អ្នកវិភាគមើលឃើញថា រដ្ឋាភិបាលកម្ពុជា ដែលជាប្រធានកិច្ចប្រជុំអាស៊ានកំពុងព្យាយាមផ្សះផ្សារបញ្ហាចម្រូងចម្រាស់ក្នុងចំណោមរដ្ឋមន្ត្រីការបទេសអាស៊ាន ដើម្បីសម្រួលឱ្យអាស៊ានបានធ្វើកិច្ចការសំខាន់ៗប្រចាំឆ្នាំរបស់ខ្លួនបាន។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃប្រទេសពីរ ឱ្យធ្វើទស្សនកិច្ចនៅកម្ពុជា ស្របពេលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ម្សិលម៉ិញ។
អ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ ថ្លែងថា ពេលនេះរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងព្យាយាមសម្របសម្រួលធ្វើយ៉ាងណា ដើម្បីផ្សះផ្សារទំនាស់នៅក្នុងចំណោមរដ្ឋមន្ត្រីការបរទេសអាស៊ានឱ្យបានសិន ដើម្បីអាចដំណើរការកិច្ចប្រជុំសំខាន់ៗរបស់អាស៊ានបាន បន្ទាប់ពីលោក ហ៊ុន សែន បានធ្វើឱ្យល្អក់កករ ដោយសារតែការប៉ុនប៉ងចង់ឱ្យមេដឹកនាំរដ្ឋប្រហារភូមាចូលរួមប្រជុំអាស៊ាននាពេលកន្លងមក។ លោកថា ការព្យាយាមឱ្យមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួននៅពេលនេះ គ្រាន់ជាការបង្ហាញថា រដ្ឋមន្រ្តីការបរទេសអាស៊ានបានត្រូវរ៉ូវគ្នាវិញ៖ «ខ្ញុំមើលឃើញថា ដើម្បីឱ្យប្រជុំគ្នាបានហ្នឹង រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ាន ផ្សេងទៀតដូចជាអត់ធ្មត់ និងប្រឹងប្រែងសម្បើមណាស់នូចឥរិយាបថរបស់លោក ហ៊ុន សែន។ ខ្ញុំឃើញប្រទេសពាក់ព័ន្ធនានា នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពិសេសប្រទេសជប៉ុន ក៏ទំនងជាខំដុតដៃដុតជើងខ្លាំងណាស់ក្នុងការសម្របសម្រួលឥរិយាបថរបស់លោក ហ៊ុន សែន កុំឱ្យច្រង៉េងច្រងាងពេក ដើម្បីឱ្យរដ្ឋមន្រ្តីការបរទេស និងប្រមុខដឹកនាំរដ្ឋាភិបាលនានា គេងាចចូលមកអង្គុយ ដើម្បីជជែកគ្នាដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិបាន»។
រដ្ឋមន្រ្តីការបរទេសប្រទេសអាស៊ានទាំងពីរនោះគឺ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី (Singapore) លោក វីវៀន បាឡាគ្រីស្ទ្រណាន់ (Vivian Balakrisnan) និងរដ្ឋមន្រ្តីការបរទេសឡាវ (Lao) លោក សាលើមសៃ គុំម៉ាស៊ីត (saleumxay Kommasith) បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាពីលទ្ធផលដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសទាំងពីរនេះ ពុំបានបង្ហាញព័ត៌មានថ្មីទេ គឺមានតែការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា សរសើរ ថ្លែងអំណរគុណ។ បើទោះជាយ៉ាងណា ក្នុងនោះកម្ពុជាមិនភេ្លចបញ្ជាក់ថា សឹង្ហបុរី និងឡាវ គាំទ្រកម្ពុជាជាប្រធានអាស៊ាន និងប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា (Myanmar)។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ានចំនួន៧ មានវត្តមាននៅកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានពីថ្ងៃទី១៦ ដល់ ទី១៧ ខែកុម្ភៈ ចំណែករដ្ឋមន្ត្រីការបរទេសថៃចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ និងអវត្តមានតំណាងមិនមែនមន្រ្តីនយោបាយពីរបបសឹកមីយ៉ាន់ម៉ា ឬភូមា។
កិច្ចប្រជុំចង្អៀតនេះ ត្រូវបានពន្យារពេលមកដល់ពេលនេះ ដោយសារបញ្ហាចម្រូងចម្រាស់ ក្រោយពេលលោក ហ៊ុន សែន ទៅទស្សនកិច្ចប្រទេសភូមា ដែលធ្វើឱ្យរដ្ឋមន្ត្រីការបរទេសនៃប្រទេសមួយចំនួនរិះគន់។ ក្នុងនោះរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក សៃហ៊្វូឌីន អាប់ឌុលឡាស់ (Saifuddin Abdullah) បានរិះគន់ថា លោក ហ៊ុន សែន បានប្រើនយោបាយការទូតប្រថុយប្រថាន និងឯកតោភាគី។ លោក ហ៊ុន សែន បានបរិហារតបទៅប្រមុខការទូតម៉ាឡេស៊ីរូបនោះថា «ព្រហើន» និងខ្វះការគួរសមជាមួយរូបលោក ដែលជាប្រធានប្ដូរវេនអាស៊ាន។ រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈម្សិលម៉ិញ លោក ហ៊ុន សែន នៅតែទាមទារឱ្យពន្យល់ពីពាក្យការទូតប្រថុយប្រថាន ដោយលោកអះអាងថា ពុំមានបញ្ហាអ្វីធ្ងន់ធ្ងរខុសប្រក្រតីកើតឡើងនៅប្រទេសភូមានៅក្រោយទស្សនកិច្ចរបស់លោកទេ។
បើទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រងការរិះគន់ថា បានធ្វើឱ្យកិច្ចខំប្រឹងប្រែងរបស់អាស៊ានក្នុងវិបត្តិនៅមីយ៉ាន់ម៉ា ឬភូមា អាចនឹងក្លាយទៅជាអសារបង់ ហើយដំណើររបស់លោកទៅប្រទេសភូមាពុំមានប្រយោជន៍អ្វីក្នុងការដោះស្រាយបញ្ហាអំពើហិង្សា ការរំលោភសិទ្ធិមនុស្ស នៅប្រទេសនេះទាល់តែសោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។