មេដឹកនាំអាស៊ានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ទាមទារទៅរបបយោធាភូមា ឬមីយ៉ាន់ម៉ា(Myanmar) ឱ្យបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា។ សំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលចង្អៀតអាស៊ាន លើកទី៤២ នៅប្រទេសឥណ្ឌូណេស៊ី( Indonesia) ថ្ងៃទី១១ ខែឧសភា។ ទោះយ៉ាងណា អ្នកជំនាញកិច្ចការអន្តរជាតិ លើកឡើងសេចក្ដីថ្លែងការណ៍ទំនងមិនអាចធ្វើឱ្យរបបសឹកភូមាអនុវត្តតាមឡើយ បើអាស៊ាននៅតែធ្វើនយោបាយការទូតជាមួយរបបសឹកនេះតទៅទៀត។
មេដឹកនាំអាស៊ានបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ពីវិបត្តិនៅប្រទេសភូមា ឬមីយ៉ាន់ម៉ា(Myanmar) ដែលបង្ករដោយបបយោធា របស់លោក ម៊ីន អ៊ុងឡាំង (Min Aung Hlaing)។ សេចក្ដីថ្លែងការណ៍រួមអាស៊ានថ្ងៃទី១១ ខែឧសភាបន្តទាមទារទៅរបបយោធាភូមាឱ្យបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់បែបនេះ ខណៈរបបសឹកភូមា បង្កើនការវាយប្រហារលើពលរដ្ឋភូមា និងវាយប្រហារមន្ត្រីជំនួយមនុស្សធម៌របស់អាស៊ាននៅប្រទេសភូមា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកម្ពុជាជាសមាជិកអាស៊ានដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឱ្យដឹងតាមហ្វេសប៊ុករបស់លោកថ្ងៃទី១១ ខែឧសភា ថា មេដឹកនាំអាស៊ានគាំទ្រប្រធានអាស៊ាន គឺប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ក្នុងការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងលើកទឹកចិត្តឱ្យអនុវត្តការឯកភាព៥ចំណុច។ លោកឱ្យដឹងទៀតថា មេដឹកនាំអាស៊ាន ក៏បង្ហាញការគាំទ្រលើសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានប្ដូរវេន គឺលោកប្រធានាធិបតី ចូកូ វីដូដូ ដែលបានរិះគន់ លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅភូមាផងដែរ។
ទាក់ទងវិបត្តិនៅភូមានេះដែរ កាលពីថ្ងៃទី១០ ខែឧសភា មេដឹកនាំអាស៊ានក៏បានចេញសេចក្ដីថ្លែងការណ៍រួមមួយដែរ លើកឡើងពីក្ដីបារម្ភពីអំពើហិង្សានៅប្រទេសភូមា និងជំរុញឱ្យមានការបញ្ឈប់បទឈប់បាញ់គ្រប់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌បានទាន់ពេលវេលា។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា លើកឡើងជុំវិញប្រធានបទ «សារៈសំខាន់អាស៊ានស្នូលនៃកំណើន»។ កិច្ចប្រជុំនេះមេដឹកនាំអាស៊ាន មិនអនុញ្ញាតឱ្យមេដឹកនាំរបបយោធាភូមាចូលរួមប្រជុំទេ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា សេចក្ដីថ្លែងការណ៍ឆ្នាំ២០២៣នេះ ក៏មិនខុសពីសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានប្ដូរវេនឆ្នាំមុនៗដែរ តែមិនដែលឃើញរបបយោធាលោក ម៊ីន អ៊ុងឡាំង អនុវត្តតាមឡើយ។ អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ យល់ថា គួរដល់ពេលមេដឹកនាំអាស៊ាន ឈប់ផ្ដល់តម្លៃឱ្យរដ្ឋាភិបាលយោធា ហើយ តែមេដឹកនាំអាស៊ាន គួរចាប់ផ្ដើមមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរួបរួមជាតិ ឬរដ្ឋាភិបាលស្រមោលភូមាដែលគាំទ្រអ្នកស្រី អ៊ុង សានសូជី (Aung San Suukyi) វិញ។
លោក ឯម សុវណ្ណារ៉ា៖ «ប្រសិនបើអន្តរជាតិមានមធ្យោបាយឬយន្តការនៅក្នុងការបង្កើតទំនាក់ទំនងឱ្យបានច្រើនជាងមុន ជាមួយរដ្ឋាភិបាលស្រមោលខ្ញុំគិតថា ប្រហែលរដ្ឋាភិបាលយោធាអាចងាកមករកផ្លូវជជែកចរចា ពីព្រោះកន្លងមកអាស៊ានហាក់ផ្ដល់តម្លៃតែពីលើរដ្ឋាភិបាលយោធាភូមាដែលឡើងដោយខុសច្បាប់អ៊ីចឹង ធ្វើឱ្យយន្តការឬការដោះស្រាយពិតប្រាកដមិនចំបញ្ហាទេ»។
កន្លងទៅមេដឹកនាំអាស៊ាន បានធ្វើនយោបាយការទូតច្រើនជាមួយរបបយោធាភូមា តែរបបយោធា ហាក់មិនបានធ្វើតាមការទាមទាររបស់អាស៊ានឡើយ ដោយ នៅតែបង្កើនការវាយប្រហារ និងសម្លាប់ពលរដ្ឋភូមាជាបន្តបន្ទាប់។កាលពីឆ្នាំ២០២២ អតីតប្រធានអាស៊ានប្ដូរវេន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានធ្វើដំណើរទៅភូមា ជួបមេដឹកនាំយោធាលោក ម៊ីន អ៊ុងឡាំង ក្ដី ប៉ុន្តែ របបសឹកភូមា មិនបានអនុវត្តតាមសំណើរបស់លោក ហ៊ុន សែន ឬសំណើរបស់មេដឹកនាំអាស៊ាននោះទេ។
អ្នកវិភាគនយោបាយលោក គឹម សុខ សង្កេតឃើញថា ប្រធានអាស៊ានប្ដូរវេនថ្មី ដែលដឹកនាំដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ គួរបង្ហាញជំហររួមរបស់អាស៊ានឡើងវិញ ដោយត្រូវជំរុញឱ្យរបបសឹកយោធា អនុវត្តការឯកភាព ៥ចំណុចរបស់អាស៊ាន។ លោក គឹម សុខ រិះគន់ថា កាលពីលោក ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន គឺលោក ហ៊ុន សែន តែងបង្ហាញការដោះស្រាយបញ្ហាភូមាដោយធ្វើតាមការចង់បានរបស់របបសឹកភូមា។ លោកបន្តទៀតថា ប្រសិនបើមេដឹកនាំអាស៊ាន ឬប្រធានអាស៊ាន ដាក់ចេញវិធានការជាក់លាក់ លើរបបយោធាភូមា នឹងធ្វើឱ្យក្រុមប្រទេសមហាអំណាចលោកសេរី នឹងចូលរួមដាក់សម្ពាធលើរបបសឹកភូមាជាមួយអាស៊ាន។
លោក គឹម សុខ៖«គោលការណ៍ប្រាំចំណុចពីមុនត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេនធ្វើនយោបាយឱ្យក្រោមបាតជើងលោក ០០ មេផ្ដាច់ការយោធាទៅហើយដូច្នេះដើម្បីបញ្ជាក់ជាថ្មីជំហររបស់អាស៊ានឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ានត្រូវធ្វើសេចក្ដីថ្លែងការណ៍រួមឡើងវិញ អំពីអ្វីដែលជាតម្រូវការរបស់អាស៊ានឱ្យពួកដឹកនាំយោធាហ្នឹងបញ្ចប់អំពើហិង្សាមុននឹងឈានទៅដល់ដំណោះស្រាយនានា»។
សព្វថ្ងៃពលរដ្ឋភូមាកំពុងរស់នៅក្នុងភាពភ័យខ្លាចពីការតាមសម្លាប់ដ៏ឃោរឃៅនៃ ក្រុមយោធាភូមា។
ប្រធានអាស៊ានប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ស្នើទៅមេដឹកនាំអាស៊ាន រួមគ្នាប្រឈមមុខនឹងរបបសឹកយោធា ដើម្បីដោះស្រាយបញ្ហានៅភូមា។ ចំណែកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Awar Ibrahim) លើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានដែរថា សមាគមអាស៊ាន ត្រូវអនុវត្តគោលការណ៍ ៥ចំណុចរបស់អាស៊ានឱ្យបានពេញលេញ។ គោលការណ៍ ៥ចំណុចនោះរួមមាន៖ ការពន្យារពេលឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច និងអនុញ្ញាតឱ្យមានការជួបពិភាក្សាគ្នា ជាមួយក្រុមភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសភូមាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។