សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) សម្ដែងក្ដីព្រួយបារម្ភចំពោះការកើនឡើងនៃការសាកល្បងមីស៊ីលអន្តរទ្វីប និងការបាញ់គ្រាប់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ ក្ដីបារម្ភនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី១០ ខែមិថុនា។
រដ្ឋមន្ត្រីការបរទេសអាស៊ានលើកឡើងថា ការវិវឌ្ឍន៍ចុងក្រោយនេះបង្ហាញពីភាពតានតឹងលើឧបទ្វីបកូរ៉េ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។ អាស៊ានជំរុញឱ្យកូរ៉េខាងជើងអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង និងចៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។ ជាមួយគ្នានេះ អាស៊ានអំពាវនាវដល់ក្រុងព្យុងយ៉ាង អនុវត្តឱ្យបានពេញលេញនូវសេចក្ដីសម្រេចចិត្តដែលពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយគិតគូរពីការប្រើប្រាស់មធ្យោបាយការទូត ដើម្បីផលប្រយោជន៍នៃការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអះអាងកាលពីពេលថ្មីៗនេះថា ត្រឹមតែពាក់កណ្ដាលនៃឆ្នាំ២០២២ នេះ កូរ៉េខាងជើងបានបាញ់មីស៊ីល (Ballistic Missiles) ចំនួន ៣១ គ្រាប់ទៅហើយ។ នេះជាចំនួនច្រើនលើសពីអ្វីដែលកូរ៉េខាងជើងធ្លាប់បានធ្វើក្នុងរយៈពេលពេញ ១ឆ្នាំ ខណៈកំណត់ត្រាចាស់កាលពីឆ្នាំ ២០១៩ មានតែ ២៥ គ្រាប់ប៉ុណ្ណោះ។ លើសពីនេះ ក្នុងខែមិថុនានេះ របបក្រុងព្យុងយ៉ាងបានត្រៀមខ្លួនយ៉ាងច្បាស់ ដើម្បីចាប់ផ្ដើមឡើងវិញនូវការសាកល្បងអាវុធនុយក្លេអ៊ែរថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។