ព្រះរាជអាជ្ញា នៃមហាអយ្យការ អមសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១៥ ឧសភា បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងបទញុះញង់ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងបទញុះញង់ឱ្យមានការរើសអើង។
មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា ម្នាក់ គឺលោកមេធាវី សំ សុគង់ ខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ដើម្បីព្យាបាលជំងឺ។ លោកបន្តថា នៅក្នុងសវនាការ លោក ថាច់ សេដ្ឋា បានបំភ្លឺទៅតុលាការវិញថា ការលើកឡើងរបស់លោក គឺជាការពិត ដោយផ្អែកលើប្រវត្តិសាស្ត្រ និងក្នុងនាមជាអនុប្រធានគណបក្សភ្លើងទៀន។
មេធាវី សំ សុគង់៖ «ក្រុមមេធាវីនឹងជួបជាមួយកូនក្ដី ដើម្បីពិភាក្សា ហើយនិងធ្វើបណ្ដឹងសាទុក្ខ ជូនកូនក្ដីទៅតាមផ្លូវច្បាប់ » ។
លោក ថាច់ សេដ្ឋា បានទៅបំពេញទស្សនកិច្ច និងជួបអ្នកគាំទ្រគណបក្សភ្លើងទៀន នៅប្រទេសជប៉ុនកាលចុងឆ្នាំ២០២២ និងនៅប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០២៣។ កាលនោះ លោកក៏បានថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្ររបស់លោកផងដែរ។
កាលពីខែមករា លោក ថាច់ សេដ្ឋា បានថ្លែងនៅមុខអ្នកគាំទ្ររបស់ប្រទេសខ្លួននៅប្រទេសកូរ៉េខាងត្បូង ដោយលោករិះគន់ថា ប្រទេសដែលដឹកនាំដដែលយូរឆ្នាំមិនបានធ្វើឱ្យជាតិរីកចម្រើនឡើយ។ លោកក៏ទាមទារឱ្យមានការធ្វើច្បាប់ កំណត់អាណត្តិនាយករដ្ឋមន្ត្រី និងកែទម្រង់ប្រព័ន្ធតុលាការ។
ទំនងជាការថ្លែងរបស់លោក ថាច់ សេដ្ឋា បែបនេះហើយ ដែលតុលាការក្រុងភ្នំពេញយកធ្វើមូលដ្ឋានចោទប្រកាន់លោក ថាច់ សេដ្ឋា ពីបទញុះញង់។ ទោះយ៉ាងណា លោក ថាច់ សេដ្ឋា បានបំភ្លឺជូនតុលាការ នៅព្រឹកទី១០ ខែឧសា ថា ការថ្លែងសាររបស់លោកនៅក្រៅប្រទេសកាលពីដើមឆ្នាំ២០២៣ គឺសិទ្ធិបញ្ចេញមតិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
សមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នៅថ្ងៃល្ងាចថ្ងៃទី១៦ មករា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកអត់លុយចំនួនប្រាំសន្លឹក។ សង្គមស៊ីវិល និងមហាជនថា និងប្រជាពលរដ្ឋ យល់ឃើញថា ការចោទប្រកាន់របស់តុលាការ មកលើលោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងផ្ទួនៗគ្នាបែបនេះ គឺមានចរិតនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។