សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ក្រោយ​រង​ការ​វាយ​ធ្វើ​បាប

0:00 / 0:00

សកម្មជន​​បក្ស​​ប្រឆាំង​​មួយ​ចំនួន​​ដែល​​រង​គ្រោះ​ដោយ​​ការ​​លប​វាយ​ពី​សំណាក់​ជន​មិន​​ស្គាល់​មុខ ឱ្យ​ដឹង​ថា ​ពួក​គាត់​កំពុង​​រស់​នៅ​ទាំង​ឈឺ​ចាប់​ផ្លូវ​កាយ​និង​ចិត្ត ដោយ​​សារ​​​តែ​អាជ្ញាធរ​មិន​​រក​​យុត្តិធម៌​​ជូន​​ពួក​គាត់។

ចៅ​សង្កាត់រង​ទី២ជាប់​ឆ្នោត នៅ​សង្កាត់​អូរឬស្សី​ទី៤ ខណ្ឌ៧​មករាអ្នកស្រី ទេព ច័ន្ទសុខៃយ៉ា រៀប​រាប់​ថា រយៈ​ពេល​ជិត​ ២ ឆ្នាំ​មក​ហើយ ដែល​អ្នក​ស្រី​ត្រូវជន​មិន​ស្គាល់​​មុខ​​លប​វាយ​ត្រង់​ក្បាល​បណ្តាល​ឱ្យដួល​​សន្លប់​​បោក​ទៅ​​នឹង​​ថ្នល់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​​​​សមត្ថ​​កិច្ច​មិន​ទាន់​ចាប់​​ជន​ដៃ​ដល់​​យក​​​មក​​ផ្តន្ទាទោស​នៅ​​ឡើយ​​ទេ។ អ្នក​ស្រី​ឱ្យ​ដឹង​​ថា ក្រោយ​រង​នូវ​អំពើ​​ហិង្សា​​កាល​ពី​​ចុង​​ឆ្នាំ២០១៩មក ជើង​និង​ដៃ​ខាង​ស្តាំ​របស់​អ្នក​ស្រី​ពិបាក​​ធ្វើ​ចលនា និង​​ឈឺ​ចុក​ចាប់​ស្ទើរ​រាល់​រាល់​​ថ្ងៃ។ ជន​រង​​គ្រោះ​រូប​​នេះ​បន្ថែម​ថា ​អាការៈ​នេះ​មិន​ថម​ថយ​ទេ ទោះ​បីលោក​ស្​រី​ទទួល​​បាន​ការ​ព្យាបាល​​ពី​​គ្រូពេទ្យ​ខ្លះៗ​​ក៏​​ដោយ ។ អ្នកស្រី​​ចាត់​ទុក​ករណី​​ហិង្សា​​​កន្លង​​មក​​នេះ​ថា​​ជា​​​ការ​​​រឿង​​ធ្វើ​​ទុក្ខ​បុក​​ម្នេញ​​ផ្នែក​នយោ​​បាយ ហើយ​ជា​អំពើ​​យុត្តិ​ធម៌​​សម្រាប់​​អ្នកស្រី ​​និង​សកម្ម​​ជន​​បក្ស​ប្រឆាំង​​ផ្សេង​​ទៀត៖ «រូ ភាព​នេះ​ហើយ​ដែល​ខ្ញុំ​បញ្ជាក់​ថា​អូស​ទាញ​ក្នុងរូប​ភាពនយោ​បាយ​មិន​បាន​វាយ​បំបាក់​ស្មារតី​ខ្ញុំ​ ឱ្យ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ចុះ​ចូល​គាត់​ចង់បាន​តួនាទី​តំណែង​ចឹង​​អត់ទេ ហើយ​បើ​​សិន​​ជា​គាត់​ឈ្នះ​ដោយ​យុត្តិធម៌​មិន​គួរប្រើ​របៀប​វាយ​ឆ្មក់​អូស​ទាញ​ចឹង​ទេ ខ្ញុំ​​ធ្វើការ​ងារ​នេះ​ គឺ​ខ្ញុំ​ចង់​បាន​យុត្តិធម៌​ ចង់បាន​ប្រជា​ធិបតេយ្យ​សម្រាប់​កូន​ចៅ​ខ្ញុំ​ស្រករ​ក្រោយ​ទេ»។

ចំណែក​សមាជិក​ក្រុម​ប្រឹក្សា​​សង្កាត់​កាកាប១ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​ធា​នីភ្នំពេញលោក ខៀវ ឌីន វិញ ​ពេល​​នេះ​លោក​មាន​​ជំងឺ​វង្វេង​ស្មារតី ដោយ​​សារ​តែ​​ជន​​ដៃ​ដល់​​​វាយ​​ចំក្បាល​របស់​លោក​​កាល​​ពីឆ្នាំ២០១៩។

ប្រពន្ធ​លោក​លោក ខៀវ ឌីន គឺលោកស្រី ពេជ្រ សុខណា ​ឱ្យ​ដឹង​ថា ប្តី​លោកស្រី​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ជាង ​២០ ថ្ងៃ​ហើយ ដោយ​គ្រូ​ពេទ្យ​ប្រាប់​ថា​ ប្តី​លោក​ស្រីប៉ះ​ទង្គិច​ត្រង់​សរសៃ​ប្រសាទ​តូចៗ​នៃ​ខួរ​ក្បាល​ដែល​ធ្វើ​ឱ្យ​គាត់​មាន​ជំងឺ​វង្វេងស្មារតី និង​មិន​និយាយ​ជា​ដើម។ លោក​ស្រី​ត្អូញ​ត្អែរ​ថា ​គ្រួសារ​លោកស្រី​គ្មានប្រាក់​ឱ្យ​ថ្លៃ​ពេទ្យ​សម្រាប់​ពិនិត្យ​និង​ព្យាបាល​ប្តី​នោះ​ទេ៖ «គាត់​ធ្លាប់​ជួយ​ក្រុម​គ្រួសារ​បាន ដល់​ពេល​គាត់​ជួយ​អត់​បានក្នុង​ខ្លួន​គាត់​ក៏​ពិបាក​យើង​ក៏​ពិបាក​គ្រប់​បែប​គ្រប់​យ៉ាង​រស់​នៅ​ក្នុង​ការ​អត់​ធ្មត់ ត្រូវ​មើល​គាត់​បន្ត​ទៀត​ ចឹង​យើង​មិនទុក​បណ្តែត​បណ្តោយ​ទេ យ៉ាង​ណា​ក៏ដោយ​ត្រូវ​តែ​មើល​គាត់ ឥឡូវ​នេះ​កំពុង​ព្យាបាល​គាត់ »

លោកស្រី ពេជ្រ សុខណា បន្ត​ថា ​លោក​ស្រី​សោក​ស្តាយ​ចំពោះ​អាជ្ញាធរ​ដែលខកខាន​​ស្វែង​​រក​​ជន​ល្មើស​​​មក​​ផ្តន្ទា​​​ទោស​​តា​ម​​ច្បាប់។ ស្រ្តីវ័យ ​៦៤ ​ឆ្នាំ​​រូប​​នេះ​​ទាម​​ទារ​​ឱ្យ​​អាជ្ញាធរ​​ពាក់​ព័ន្ធ​​ពន្លឿន​​ចាប់​​ជន​​ដៃ​​ដល់​​យក​​មក​​ទទួល​​ខុស​​ត្រូវ​​ជុំវិញ​​ករណី​ហិង្សា​​​​នេះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទងអ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ជាតិលោក ឆាយ គឹមខឿន និង​អ្នក​​នាំ​ពាក្យ​ប៉ូលិស​ក្រុង​​​ភ្នំពេញលោក សាន សុខសីហា ដើម្បី​សាក​សួរ​​ពី​ការ​​ស៊ើប​អង្កេត រឿង​នេះ​បាន​ទេ នៅថ្ងៃទី១៤ ខែសីហា។

ប៉ុន្តែ​លោក សាន សុខសីហា ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា សមត្ថ​​កិច្ច​​មិន​​ផ្អិប​​ករណី​នេះ​​ចោល​​នោះ​​ទេ ប៉ុន្តែ​​លោក​​​ស្នើ​​ឱ្យ​​គ្រួសារ​​ជន​​រង​​គ្រោះ​​សហ​ការ​​ជា​​មួយ​សមត្ថ​​កិច្ច និង​​ទុក​​ចិត្ត​លើ​​សមត្ថ​​កិច្ច។

ទោះ​ជា​យ៉ាង​ណា ជន​រង​គ្រោះ និង​​គ្រួសារ​បាន​​អាះ​អាង​ថា នេះ​​គ្រាន់​តែ​​លេសដោះ​សារ​​របស់​​អាជ្ញាធរ​​តែ​ប៉ុណ្ណោះ ពី​ព្រោះ​អាជ្ញាធរ​​មិន​​ដែល​​ផ្តល់​​ព័ត៌​មាន​អំពីការ​​វិវឌ្ឍ​នៃ​ដំណើរ​ការ​​ស៊ើប​អង្កេត​​​ដល់​​ពួក​គាត់​​នោះ​ឡើយ ក្នុង​រយៈ​ពេល​​ជាច្រើន​​ខែ​ឆ្នាំ​មក​នេះ។

ជុំវិញ​​រឿង​​នេះ ​ប្រធាន​​​សមា​​គម​​ការ​ពារ​​សិទ្ធិ​​មនុស្ស​​អាដហុក(ADHOC) លោក នី សុខា មាន​​ប្រសាសន៍​ថា ​​សង្គម​ស៊ីវិល​សោកស្តាយ​ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល ដែល​មិន​​ទាន់​​វែក​មុខ​ជន​ល្មើស​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។ លោក​ថា ​ការខកខាន​នេះ​ គឺ​បង្ហាញ​ពី​អសមត្ថ​ភាព​របស់​អាជ្ញាធរ និង​​ការ​​រើស​​អើង​​និន្នា​ការនយោ​បាយ ដែល​​​បញ្ហា​​នេះ​បង្កើត​ឱ្យ​​មាន​​អំពើ​និទណ្ឌ​ភាព​នៅ​ក្នុង​សង្គម​កម្ពុជា។ លោក​​ជំរុញ​ឱ្យ​​សមត្ថ​កិច្ច​​ត្រូវ​​​វែក​​មុខ​​ជន​​ដៃ​​ដល់​ និង​​អ្នក​​ពាក់​ព័ន្ធយកមក​​ផ្តន្ទា​​ទោស​​តាម​​ច្បាប់៖ «ពេល​ខ្លះ​ជន​រង​គ្រោះ​ខ្លះ​គាត់​អត់​ប្តឹង​តែ​ម្តង​ដោយ​សារ​គាត់ហាក់​បី​ដូច​ជា​ខ្វះ​ជំនឿ​ទៅ​លើ​សមត្ថកិច្ច​ ពី​​ព្រោះ​ថា​ សមត្ថ​កិច្ច​មិន​ដែល​វែក​មុខជន​ល្មើស​ឃើញ​ផង ដូច្នេះ​ហើយ​យើង​មើល​ឃើញ​ថា ​ប្រៀបធៀប​ទៅ​នឹង​ករណី​មួយចំនួន​ផ្សេង​ទៀត​ដែល​សមត្ថកិច្ច​ហាក់​បី​ដូច​ជា​ យើង​មើល​ឃើញ​មាន​សមត្ថភាព​ខ្ពស់​ណាស់​ ដូច​ជា​រឿង​សកម្ម​ជន​បក្សប្រឆាំង​មួយ​ចំនួន​គ្រាន់​តែ​បញ្ចេញមតិ គ្រាន់​តែ​ទាម​ទារ​តវ៉ា​អី ហើយ​អ្នក​ខ្លះ​ទៅ​ចាប់​ដល់​តាម​ព្រំដែន​ទៀត»។

ករណី​ហិង្សា​លើ​សមាជិក​បក្ស​​សង្គ្រោះ​ជាតិ និង​ក្រុម​គ្រួសារ​​របស់​​ពួក​​គេ​កើត​មាន​​ច្រើន​​នៅ​ចន្លោះ​ឆ្នាំ២០១៩ និងឆ្នាំ២០២០ ពេល​​ដែល​ស្ថាន​ការណ៍​នយោបាយ​​ឡើង​កម្តៅ​ខ្លាំង ជាពិសេស​​ការ​​ប្រកាស​វិល​​ចូល​​ស្រុក​​វិញ​របស់​លោក សម រង្ស៊ី។ សកម្ម​ជន​​​បក្ស​ប្រឆាំង​​និង​​សាច់​​ញាតិ​​របស់​​​ពួក​​គេ​​​ជាង​​ ៣០ ​​​នាក់ ​ត្រូវ​​​បាន​​​ជន​​មិន​​​ស្គាល់​​មុខ​​​លួច​​វាយ​​ដំ​​​បណ្តាល​​ឲ្យ​​​របួស​​​ធ្ងន់​​ធ្ងរ ហើយ​​​ជន​រង​​គ្រោះ​​​ខ្លះ​​បាន​ស្លាប់ និង​​​ធ្លាក់​​​ខ្លួន​​ពិការ​​​អស់​​​មួយ​​ជីវិត។ ក្នុង​ករណី​ហិង្សា​​ទាំងនោះ ភាគ​ច្រើន​បំផុត អាជ្ញាធរ​​មិន​បាន​​ចាប់​​ខ្លួន​​ជន​​ដៃ​ដល់​យក​​មក​​ផ្តន្ទា​ទោសឡើយ។ ជន​រង​​គ្រោះ​ខ្លះ​​​​មិន​​​ត្រឹម​​តែ​​មិន​​​ទទួល​​បាន​​​យុត្តិ​ធម៌​​​នោះ​​ទេ ​តែ​ថែម​​ទាំង​​​ត្រូវ​​បាន​​ជន​​​ល្មើស​​​លួច​​វាយ​​​ប្រហារ​​​ផ្ទួនៗ​​​​គ្នា​​​ពីរ​​​​លើក​​ ហើយ​អ្នក​​​​ខ្លះ​ទៀត ​ថែម​​ទាំង​​​ត្រូវ​បាន​​​អាជ្ញាធរ​​​របប​​​ក្រុង​​ភ្នំពេញ​​​ចាប់​​ឃុំ​​ខ្លួន​​​ក្នុង​​​ពន្ធនា​គារ​​ទៀត​​ផង។

​ក្រុម​​អង្គ​ការ​​ជាតិ​ និង​​អន្តរ​​ជាតិ ​រួម​​ទាំង​​​អង្គការ​​សហ​ប្រជា​ជាតិ​​ផង ​​បាន​សម្តែង​ក្តី​​​​ព្រួយ​​បារម្ភ​​​ជា​ខ្លាំង​ ​​ចំពោះ​​​អំពើ​​ហិង្សា​​​លើ​​ស​កម្ម​​ជន​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​ជា​​ញឹក​​ញាប់​​នេះ។ ពួក​​គេ​​​ចាត់​​​ទុក​ ​ករណី​​ទាំង​នេះ​ ថា​ជា​​​​ការ​​ធ្វើ​​ទុក្ខ​​​បុក​​ម្នេញ​​ផ្នែក​​​នយោ​​បាយ​​​ដែល​​​ត្រូវ​​តែ​​​បញ្ឈប់​​​ជា​​បន្ទាន់។​ ចំណែក​​​ក្រុម​​​សកម្ម​​ជន​​​បក្ស​​សង្គ្រោះ​​​ជាតិ​​វិញ ​ពួក​​គាត់ ​លើក​​ឡើង​​ថា ​ការ​​បណ្តែត​​​បណ្តោ​យ​​​ឲ្យ​​ជន​​ល្មើស​​​បន្ត​រស់​​​នៅ​​​ក្រៅ​​​សំណាញ់​​​ច្បាប់​​​បែប​​នេះ ​ធ្វើ​​ឲ្យ​​ពួក​​គាត់​​​ជា​​ជន​​រង​​គ្រោះ​​​​រស់​​នៅ​​​ជា​មួយ​​​ភាព​​​ឈឺ​​ចាប់​​​និង​​​ការ​​​ភ័យ​​ខ្លាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។