តុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួនអតីតឧត្ដមសេនីយ៍ផ្កាយ១ ម្នាក់ មកពីអង្គភាព យោធភូមិភាគទី៣ លោក ថាន់ យុង (ឈ្មោះហ្វេសប៊ុក លី ដាវីត) ក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ពីបទញុះញង់មិនឱ្យយោធិនស្តាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។ ការឃុំខ្លួននេះធ្វើឡើង ក្រោយពីអតីតមន្ត្រីយោធារូបនោះ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសបុក រិះគន់ លោក ហ៊ុន សែន ថា ប្រើអំណាចផ្ទាល់ខ្លួន ដឹកនាំប្រទេសបែបល្ងង់ខ្លៅ។
អ្នកនាំពាក្យសាលាដំបូង ខេត្តសៀមរាប លោក យិន ស្រាង បដិសេធផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីនៅថ្ងៃទី៣០ មីនា ដោយលោកថា ថ្ងៃសៅរ៍ជាថ្ងៃឈប់សម្រាក។
ចំណែកអ្នកនាំពាក្យ អយ្យការអមសាលាដំបូង ខេត្តសៀមរាប លោក រៀម ច័ន្ទមុន្នី បញ្ជាក់យ៉ាងខ្លីថា សំណុំរឿងនេះផុតពីដៃស្ថាប័នអយ្យការហើយ។ រីឯចៅក្រមស៊ើបសួរកំពុងបន្តនីតិវិធីសំណុំរឿងនេះ៖ «នគរបាលយុត្តិធម៌បញ្ជូនមក ព្រះរាជអាជ្ញាបញ្ជូនទៅចៅក្រមស៊ើប បើចៅក្រមចេញដីកាឃុំ គាត់ស៊ីញ៉េយកមនុស្សទៅពន្ធនាគារហើយ»។
គណនេយ្យហ្វេសបុករបស់ អតីតយោធិនរូបនោះ មានឈ្មោះជាភាសាអង់គ្លេសថា Lee David បានចែករំលែកព័ត៌មាន តាមបណ្ដាញសង្គមហ្វេសបុក រិះគន់ លោក ហ៊ុន សែនថា ធ្វើអ្វីៗ ដើម្បីការពារអំណាច នាំកម្ពុជាទាំងល្ងង់ខ្លៅ ហើយបានអំណាចដោយពិធីថោកទាប យើងត្រូវប្រឆាំង។
ជុំវិញការចាប់ចង អ្នកប្រើប្រាស់បណ្ដាញសង្គមនេះដែរ យុវជនម្នាក់ឈ្មោះ វឿន គឹមលន់ វ័យ ២៤ ឆ្នាំ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ដោយរងការចោទប្រកាន់ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត ប៉ះពាល់ដល់សន្តិសុខជាតិ និងវាយប្រហារថ្នាក់ដឹកនាំរបបលោក ហ៊ុន សែន តាមហ្វេសប៊ុក និងយូធូប។នគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា អះអាងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ក៏ជាផ្នែកមួយ នៃការចង់ទាក់ទាញការចូលចិត្ត(Like) ចែករំលែក (Share) និងការទស្សនាវីដេអូឱ្យបានច្រើន ដើម្បីខ្លួនបានចំណូល ពីបណ្ដាញសង្គមទាំងអស់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។