំងទាំង ១០នាក់ លោក សំ សុគង់ មានប្រសាសន៍ថា សេចក្ដីសម្រេចរបស់តុលាការនេះ គឺជារឿងអយុត្តិធម៌ មិនអាចទទួលយកបានទេ ។ លោកបន្តថា កូនក្តី របស់លោក សុទ្ធតែមានហេតុផល និងលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានសិទ្ធិរស់នៅក្រៅឃុំ បណ្ដោះអាសន្ន ដូចជាពួកគេ មានជំងឺប្រចាំកាយ មានមុខរបរ និងទីលំនៅច្បាស់លាស់ និង សន្យា មិនគេចវេះជាដើម៖ « សេចក្ដីសម្រេច របស់សាលាឧទ្ធរណ៍នៅរសៀលនេះគឺមិនអាចទទួលយកបាន ហើយគ្មានភាពយុត្តិធម៌ដល់កូនក្ដីរបស់ខ្ញុំបាទទាំង ១០នាក់ ដែលប្រជាជនសាមញ្ញ ធម្មតាគ្មានឥទ្ធិពល គ្មានអំណាចអីដែលធ្វើឲ្យរាំងស្ទះ ឬបង្កឲ្យការលំបាកដល់ការស៊ើបអង្កេតនោះទេ » ។
សមាជិកគណបក្សប្រឆាំងទាំង ១០នាក់នេះ រួមមាន លោក សុខ ចាន់ថា លោក ញ៉ែម វាន លោក ជុំ ចាន់ លោក ឃុត ច្រឹប លោក កែវ ថៃ និងលោក ឃឹម ភាណា ជាដើម។ អ្នកទាំង ១០នាក់ ត្រូវ បានរបបក្រុងភ្នំពេញចាប់ខ្លួន ជាបន្តបន្ទាប់ ចាប់តាំងពីខែមករា ឆ្នាំ២០២០។ តុលាការ បានចោទ ប្រកាន់ពួកគេដូចៗ គ្នាគឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស (ម១)។
ភរិយារបស់ប្រធានគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងលោក កែវ ថៃ គឺលោកស្រី សំ ចិន្តា សម្ដែងការសោកស្ដាយ ដែលតុលាការជាន់ខ្ពស់មួយនេះ មិនអាចផ្ដល់ការកាត់សេចក្ដីដែលត្រឹមត្រូវមួយ។ លោកស្រីបន្តថា ការសម្រេចសេចក្ដីបែបនេះ បានផ្ដល់ការឈឺចាប់យ៉ាងខ្លាំងដល់គ្រួសារលោកស្រី៖ « តុលាការកាត់ក្តីឲ្យប្តីខ្ញុំនេះ គឺអត់ត្រឹមត្រូវ និងអត់យុត្តិធម៌ ចំពោះអ្នកដែលអត់មានទោស។ ក្រុមគ្រួសាររឹតតែពិបាកចិត្ត និងមានការឈឺចាប់យ៉ាងខ្លាំង » ។
រីឯអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ទទួលស្គាល់ថា ករណីសមាជិកបក្សប្រឆាំងទាំងនេះ គឺមានលក្ខណៈសមស្របតាមផ្លូវច្បាប់ក្នុងការទទួលបានសិទ្ធិ រស់នៅក្រៅឃុំបណ្ដោះអាសន្ន។ លោកយល់ថា នៅពេលតុលាការមិនអនុញ្ញាតឲ្យពួកគាត់រស់នៅ ក្រៅឃុំតាមការស្នើសុំបែបនេះ កាន់តែធ្វើឲ្យសាធារណជនយល់ថា ករណីនេះ គឺជារឿងនយោបាយ៖ « បើសិនជាស្ថានភាពនយោបាយនៅតែបែបនេះ សកម្មជននៃអ្នកនយោបាយទាំងអស់នេះ នៅតែបន្តរងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់អ៊ីចឹងហើយ ដូច្នេះមិនមែនជារឿងអីចម្លែកទេ ចំពោះសំណុំរឿងនយោបាយអ៊ីចឹងនោះ លុះត្រាតែស្ថានភាពនយោបាយ មានសភាពធូរស្រាល ទើបពួកគាត់អាចនឹងមានសេរីភាពឡើងវិញ » ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ថា រដ្ឋាភិបាលកម្ពុជា គួរតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំង ហើយប្រញាប់កែលម្អស្ថានការណ៍នយោបាយ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីរក្សាបានទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់សហភាពអឺរ៉ុប និងមានឱកាស បានរើខ្លួនរួចចេញពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩។
ចាប់តាំងពីដើមឆ្នាំ២០២០ មក មានសកម្មជនបក្សប្រឆាំងជិត ២០នាក់ ត្រូវតុលាការចាប់ដាក់ពន្ធនាគាររ ហើយជិត ២០នាក់ផ្សេងទៀត ត្រូវជនបិទមុខវាយឱ្យរងរបួសនៅតាមដងផ្លូវ។
ទោះជាយ៉ាងណា មេធាវីការពារក្តីឲ្យសមាជិកបក្សប្រឆាំងទាំង ១០នាក់ ឲ្យដឹងថា លោក នឹងចូលជួបកូនក្ដីក្នុងពន្ធនាគារនៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីផ្លូវច្បាប់និងសិទ្ធិដែលពួកគេត្រូវមានក្នុង ការប្ដឹងសុំនៅក្រៅឃុំទៅតុលាការកំពូលបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។