មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលផ្នែកតម្លាភាព លើកឡើងថា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទលោក ហ៊ុន ម៉ាណែត គួរតែប្រុងប្រយ័ត្ន ក្នុងការទទួលយកជំនួយឧបត្ថម្ភផ្សេងៗពីក្រុមអ្នកជំនួញ ព្រោះអាចនាំឲ្យមានទំនាស់ផលប្រយោជន៍ ឬប៉ះពាល់ដល់ឯករាជ្យភាពរបស់ស្ថាប័នកងទ័ព។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលនិងទទួលយកជំនួយទាំងថវិកា និងសម្ភារៈផ្សេងៗពីក្រុមសប្បុរសជនដែលភាគច្រើនជាជនជាតិចិន។
បន្ទាប់ពីកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែតក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនមក ក្រុមអ្នកជំនួញជាច្រើន រួមទាំងអ្នកជំនួញជនជាតិចិនផង បានចាប់ផ្តើមកាន់កញ្ចប់លុយ និងជំនួយផ្សេងៗជូនដល់លោកជាបន្តបន្ទាប់ ដើម្បីបង្កើតទំនាក់ទំនង ឬចងសម្ព័ន្ធភាពជាមួយគ្នា។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងមន្ត្រីសង្គមសង្គមស៊ីវិលយល់ថា លោក ហ៊ុន ម៉ាណែត គួរតែព្យាយាមមិនប៉ះពាល់ជំនួយពីក្រុមឈ្មួញរកស៊ី ជាពិសេសជនជាតិចិន ព្រោះអ្នកជំនួញ តែងចង់បានផលតបស្នងមកវិញ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ថ្លែងថា ប្រសិនបើអ្នកជំនួញ ផ្តល់ជំនួយដល់ស្ថាប័នកងទ័ពដោយសុទ្ធចិត្ត គឺគ្មានអ្វីខុសទាស់នោះទេ ប៉ុន្តែលោកបារម្ភថា អ្នកជំនួញចិន ផ្តល់ជំនួយក្នុងបំណងហុតទឹកសម្លឹងកាក ដើម្បីឲ្យ ស្ថាប័នកងទ័ពក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជួយការពារក្រុមហ៊ុន ឬមុខជំនួញមិនត្រឹមត្រូវរបស់ពួកគេ។ លោកជឿថា នៅពេលដែលលោក ហ៊ុន ម៉ាណែត ទទួលយកជំនួយពីអ្នកជំនួញចិនបែបនេះ ប្រាកដជាលោកផ្តល់ផលប្រយោជន៍តបស្នងវិញដែរ ដែលបង្កឲ្យមានទំនាស់ផលប្រយោជន៍ធំធេង ហើយប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៖ «ដើម្បីឲ្យកងទ័ពការពារក្រុមហ៊ុនរបស់ចិនដែលរកស៊ីនៅកម្ពុជាហើយមួយចំនួនរកស៊ីខុសច្បាប់ ដូចជានាំគ្រឿងញៀនខុសច្បាប់មកស្រុកខ្មែរ ។ក្រុមហ៊ុនមួយចំនួនទៀត រឹបអូសដីធ្លីរបស់ប្រជាពលរដ្ឋ ហើយយកកងទ័ពទៅ ការពារក្រុមហ៊ុនចិន។រកស៊ីរ៉ែខុសច្បាប់ ទទួលបានដីសម្បទានហើយកាប់បំផ្លាញព្រៃ ឈើជុំវិញនិងជិតៗដីសម្បទានហើយដឹកយកឈើនិងរ៉ែទៅប្រទេសចិនវិញ។ដូច្នេះគេ ជួយកងទ័ពកម្ពុជានេះ ដើម្បីយកឥទ្ធិពលកងទ័ពទៅជួយការពារក្រុមហ៊ុនរបស់គេ»។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះមើលឃើញថា លោក ហ៊ុន ម៉ាណែត ក៏កំពុងដើរតាមគន្លងឪពុករបស់លោកដែរ គឺការពឹងផ្អែកលើជំនួយ និងកម្ចីរបស់រដ្ឋាភិបាលចិន និងក្រុមអ្នកជំនួញចិន ដើម្បីពង្រឹង និងការពារអំណាចរបស់ខ្លួន។
ការបញ្ចេញប្រតិកម្មបែបនេះ គឺបន្ទាប់ពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលនិងទទួលយកជំនួយឧបត្ថម្ភផ្សេងៗពីក្រុមសប្បុរសជនជាច្រើនដែលភាគច្រើនជាជនជាតិចិន នៅទីបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ កាសែតក្នុងស្រុក ( Fresh News) ចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈថា ក្នុងជំនួបនោះ ក៏មានការចូលរួមពីទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃស្ថានទូតចិនប្រចាំកម្ពុជា និងសមាគមអ្នកវិនិយោគចិននៅកម្ពុជាផងដែរ។ ក្នុងពិធីនោះ លោក ហ៊ុន ម៉ាណែត ដែលពាក់ឯកសណ្ឋានជាកងទ័ព បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងនោះ ដែលបានរួមចំណែកឧបត្ថម្ភថវិកា និងបរិក្ខាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលដឹកនាំដោយភរិយារបស់លោក គឺអ្នកស្រី ពេជ្រ ចន្ទមុន្នី។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់អំពីទំហំថវិកានោះទេ។
ទាក់ទងករណីនេះ អ្នកនាំពាក្យកងទ័ពជើងគោកលោក ម៉ៅ ផល្លា ឆ្លើយតបថា លោកមិនបានដឹងរឿងនេះឡើយ ដោយលោកអះអាងថា លោក ហ៊ុន ម៉ាណែត ជួបជាមួយសប្បុរសជននៅខាងស្ថាប័នស៊ីវិល មិនមែននៅខាងស្ថាប័នកងទ័ពនោះទេ៖ «អូ!រឿងហ្នឹង គឺនិយាយរួម គឺខ្ញុំមិនអាចជូនព័ត៌មានអីបានដោយសារជំនាញរបស់ខ្ញុំ ខ្ញុំក្តាប់បានតែពីរឿងការងារយោធាទេ ហើយដល់រឿងជំនួយរឿងអីនេះ ខ្ញុំក្តាប់អត់បាន ដល់ចឹងខ្ញុំអត់ហ៊ាននិយាយទេ។សុំទោស! ខ្ញុំអត់ដឹង ផង ព្រោះខ្ញុំមិនដឹងថា គាត់ជួបនៅកន្លែងណាផង»។
បច្ចុប្បន្ននេះ ឧក្រិដ្ឋជនជាជនជាតិចិនមួយចំនួន ដែលរត់គេចពីការតាមចាប់ខ្លួនរបស់ប៉ូលិសចិន បានរួចផុតពីការជាប់គុក និងកំពុងកសាងអាណាចក្រជំនួញដ៏ធំសម្បើមនៅកម្ពុជា ដោយសារពួកគេ បានកសាងសម្ព័ន្ធភាព និងផ្តល់ជំនួយដល់ក្រុមមន្ត្រីគ្រាក់ៗនៃរដ្ឋាភិបាលលោក ហ៊ុន សែន។ កាលពីចុងឆ្នាំ២០១៩ ក្រសួងរតនាគារអាមេរិកបានប្រើច្បាប់គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act) ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក គន់ គីម និងសមាជិកគ្រួសារ៣នាក់ទៀត។ ក្រសួងរតនាគារអាមេរិក រកឃើញថា លោក គន់ គីម ដែលជាឧត្តមសេនីយ៍ជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានទទួលផលប្រយោជន៍ហិរញ្ញវត្ថុយ៉ាងសម្បើមពីទំនាក់ទំនងជាមួយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចនៃប្រទេសចិន ឈ្មោះយូញៀន ឌីវេឡុប មេនគ្រុប ឬយូ.ឌី.ជី (UDG) ហើយលោកបានប្រើប្រាស់ទាហានកងយោធពលខេមរភូមិន្ទ ដើម្បីបំភិតបំភ័យ រឹបអូស ឬឆ្ការដី ទៅតាមការចង់បានរបស់ក្រុមហ៊ុនចិន។ ក្រោយមកទៀត ក្រសួងរតនាគារអាមេរិកក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិននេះ ដោយសារតែក្រុមហ៊ុនមួយនេះ ច្បាមយកដីធ្លីពីប្រជាកសិករខ្មែរ ករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយនៅកម្ពុជា។
ប្រធានអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី លើកឡើងថា ការជួបគ្នា និងការទទួលយកអំណោយ ឬជំនួយមូលនិធិផ្សេងៗរវាងថ្នាក់ដឹកនាំរដ្ឋាភិបាល និងដៃគូផ្សេងៗទាំងវិស័យឯកជនក្តី ប្រសិនបើធ្វើឡើងដោយតម្លាភាព និងគណនេយ្យភាព ព្រមទាំងប្រើប្រាស់ជំនួយទាំងនោះដោយត្រឹមត្រូវ គឺគ្មានបញ្ហាអ្វីនោះទេ។ ទោះជាយ៉ាងណា លោកបារម្ភថា អ្នកជំនួញមួយចំនួនដែលផ្តល់ជំនួយអាចមានគោលបំណងចង់បានផលតបស្នងមកវិញ។ លោកជំរុញឲ្យមន្ត្រីសាធារណៈ ត្រូវគិតស៊ីជម្រៅ និងប្រុងប្រយ័ត្នក្នុងការទទួលយកជំនួយនានា ដើម្បីធានាកុំឲ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ៖ « អ្វីដែលសំខាន់យើងធ្វើម៉េចក៏ដោយកុំឲ្យតែការជួបឬការផ្តល់ជាជំនួយក្តី ជាកិច្ចសហការក្តីនេះ យើងកុំឲ្យមានការជះឥទ្ធិពលដោយរូបភាពណាមួយមកលើប្រយោជន៍ជាតិ ប្រយោជន៍សាធារណៈ។ ចឹងការជួបនេះ ខ្ញុំគិតថា វាមិនមែនជារឿងអីចម្លែកទេ សំខាន់ក្នុងនាមយើងជាអ្នកការពារប្រយោជន៍សាធារណៈ ប្រយោជន៍រួម ហើយតំណាងប្រទេសជាតិ គឺយើងធ្វើម៉េចកុំឲ្យការជួបនេះ ឈានទៅដល់ការជះឥទ្ធិពលផ្សេងៗទៅលើការសម្រេចចិត្តក្តី ទៅលើផលប្រយោជន៍ផ្សេងៗរបស់សាធារណៈ»។
មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីភាពស្អាតស្អំ និងជៀសផុតពីឥទ្ធិពលរបស់អ្នកជំនួញធំៗនោះ រដ្ឋាភិបាល គួរតែព្យាយាមមិនប៉ះពាល់ឬពាក់ព័ន្ធជាមួយថវិការបស់អ្នកជំនួញ។ ជាមួយគ្នានេះ រដ្ឋាភិបាលត្រូវខិតខំលុបបំបាត់អំពើពុករលួយ ហើយពង្រឹងសេដ្ឋកិច្ច និងរៀនរស់ដោយខ្លួនឯង។ ម្យ៉ាងវិញទៀត កម្ពុជាគួរតែបង្កើតច្បាប់ ស្តីពី ហិរញ្ញវត្ថុនយោបាយដែលកំណត់ថា តើជំនួយបែបណា និងកម្រិតប៉ុណ្ណា ដែលមន្ត្រីសាធារណៈ អាចទទួលយកបាន ឬមិនទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។