មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងស្រុកបារាយណ៍២នាក់យកទៅសាកសួរ នៅថ្ងៃទី១ កញ្ញា ពាក់ព័ន្ធនឹងបង្ហោះសាររិះគន់ថ្នាក់ដឹករបបក្រុងភ្នំពេញ។ ភរិយាសកម្មជនដែលត្រូវបានចាប់ខ្លួននោះ លើកឡើងថា សមត្ថកិច្ចចាប់ខ្លួនស្វាមីដោយពុំមានដីកាពីតុលាការឡើយ។
សមត្ថកិច្ចបានចុះចាប់ខ្លួនសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតឃុំបារាយណ៍គណបក្សសង្គ្រោះជាតិ លោក ស៊ុន ប៊ុនថុន និងសកម្មជនមូលដ្ឋានម្នាក់ទៀត គឺលោក នូ ភឿន នៅផ្ទះរបស់ពួកគាត់ទាំងពីរក្នុងឃុំបារាយណ៍ នៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១ កញ្ញា។
ភរិយារបស់លោក នូ ភឿន លោកស្រី សុខ ថៃ ប្រាប់អាស៊ីសេរីថា មន្ត្រីប៉ូលិសខេត្តកំពង់ធំចំនួន ៤នាក់ ស្លៀកពាក់ស៊ីវិលចូលទៅចាប់ស្វាមីរបស់លោកស្រីដល់ក្នុងផ្ទះ ដោយពុំមានដីកាពីតុលាការនោះទេ។ លោកស្រីបន្ថែមថា ប៉ូលិសបានបញ្ជូនស្វាមីលោកស្រី និងលោក ស៊ុន ប៊ុនថុន ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំភ្លាមៗ ក្រោយពីឃាត់ខ្លួនពួកគាត់៖ «គេចាប់ប្ដីខ្ញុំទៅមុនរួចហើយបានគេចាប់លោក ស៊ុន ប៊ុនថុន ដឹកតាមម៉ូតូទៅតាមក្រោយ។ ចំណែកប្ដីខ្ញុំគេវាយខ្នោះ ដោយសារថា គេថាប្ដីខ្ញុំប្រឆាំងបទបញ្ជាមិនព្រមឡើងឡានទៅតាមសម្រួល។ ប្ដីខ្ញុំថាមូលហេតុអី បើខ្ញុំអត់ដឹងរឿងអីផង បានមកចាប់ខ្ញុំគ្រៀកដាក់ឡាន ? រួចទៅមានការប្រតាយប្រតប់គ្នារួចហើយ ក៏គេវាយខ្នោះរុញឡើងឡានទៅ»។
លោកស្រី សុខ ថៃ បញ្ជាក់ថា មន្ត្រីប៉ូលិសម្នាក់បានប្រាប់លោកស្រីថា ការចាប់ខ្លួននេះ ដោយសារអ្នកទាំង២ មានជាប់ពាក់ព័ន្ធនឹងជារឿងនយោបាយប៉ុណ្ណោះ។ លោកស្រីបន្ថែមថា លោកស្រីមិនដឹងថា តើសមត្ថកិច្ចបញ្ជូនស្វាមី និងសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតនោះ ទៅទីណាឡើយ នៅត្រឹមម៉ោង ៤ រសៀលថ្ងៃដដែលនេះ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តកំពង់ធំលោក អ៊ុក កុសល ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១ កញ្ញា ដោយទូរស័ព្ទហៅចូលជាច្រើនដង ពុំមានអ្នកទទួល។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តកំពង់ធំ លោក សុខ រដ្ឋា ថ្លែងថា ការចាប់ខ្លួនពលរដ្ឋដោយពុំមានដីកានេះ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកថា ដើមហេតុនៃការចាប់ខ្លួននេះ គឺដោយសារសមត្ថកិច្ចបានចោទប្រកាន់អ្នកទាំង២ ពីបទបង្ហោះសារតាមហ្វេសប៊ុក (Facebook) រិះគន់ថ្នាក់ដឹកនាំប្រទេស ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ថា ថ្នាក់ដឹកនាំនោះឈ្មោះអ្វីនោះទេ៖ «ហើយណាមួយយើងដឹងស្រាប់ហើយថា ជនស៊ីវិលយើងមិនដឹងថាមកពីណាខ្លះ ឧបមាថា ស្លៀកពាក់ស៊ីវិលអីចឹង អត់បានបង្ហាញកាត អត់បានបង្ហាញស្អីដែលខ្លួនចូលមកដល់ផ្ទះគេនឹង ហើយប្រតិបត្តិការអនុវត្តច្បាប់ ហើយនិយាយថា ខ្លួនជាសមត្ថកិច្ច។ ធម្មតាពលរដ្ឋគាត់ភ័យដែរគាត់ខ្លាច មិនដឹងថាក្រុមនឹងមកពីណា មិនដឹងថា ជាសមត្ថកិច្ចឬក្រុមខិលខូចជាចោរ។យើងមិនលើកស្ទួយឱ្យមានករណីអីចឹងទេ គឺជាការកម្លាចដល់សិទ្ធិរស់នៅរបស់ពលរដ្ឋ សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ធ្វើឱ្យពួកគាត់មានការភ័យខ្លាច»។
មន្ត្រីសង្គមស៊ីវិលរូបនេះឱ្យដឹងទៀតថា មកដល់ពេលនេះ សកម្មជនគណបក្សសង្គ្រោះជាតិ ស្រុកបារាយណ៍ចំនួន ៣នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះនៅឃុំបារាយណ៍ ២នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១ កញ្ញា និងម្នាក់ទៀតគឺលោក មៀច មឿន ជាសកម្មជនបក្សប្រឆាំងនៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ចាប់ខ្លួនកាលពីថ្ងៃទី៣១ សីហា។
គិតត្រឹមដើមខែកញ្ញានេះ មានមន្ត្រីគណបក្សប្រឆាំងប្រមាណ ២០នាក់ហើយ ដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន ហើយក៏មានមន្ត្រីបក្សប្រឆាំងជាច្រើនរូបទៀតដែរដែលត្រូវជនមិនស្គាល់មុខលបវាយដំ និងគំរាមប្រើអំពើហិង្សា។ ករណីទាំងនេះបានកើតឡើងជាបន្តបន្ទាប់ ក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានដាក់បញ្ជាឱ្យតាមកម្ទេចគណបក្សសង្គ្រោះជាតិដល់មូលដ្ឋាន ដែលជាការឆ្លើយតបរបស់មេដឹកនាំក្រាញអំណាចរូបនេះចំពោះវិធានការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។