លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវរបបលោក ហ៊ុន សែន រំលាយហើយដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនិងអនុប្រធានគណបក្សសង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ ត្រូវបានអង្គការសង្គមស៊ីវិលនៅប្រទេសកូរ៉េខាងត្បូងធ្វើការផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ប្រគល់រង្វាន់សន្តិភាពសិទ្ធិមនុស្សអាស៊ី នៅថ្ងៃទី២២មិថុនា។ អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែលទៅទទួលជ័យលាភីនេះនិយាយថានេះជាមោទនភាព ចំពោះពលរដ្ឋខ្មែរ និងអ្នកប្រជាធិបតេយ្យនៅកម្ពុជា។
រង្វាន់សន្តិភាពសិទ្ធិមនុស្សអាស៊ីដែលផ្តល់ជូនលោក កឹម សុខា និងអ្នកស្រី មូរ សុខហួរ គឺតំណាងឲ្យពលរដ្ឋខ្មែរដែលចូលរួមតស៊ូទាមទារប្រជាធិបតេយ្យ និងការពង្រឹងសិទ្ធិមនុស្សនៅកម្ពុជាក្នុងស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងដំណំ ពីសំណាក់របបលោក ហ៊ុន សែន ដែលកំពុងធ្វើទុក្ខបុកម្នេញលើអ្នកនិយមប្រជាធិបតេយ្យ។
អ្នកស្រី មូរ សុខហួរ ដែលទៅទទួលជ័យលាភីនេះលើកឡើងថាការផ្តល់រង្វាន់នេះ ជាកិត្តិយសចំពោះក្រុមអ្នកប្រជាធិបបតេយ្យនៅកម្ពុជា។ អ្នកស្រីបន្តថា រង្វាន់នេះ មិនមែនជារបស់អ្នកស្រី និងលោក កឹម សុខា តែពីរនាក់នោះទេពោលគឺជារង្វាន់សម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នា និងជាការលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ ដែលចង់បានលទ្ធិប្រជាធិបតេយ្យ និងការផ្លាស់ប្តូរពិតប្រាកដនៅបន្តតស៊ូទាមទារឲ្យមានការផ្លាស់ប្តូរនេះតទៅទៀត រហូតបានសម្រេច៖ «» ។
អ្នកស្រី មូរ សុខហួរ និយាយ ការទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ គឺត្រូវទាមទារការតស៊ូដែលប្រើពេលវេលាវែងឆ្ងាយ។ ដូច្នេះ អ្នកស្រីបន្តអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងក្រៅស្រុកចូលរួមទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាតទៅទៀត៖ «»។
ដោយសារតែលោក កឹម សុខា នៅជាប់ពន្ធនាគារនៅឡើយ ទើប អ្នកស្រី មូរ សុខហួរ និងសមាជិកសភាបក្សប្រឆាំងមួយរូបទៀត គឺលោក ញ៉យ ចំរើន ទៅទទួលរង្វាន់នេះនៅមុខអគារក្រុមប្រឹក្សាសង្កាត់មួយកន្លែងនៅប្រទេសកូរ៉េ ដែលជាកន្លែងធ្លាប់រងការបង្ហូរឈាមទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់ពលរដ្ឋប្រទេសកូរ៉េដែលតតាំងកងកំលាំងយោធា កាលពីអំឡុងឆ្នាំ១៩៨០។
មន្រ្តីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់ថា ការផ្តល់ការលើកទឹកចិត្ត និងការទទួលស្គាល់ការតស៊ូរបស់លោក កឹម សុខ គឺច្បាស់ជាផ្អែកលើសកម្មភាពការងាររបស់លោក កឹម សុខា នាពេលកន្លងមកទាំងក្នុងការអប់រំប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ឲ្យយល់ដឹងអំពីសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យនិងការតស៊ូមតិដោយសន្តិវិធីនិងអហិង្សារបស់លោកដែលតស៊ូនៅក្រាញននៀលរហូតរងការចាប់ខ្លួនពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន ជាច្រើនលើកនោះឯង៖ «»។
គិតមកដល់ពេលនេះមានរយៈពេលជាង ៩ខែមកហើយដែលលោក កឹម សុខា ជាប់នៅក្នុងពន្ធនាគារ។ នេះមិនមែនជាលើកទីមួយទេ ដែលលោក កឹម សុខា រងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយពីរបបលោក ហ៊ុន សែន។
លោក កឹម សុខា ចាប់ផ្ដើមជាប់ពន្ធនាគារដំបូងនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០០៥ ដោយការប្ដឹងរបស់លោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍។ កាលនោះ លោកនៅធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
របបលោក ហ៊ុន សែន បានចូលចាប់ខ្លួនលោក កឹម សុខា ទាំងកម្រោលពីក្នុងផ្ទះទាំងកណ្ដាលយប់រំលងអាធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយចោទលោកពីបទ «ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
ការផ្តល់រង្វាន់នេះគឺធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះនៅមុនក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េ នឹងធ្វើបាតុកម្មធំមួយនៅថ្ងៃទី២៤ ខែមិថុនា ដើម្បីតវ៉ាឲ្យប្រទេសជប៉ុន ផ្តាច់ជំនួយដល់ គ.ជ.ប និងប្រកាសកុំទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដាខាងមុខ ដែលគណបក្សសង្គ្រោះជាតិ និងសហគមន៍អន្តរជាតិចាត់ទុកថាជាការបោះឆ្នោតមិនប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយមិនឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ពលរដ្ឋម្ចាស់ឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។