សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ណាក់

0:00 / 0:00

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ជំនាញ​កសិកម្ម និង​អ្នក​រិះគន់​បញ្ហា​សង្គម លោក នី ណាក់។ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នី ណាក់ សោកស្ដាយ ដែល​សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​នៅ​ក្រៅ​ឃុំ ដោយ​លោក​ថា នេះ គឺ​ជា​ការ​ដើរ​ផ្ទុយ​នឹង​ស្មារតី​ច្បាប់​ ដែល​ធានា​ថា ជន​ត្រូវ​ចោទ​មាន​សិទ្ធិ​នៅ​ក្រៅ​ឃុំ។

ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក គី ឫទ្ធី នៅ​ថ្ងៃ​ទី៦ ខែសីហា បាន​ប្រកាស​សាលដីកា​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ណាក់ ភ្លាមៗ ក្រោយ​ពី​បញ្ចប់​សវនាការ​ក្នុង​ពេល​ជា​មួយ​គ្នា ដោយ​អះអាង​ថា សំណុំ​រឿង​នេះ ទុក​ឱ្យ​តុលាការ​ចាត់​វិធានការ​តាម​នីតិវិធី។ សវនាការ​នេះ ពុំ​មាន​វត្ត​មាន​លោក នី ណាក់ នោះ​ទេ គឺ​មាន​តែ​មេធាវី​ការពារ​ក្ដី​ប៉ុណ្ណោះ។

មេធាវី​ការពារ​ក្ដី​លោក នី ណាក់ គឺ​លោក ជូង ជូងី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៦ ខែសីហា ថា សាលា​ឧទ្ធរណ៍​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្ដី​លោក គឺ​លោក នី ណាក់ ក្រោយ​ពី លោក​បាន​ដាក់​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ កាល​ពី​ចុង​ខែកក្កដា។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ថា ការ​សម្រេច​របស់​ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ​បដិសេធ​បណ្ដឹង​នៅ​ក្រៅ​ឃុំ​នេះ គឺ​ជា​ការ​ដើរ​ផ្ទុយ​ទៅ​នឹង​ មាត្រា២០៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

លោក ជូង ជូងី៖«សាលាឧទ្ធរណ៍​មិន​បាន​ពិចារណា មាត្រា ២០៣ នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​ដែល​និយាយ​ជា​គោលការណ៍​ថា ជន​ត្រូវ​ចោទ ត្រូវ​តែ​មាន​សេរីភាព ហើយ​សាលាឧទ្ធរណ៍​គេ​និយាយ​ថា​ រក្សា​លោក នី ណាក់ ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិ​វិធី ដូច្នេះ​ហើយ ទើប​មិន​ដោះ​លែង»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាងម៉េង ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៦ ខែសីហា។

ទាក់ទិន​រឿង​នេះ មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត ដែល​ចូល​ស្ដាប់​សវនាការ​ដែរ​នោះ សង្កេត​ឃើញ​ថា សវនាការ​មក​លើ​លោក នី ណាក់ នេះ ពុំ​មាន​ការ​ជជែក​ដេញដោល​អ្វី​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ បាន​ប្រកាស​ឈ្មោះ និង​លើក​ឡើង​អំពី​សំណុំ​រឿង​មួយ​ចំនួន​ ពាក់ព័ន្ធ​បទ​ចោទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការរើសអើង» ហើយ​ក្រោយ​មក ក៏​ប្រកាស​សម្រេច​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​​តែ​ម្ដង។

តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​សង្កេត​ឃើញ​ថា កន្លង​ទៅ​តុលាការ​ឃុំ​ខ្លួន​លោក នី ណាក់ ដើម្បី​ស៊ើប​អង្កេត និង​បើក​សវនាការ ក៏ប៉ុន្តែ សវនាការ​នៅ​ថ្ងៃ​ទី៦ ខែសីហា នេះ បែរ​ជា​មន្ត្រី​ពន្ធនាគារ​ពុំ​ដឹក​លោក នី ណាក់ មក​ចូល​រួម។ បន្ថែម​ពី​នោះ លោក​ថា ចំពោះ​ការ​រក​ភស្តុតាង​របស់​តុលាការ ដាក់​បន្ទុក​លើ​លោក នី ណាក់ កន្លង​ទៅ ក៏​មាន​ភាព​មិន​ច្បាស់លាស់​ផង​ដែរ ដោយ​យក​សារ​បញ្ចេញ​មតិ​របស់​អ្នក​ដទៃ នៅ​លើ​ហ្វេសប៊ុក លោក នី ណាក់ មក​ដាក់​បន្ទុក ដែល​ការណ៍​នេះ ហាក់​ពុំ​សម​ទំនង​ទាល់​តែ​សោះ។ លោក​បន្ត​ថា តុលាការ​គួរតែ​ពិចារណា ហើយ​ដោះលែង​លោក នី ណាក់ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក យី សុខសាន្ត៖«ភាគ​ច្រើន​គាត់​យក​ខម្មិន(Comments)គេ​ជេរ គេ​ថា​ឱ្យ ដែល​មិន​មែន​ជា​សម្ដី​លោក នី ណាក់ ទេ។ លោក នី ណាក់ គាត់​និយាយ​ពាក់ព័ន្ធ​តែ​ដីធ្លី ប៉ុន្តែ ព្រះរាជអាជ្ញា គាត់​យក​ខម្មិន(Comments)ជា​ច្រើន ឬ ក៏​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ហ្នឹង គាត់​យក​ខម្មិន​ជា​ច្រើន នៅ​លើ​ហ្វេសប៊ុក លោក នី ណាក់ នឹង​យក​មក​ចោទ​លោក នី ណាក់ ទៅ​វិញ។ តាម​ពិត​មិន​មែន​ជា​សម្ដី​លោក នី ណាក់ ទេ។ នេះ​ជា​អ្វី ដែល​យើង​កត់សម្គាល់​មើល​ឃើញ»។

កាល​ពីថ្ងៃទី៥ ខែ​មករា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ញឹម ពិសាល បាន​ឃុំ​ខ្លួន​អ្នក​ជំនាញ​កសិកម្ម និង​ជា​អ្នក​អត្ថាធិប្បាយ​បញ្ហា​សង្គម លោក នីណាក់ នៅ​ពន្ធនាគារ​ព្រៃស ហើយ​ក្រោយ​មក បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ត្រពាំងផ្លុង ក្នុង​ខេត្តត្បូងឃ្មុំ ក្បែរ​ព្រំដែន​វៀតណាម រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ពី​បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន ការរើសអើង» ក្រោម​បណ្ដឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​រឿង​កាត់​ដី ៩១ហិកតា នៅ​ខេត្ត​កំពត ឱ្យ​ទៅ​បុគ្គល​ឈ្មោះ ហេង សួរ។

កាល​ពី​ថ្ងៃ​ទី២៩ ខែកក្កដា លោក​ក៏​ត្រូវ​បាន​សហ​មេធាវី​ការពារ​ក្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២ពាន់​លាន​រៀល ឬ​ជិត ៥០ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​លោក នី ណាក់ ក្នុង​សំណុំរឿង ពាក់ព័ន្ធ​នឹង​បទ​ញុះញង់ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។