សាលាឧទ្ធរណ៍ភ្នំពេញបានលើកយកសំណុំរឿងពីរដាច់ដោយឡែកពីគ្នា យកមកជំនុំជម្រះនៅថ្ងៃទី៣ វិច្ឆិកានេះ។ ក្នុងនោះមួយ ជាសំណុំរឿងរបស់ក្រុមស្ត្រីក្លាហាន ទាក់ទងនឹងការប្រមូលផ្ដុំគ្នាតវ៉ានៅមុខស្ថានទូតចិន រីឯមួយទៀតជាសំណុំរឿងរបស់សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិច។ សាលាឧទ្ធរណ៍គ្រោងប្រកាសសាលដីកាសំណុំរឿងលោក អាឡិច នៅសប្ដាហ៍ក្រោយ ប៉ុន្តែសំណុំរឿងក្រុមស្ត្រីក្លាហានវិញត្រូវបានលើកពេលតាមសំណើរបស់មេធាវី។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ លោក ប្លង់ សំណាង សាកសួរក្រុមស្ត្រីក្លាហានបានបន្តិចអំពីអង្គហេតុនៃការប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខស្ថានទូតចិន កាលពីថ្ងៃទី ២៣តុលា ឆ្នាំ២០២០។ ប៉ុន្តែការសាកសួរលម្អិតទៀតនោះ នឹងត្រូវធ្វើឡើងនៅពេលក្រោយ ពីព្រោះសវនាការនេះត្រូវបានភាគីជនជាប់ចោទ និងមេធាវីស្នើសុំពន្យារពេល។
មេធាវីការពារក្ដីឱ្យក្រុមស្ត្រីក្លាហាន លោក សំ សុគង់ ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុនៃការស្នើសុំពន្យារពេលនេះ គឺដោយសារក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការរឿងក្ដីផ្សេងទៀត ធ្វើឱ្យសល់ពេលតិចតួចសម្រាប់សំណុំរឿងកូនក្ដីរបស់លោក។ លោកបញ្ជាក់ថា សំណុំរឿងនេះមានជនជាប់ចោទច្រើននាក់ ដូច្នេះការប្រើពេលវេលាដ៏ខ្លីដើម្បីជំនុំជម្រះនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិកូនក្ដីរបស់លោក៖ « សាលាឧទ្ធរណ៍គួរតែទុកពេលវេលាឱ្យបានវែង ដើម្បីឱ្យកូនក្ដីដែលមានចំនួនច្រើន មានពេលវេលាគ្រប់គ្រាន់ក្នុងការពារខ្លួនឯង ក្នុងការបង្ហាញភស្តុតាង ហើយនិងពេលវេលាសម្រាប់មេធាវីក្នុងការការពារក្ដី។ កាលណាសាលាឧទ្ធរណ៍បើកសវនាការក្នុងរយៈពេលខ្លី ហើយលឿនពេក វាប៉ះពាល់ដល់សិទ្ធិទទួលបានសវនាការមួយត្រឹមត្រូវ និងយុត្តិធម៌របស់ជនជាប់ចោទ » ។
អាជ្ញាធរពន្ធនាគារបានបញ្ជូនក្រុមស្ត្រីក្លាហានដែលធ្លាប់ទាមទារយុត្តិធម៌សង្គម មានដូចជា លោកស្រី ហុង អាន លោកស្រី លឹម សាន លោកស្រី យ៉យ ស្រីមុំ លោកស្រី ប៉ៃ រ៉េន លោកស្រី សាន ស្រីនាថ និងសមាជិកបក្សប្រឆាំងម្នាក់ទៀត គឺលោក តុន និមល ទៅកាន់សាលាឧទ្ធរណ៍។ អាជ្ញាធរបានអនុញ្ញាតឱ្យក្រុមគ្រួសារជនជាប់ឃុំទាំងនេះបានជួបសួរសុខទុក្ខ និងបង្ហាញក្ដីនឹករលឹកដល់គ្នាទៅវិញទៅមក។
កូនស្រីរបស់លោកស្រី យ៉យ ស្រីមុំ គឺលោកស្រី ខុម ស្រីល័ក្ខ ថ្លែងថា ការចោទប្រកាន់ និងឃុំខ្លួនម្ដាយរបស់លោកស្រីរយៈពេលជាងមួយឆ្នាំមកនេះ គឺជារឿងអយុត្តិធម៌។ លោកស្រីស្នើដល់សាលាឧទ្ធរណ៍ឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងម្ដាយរបស់លោកស្រី ព្រមទាំងសកម្មជនដទៃទៀត ឱ្យមានសេរីភាពវិញ៖ « គាត់ជាប្រជាពលរដ្ឋ ជាកសិករ ហើយយកគាត់មកដាក់គុករយៈពេលមួយឆ្នាំ ដោយរងនូវភាពអយុត្តិធម៌។ ខ្ញុំមិនទទួលយកបានទេភាពអយុត្តិធម៌មកលើប្រជាពលរដ្ឋ » ។
តុលាការក្រុងភ្នំពេញបានកាត់ទោសក្រុមស្ត្រីក្លាហាន និងសមាជិកបក្សសង្គ្រោះជាតិសរុប ៩នាក់ ក្នុងនោះរួមទាំងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ផងដែរ គឺលោក ហូរ វ៉ាន់ ឱ្យជាប់ពន្ធនាគារ ចន្លោះពី ១២ ខែដល់ ២០ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង «ផ្ដើមគំនិតក្នុងអំពើញុះញង់» ពាក់ព័ន្ធនឹងការតវ៉ាដោយសន្តិវិធីនៅខាងមុខស្ថានទូតចិន កាលពីឆ្នាំ ២០២០។
ទាក់ទងនឹងសំណុំរឿងរបស់សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ (Spanish) លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) វិញ ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បានបើកសវនាការចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី៣ វិច្ឆិកា។
មេធាវីការពារក្ដីឱ្យលោក អាឡិច គឺលោក សំ ចំរើន ប្រាប់វិទ្យុអាស៊ីសេរីថា តំណាងមហាអយ្យការបានស្នើដល់ក្រុមប្រឹក្សាជំនុំជម្រះឱ្យតម្កល់សាលក្រមផ្ដន្ទាទោសលោក អាឡិច ទុកជាបានការដដែល ខណៈមេធាវីបានការពារថា សកម្មភាពរបស់លោក អាឡិច មិនមែនជាអំពើល្មើសច្បាប់ដូចការចោទប្រកាន់នោះឡើយ។ លោកបញ្ជាក់ថា សាលាឧទ្ធរណ៍សម្រេចយកថ្ងៃទី ១២វិច្ឆិកា ជាថ្ងៃប្រកាសសាលដីកា។
តុលាការភ្នំពេញក្រុងភ្នំពេញបានកាត់ទោសកំបាំង លោក អាឡិច ដាក់ពន្ធនាគារចំនួន ២០ខែ ពីបទ «សមគំនិតក្នុងអំពើញុះញង់» ខណៈសកម្មជនមាតាធម្មជាតិ ៣នាក់់ទៀត រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៨ខែ ដល់ ២០ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការសួរដេញដោលសកម្មជនទាំង៣ រួចហើយកាលពីថ្ងៃទី១៩ តុលា ហើយគ្រោងប្រកាសសាលដីកានៅថ្ងៃទី៥ វិច្ឆិកា ខាងមុខ។
ជុំវិញសំណុំរឿងរបស់សកម្មជនបរិស្ថាន សង្គម និងសកម្មជននយោបាយនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ជំរុញឱ្យសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកជាប់ឃុំទាំងនោះឱ្យមានសេរីភាពឡើងវិញ។ លោកបញ្ជាក់ថា សហគមន៍ជាតិ និងអន្តរជាតិ ក្នុងនោះរួមទាំងអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិផង បានវាយតម្លៃថា ករណីទាំងនេះជាការបង្ក្រាបលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងជាសំណុំរឿងដែលមានចរិតនយោបាយ ជាជាងការអនុវត្តច្បាប់ដោយត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។