"សន្និសីទ​កំពូល​អាស៊ាន​មិន​បាន​ដោះស្រាយ​បញ្ហា​ពិតប្រាកដ​និង​មិន​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ"

ដោយ មាន ឫទ្ធិ
2017-11-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​១០ ថត​រូប​ជុំ​គ្នា​បន្ទាប់​ពី​បញ្ចប់​សន្និសីទ​កំពូល​អាស៊ាន កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​១០ ថត​រូប​ជុំ​គ្នា​បន្ទាប់​ពី​បញ្ចប់​សន្និសីទ​កំពូល​អាស៊ាន កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo courtesy of Hun Sen's Facebook page

សន្និសីទ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា បាន​បិទ​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ក្រោម​ការរិះគន់​ពី​សំណាក់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា សមាគម​នេះ ខកខាន​មិនបាន​ដោះស្រាយ​បញ្ហា​ប្រឈម និង​កង្វះ​ការ​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពិតប្រាកដ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ។

ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន បាន​បិទ​បញ្ចប់​សន្និសីទ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ជា​ដៃគូ​នានា រួមមាន​សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា និង​កូរ៉េ ដែល​បាន​ប្រព្រឹត្តិ​ទៅ​អស់​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា នៅ​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន ក្រោម​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​អាជ្ញាធរ​ហ្វីលីពីន។

កិច្ចព្រមព្រៀង​សំខាន់ៗ​មួយ​ចំនួន​ដែល​ជា​សមិទ្ធផល​សម្រេច​បាន នៅ​ក្នុង​សន្និសីទ​កំពូល និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​លើក​នេះ រួមមាន​កិច្ចព្រមព្រៀង​រួមការ​ពារ​ពលករ​ចំណាកស្រុក ការ​បើក​ឲ្យ​មានការ​ចរចា​ឡើងវិញ អំពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ចំនួន។ កិច្ចព្រមព្រៀង​ទាំងនេះ ឆ្លុះ​បញ្ចាំ​ឲ្យ​ឃើញ​ពី​ការ​ផ្ដោត​លើ​មូលបទ​ជា​អាទិភាព​ចំនួន ៦ ដែល​បាន​ប្រកាស​ចេញ​ដោយ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែល​ក្នុង​នោះ​រួមមាន៖ សមាគម​អាស៊ាន​មួយ ដែល​ផ្ដោត និង​ឲ្យ​តម្លៃ​ចំពោះ​ប្រជាពលរដ្ឋ​អាស៊ាន សន្តិភាព និង​សេ្ថរភាព​ក្នុង​តំបន់ កិច្ច​សហប្រតិបត្តិការ និង​សន្តិសុខ​សមុទ្រ ការ​រីក​លូតលាស់​ប្រកបដោយ​ការ​រួមបញ្ចូល​ទាំងអស់​គ្នា និង​និវានុវត្ត ភាព​រឹង​ម៉ាំ និង​អាស៊ាន​ជា​យន្តការ​ថ្នាក់​តំបន់​បែប​គំរូ​មួយ ដោយមាន​តួនាទី​ជា​សាកល។

កិច្ចប្រឹងប្រែង​ចម្បង​មួយ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើឡើង​ដើម្បី​លុប​បំបាត់​ចោល​នូវ​គម្លាត​រវាង​គោលនយោបាយ និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​កិច្ចប្រឹងប្រែង​ធ្វើ​សមាហរណកម្ម​របស់​តំបន់​នេះ នោះ​គឺ ឯកសារ​កិច្ចព្រមព្រៀង​រួម​ស្ដីពី​ការ​ការពារ និង​ការ​លើក​កម្ពស់​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក។ ឯកសារ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ លើកកម្ពស់​ឲ្យ​មាន​នូវ​ការប្រព្រឹត្តិ​ប្រកបដោយ​ភាព​ស្មើភាព​គ្នា​ចំពោះ​ពលករ​ចំណាកស្រុក ដោយ​មិន​គិត​អំពី​កត្តា​យែនឌ័រ និង​សញ្ជាតិ ការ​ផ្ដល់​ឲ្យ​មាន​នូវ​សិទ្ធិ​សួរសុខទុក្ខ​ពលករ​ចំណាកស្រុក ពី​សំណាក់​សមាជិក​ក្រុម​គ្រួសារ ការ​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​ដកហូត​លិខិតឆ្លងដែន​ពី​ពលករ​ចំណាកស្រុក និង​មិន​ឲ្យ​យក​លើស​កម្រៃ​កំណត់​ពី​សេវា​ប្រលង ឬ​ជ្រើសរើស​ពលករ​ចូល​បម្រើ​ការងារ ការ​ការពារ​ប្រឆាំង​នឹង​អំពើ​បៀតបៀន​ផ្លូវ​ភេទ និង​អំពើ​ហិង្សា​នៅ​កន្លែង​ការងារ ការ​បញ្ញត្តិ​ឲ្យ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ផ្ដល់​នូវ​ការ​ការពារ​ឲ្យ​បាន​ប្រសើរ​ឡើង​ចំពោះ​ពលករ​ចំណាកស្រុក និង​ឲ្យ​គោរព​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​នូវ​ប្រាក់​បៀរ​វត្សរ៍ និង​អត្ថប្រយោជន៍​ដ៏​ត្រឹមត្រូវ និង​សមស្រប ព្រមទាំង​ការ​គោរព​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក​ក្នុង​ការ​បង្កើត​នូវ​សហជីព និង​សមាគម​ជាដើម។

ក្រៅ​ពី​នេះ សន្និសីទ​កំពូល​អាស៊ាន​ឆ្នាំ​២០១៧​នេះ ក៏បាន​អនុម័ត​នូវ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ចំនួន​ក្នុង​នោះ​រួមមាន សេចក្ដីថ្លែងការណ៍​រួម​ស្ដីពី​ការចរចា ដើម្បី​ភាពជា​ដៃគូ​ផ្នែក​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​ប្រចាំ​តំបន់ សេចក្ដីថ្លែងការណ៍​អាស៊ាន​ដើម្បី​បង្ការ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​ផ្នែក​ព័ត៌មានវិទ្យា សេចក្ដីថ្លែងការណ៍​ក្រុង​ម៉ានីល ស្ដីពី​ការ​កើន​ឡើង​នៃ​អំពើ​ជ្រុលនិយម​ប្រកបដោយ​ហិង្សា សេចក្ដីថ្លែងការណ៍​អាស៊ាន​បូក​បី ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ស្បៀង សេចក្ដីថ្លែងការណ៍​រួម​រវាង​អាស៊ាន និង​ចិន​ស្ដីពី​ការ​បង្កើន កិច្ច​សហ​ប្រតិបត្តិការ​រលើ​ការ​ភ្ជាប់​ទំនាក់ទំនង​ហេដ្ឋារចនាសម្ព័ន្ធ សេចក្ដីថ្លែងការណ៍​ស្ដីពី​ការ​ការពារ​បរិស្ថាន​តំបន់​ឆ្នេរ និង​សមុទ្រ ឆ្នាំ​២០១៧-២០២៧ សេចក្ដីថ្លែងការណ៍​រួម​រវាង​អាស៊ាន​-​ចិន ស្ដីពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ទេសចរណ៍ សេចក្ដីថ្លែងការណ៍​រួម​អាស៊ាន​-​ចិន ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​លក្ខណៈ​ទូលំទូលាយ ប្រឆាំង​នឹង​អំពើពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព មាតិកា​សកម្មភាព​អំពី​ការ​បញ្ជ្រាប​ស្ត្រី និង​ការ​ផ្ទល់​សិទ្ធិ​អំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន ព្រមទាំង​សេចក្ដីថ្លែងការណ៍​អាស៊ាន ស្ដីពី​នវានុវត្ត ជាដើម។

ការវិវត្តន៍​ថ្មី​មួយទៀត​នោះ គឺ​ប្រទេស​ចិន ក៏​បាន​យល់ព្រម​បើក​ការចរចា​ឡើងវិញ អំពី​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​មិន​ភ្ជាប់​កាតព្វកិច្ច ជាមួយ​បណ្ដា​ប្រទេស​ក្នុង​ប្លុក​អាស៊ាន ដែល​ត្រូវ​បាន​ពន្យារ​ពេល​អស់​រយៈពេល​ជា​យូរ​មក​ហើយ។

ក្រៅពី​ប្រទេស​ចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី និង​ណូវែលហ្សេឡង់ដ៍ តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ហុងកុង បាន​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ទី​៦ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សមាគម​អាស៊ាន។

យ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន​នូវ​ឯកសារ​គោល​សំខាន់ៗ​ទាំងនេះ សន្និសីទ​កំពូល​អាស៊ាន​លើក​ទី​៣១​នេះ ក៏​ទទួលរង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ក្រុម​អង្គការ​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន ដែល​ក្នុង​ពេល​ដំណាលគ្នា​នេះ ក៏បាន​បើក​ឲ្យ​មាន​នូវ​វេទិកា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន​ឆ្នាំ​២០១៧​ផង​ដែរ។ ក្រុម​មេដឹកនាំ​ទាំងនោះ បាន​ហៅ​សន្និសីទ​អាស៊ាន​នេះ​ថា ធ្វើឡើង​នៅ​មានកម្រិត​នៅឡើយ ហើយ​បរាជ័យ​ក្នុង​លើក​យក​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​មក​ដោះស្រាយ​ឲ្យ​បាន​ជាក់លាក់។ ពួកគេ​រិះគន់​ថា សន្និសីទ​កំពូល​អាស៊ាន​នេះ ខកខាន​មិនបាន​លើក​យក​បញ្ហា​ពិតប្រាកដ​របស់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​ជំរុញ​ឲ្យ​មាន​នូវ​ការចូលរួម​ដ៏​ពិតប្រាកដ ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន។

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា នៅ​រដ្ឋធានី​ម៉ានីល វេទិកា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន​ឆ្នាំ​២០១៧ បាន​អំពាវនាវ​ឲ្យ​មាន​នូវ​យន្តការ​សមាគម​អាស៊ាន​មួយ ដែល​ផ្ដោត​លើ​ប្រជាពលរដ្ឋ និង​សង្គម​អាស៊ាន​ពិតប្រាកដ។

នាយិកា​គណៈកម្មាធិការ​កណ្ដាល​ប្រចាំ​តំបន់​របស់​វេទិកា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន អ្នកស្រី ហេលែន ប៉ាក្លារិន (Jelen Paclarin) មាន​ប្រសាសន៍​ថា អស់​រយៈពេល ៥០ ឆ្នាំ​មក​ហើយ ការ​ចូលរួម​ពិតប្រាកដ​របស់​ប្រជាជន​ក្នុង​តំបន់​អាស៊ាន​នេះ នៅ​មាន​កម្រិត​ខ្វះខាត​យ៉ាង​ខ្លាំង។ បើ​ទោះ​បី​ជា មាន​កិច្ចប្រឹងប្រែង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ផ្ដួចផ្ដើម​ឲ្យ​មាន​ឡើង​នូវ​ការចូលរួម​ដើម្បី​ឲ្យ​មាន​កិច្ច​សន្ទនា​បែប​ស្ថាបនា សមាគម​អាស៊ាន​នៅតែ​ជា​យន្តការ​មួយ​ដែល​ប្រជាពលរដ្ឋ​មិន​អាច​ទាក់ទង​បាន។ អ្នកស្រី​បន្ត​ថា សន្និសីទ​កំពូល​អាស៊ាន គួរ​ទទួលយក​ប្រជាពលរដ្ឋ និង​ចលនា​សង្គម​នានា​ក្នុង​តំបន់​នេះ មក​ធ្វើជា​ដៃគូ ហើយ​មិន​ត្រូវ​មិន​រាប់បញ្ចូល​ពួកគេ​នោះ​ទេ។ អ្នកស្រី​ថា អាស៊ាន​គឺ​សម្រាប់​យើង​ទាំងអស់​គ្នា អាស៊ាន​គឺ​សម្រាប់​ប្រជាជន​អាស៊ី​អាគ្នេយ៍ ដូច្នេះ​ត្រូវ​កសាង​សមត្ថភាព​លើក​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ និង​ត្រូវ​ផ្ដោត​អាទិភាព​លើ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ជាធំ។

វេទិកា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន​នេះ បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ដែល​ជា​ដំណោះស្រាយ​សំខាន់ៗ​ចំនួន​១០ ដើម្បី​ស្នើ​ឲ្យ​ក្រុម​មេដឹកនាំ​អាស៊ាន មកពី​បណ្ដា​ប្រទេស​ទាំង​១០​នេះ យក​ទៅ​អនុវត្ត។ អនុសាសន៍​ទាំងនេះ​រួមមាន​៖ ការ​ដាក់​បញ្ចូល​ទិដ្ឋភាព​សង្គម​ទៅ​ក្នុង​សមាហរណកម្ម​អាស៊ាន ដោយ​សង្កត់ធ្ងន់​លើ​បញ្ហា​សិទ្ធិ​របស់​ប្រជាជន ជាពិសេស ក្រុម​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទន់ខ្សោយ និង​ដែល​ត្រូវ​ទទួលរង​នូវ​ការរើសអើង កា​រលើ​កម្ពស់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ការពិចារណា​ឡើងវិញ​នៃ​គោលការណ៍​អាស៊ាន អំពី​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ជា​សមាជិក និង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ប្រកបដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​ជ្រាលជ្រៅ ការ​ជំរុញ​ឲ្យ​មាន​នូវ​ដំណោះស្រាយ​ថ្នាក់​តំបន់ ចំពោះ​ជម្លោះ​ប្រចាំ​តំបន់ ដូចជា​ករណី​ដណ្ដើម​ទឹកដី និង​ករណី​ស្រដៀង​គ្នា​នេះ ការ​អនុម័ត​ច្បាប់ និង​គោលនយោបាយ​អន្តរជាតិ ដែល​គោរព​តាម​ស្តង់ដារ​សិទ្ធិមនុស្ស នីតិ​ការងារ និង​ច្បាប់​ស្ដីពី​ជនភៀសខ្លួន ការពង្រីក​លំហ​សម្រាប់​ការចូលរួម​របស់​ប្រជាជន ការ​កសាង​សមត្ថភាព​សម្រាប់​ការ​ផ្ដល់​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ ការ​ផ្ដល់​អាទិភាព​ផ្ដោត​លើ​មាតិកា​អំពី​ប្រជាជន​ចៀស​ជាង ផលប្រយោជន៍​សាជីវកម្ម ការ​គាំទ្រ​នូវ​ជម្រើស​ដទៃ​ទៀត​នៃ​ការ​ធ្វើ​សមាហរណកម្ម​ប្រចាំ​តំបន់ របស់​ប្រជាពលរដ្ឋ និង​ការ​គោរព​នូវ​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​អាស៊ាន​ជា​រួម។

សមាគម​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដែល​ប្រទេស​ជា​ស្ថាបនិក​រួមមាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ។ ចាប់​ពី​ពេល​នោះ​មក សមាគម​អាស៊ាន បាន​ពង្រីក​សមាជិកភាព​របស់​ខ្លួន ដោយមាន​ការ​រួម​បញ្ចូល ប្រទេស​ប្រ៊ុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឬ​ភូមា និង​ប្រទេស​វៀតណាម។ រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង​១០ បាន​បង្កើត​សហគមន៍​អាស៊ាន នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៥ ជាមួយ​នឹង​គោលដៅ នាំមក​នូវ​ឱកាស​បន្ថែម​ទៀត និង​អត្ថប្រយោជន៍​បន្ថែម​ទៀត ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ។ ឆ្នាំ​២០១៧​នេះ គឺជា​ខួប​លើក​ទី ៥០ ឆ្នាំ នៃ​សមាគម​អាស៊ាន ដែល​មាន​ប្រជាជន​សរុប​ជិត ៦២២ លាន​នាក់។ ប្រទេស​សិង្ហបុរី នឹង​ធ្វើជា​ម្ចាស់​ដឹកនាំ​សន្និសីទ​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

sokim

ពី ភ្នំពេញ

Asean នៅខ្សោយណាស់គ្មានបានការប៉ុន្មានទេ

Nov 15, 2017 04:53 AM

គេហទំព័រ​ទាំងមូល