ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ដានីញ៉ែល ក្រៃថេនប៊្រីង (Daniel J. Kritenbrink) សម្រេចលើកពេលដំណើរទស្សនកិច្ចមកកម្ពុជា និងឡាវ ក្រោយធ្វើតេស្តរកឃើញកើតជំងឺកូវីដ១៩។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានសរសេរនៅលើទំព័រទ្វីតធ័ររបស់ការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាមេរិក កាលពីយប់ថ្ងៃទី១ ខែឧសភាថា លោកបានធ្វើតេស្តរកឃើញកើតជំងឺកូវីត១៩ ហើយជាការគួរឱ្យសោកស្ដាយ ដែលលោកត្រូវលើកពេលដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា និងឡាវ ដោយលោកត្រូវធ្វើចត្តាឡីស័ក្តនៅគេហដ្ឋានរបស់លោកវិញ។ ទោះយ៉ាងណា លោក ដានីញ៉ែល ក្រៃថេនប្រ៊ីង គូសបញ្ជាក់ថា លោកទន្ទឹងរង់ចាំឱកាសនៃការធ្វើទស្សនកិច្ចនៅប្រទេសទាំងពីរនេះ នៅពេលអនាគត។
ពីរថ្ងៃមុនការគ្រោងធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងឡាវនេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ដានីញ៉ែល ក្រៃថេនប្រ៊ីង បានសរសេរសារនៅលើទំព័រទ្វីតធ័រដដែលនេះថា ដំណើរទស្សនកិច្ចរបស់លោកមកទីក្រុងភ្នំពេញ និងទីក្រុងវៀងច័ន្ទ គឺដើម្បីស្វែងយល់ឱ្យបានកាន់តែប្រសើរជាងមុនលើបញ្ហានានា ដែលតំបន់មេគង្គកំពុងតែប្រឈម ព្រមទាំងឱកាសដើម្បីពង្រីកវិបុលភាព និងសេរីភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
គិតត្រឹមម៉ោងផ្សាយនេះ វិទ្យុអាស៊ីសេរី នៅពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាមេរិក ជុំវិញការសម្រេចលើកពេលការធ្វើដំណើរទស្សនកិច្ចរបស់មន្ត្រីការទូតអាមេរិកនេះ បាននៅឡើយទេ។
After experiencing symptoms, I unfortunately tested positive for COVID-19. Sadly, this means that I am postponing my trip to Cambodia and Laos and will quarantine at home. I look forward to the opportunity to travel to both countries in the future. -DJK
ការគ្រោងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសទាំងពីរនៅតំបន់អាស៊ីអាគ្នេយ៍នេះ កើតមានឡើងស្របពេលដែលសហរដ្ឋអាមេរិក និងអាស៊ាន គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក លើកទីពីរ នៅថ្ងៃទី១២ និង១៣ ខែឧសភា នេះ នៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក។ ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា និងអ្នកជំនាញកិច្ចការអន្តរជាតិ លើកឡើងថា ដំណើរទស្សនកិច្ចរបស់ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ គឺដើម្បីទប់ទល់នឹងឥទ្ធិពលចិនមកលើប្រទេសទាំងពីរ ស្របពេលដែលប្រទេសទាំងពីរនៅក្នុងប្លុកអាស៊ាននេះកំពុងលម្អៀងខ្លាំងទៅរកប្រទេសចិន។ កម្ពុជាបានប្រកាសនៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនេះថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាគាំទ្រជាគោលការណ៍ជុំវិញការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូកិច្ចសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងដែលអាស៊ានបានបង្កើន និងកំពុងតែអនុវត្តជាមួយចិន និងអូស្ត្រាលី (Australia) ចាប់តាំងពីឆ្នាំ២០២១ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។