អ្នកស្រី អ៊ុង សានស៊ូជី បាន​ជួប​មេ​ដឹក​នាំ​កំពូលៗ កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ដំបូង​បង្អស់​របស់​អ្នកស្រី

0:00 / 0:00

ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​សហភាព​មីយ៉ាន់ម៉ា (Myanmar) អ្នក​ស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) នៅ​ថ្ងៃ​ទី៣០ ខែ​មេសា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ថ្នាក់​ដឹក​នាំ​កំពូល ៣រូប​ដាច់​ដោយ​ឡែក​ពី​គ្នា។

ក្នុង​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ អ្នក​ស្រី អ៊ុង សានស៊ូជី និង​លោក ហ៊ុន សែន ប្តេជ្ញា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រីក​ចំរើន​ខ្លាំង ក្នុង​វិស័យ​វប្បធម៌ សាសនា អប់រំ និង​វិស័យ​សេដ្ឋកិច្ច។ ចំណែក​វិស័យ​វប្បធម៌​វិញ ក្នុង​ខួប​លើក​ទី ៦៥ឆ្នាំ នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ នៅ​ឆ្នាំ២០២០ ខាង​មុខ កម្ពុជា និង​មីយ៉ាន់ម៉ា គ្រោង​រៀបចំ​សកម្មភាព​រួម​មួយ​ចំនួន ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ ជា​ពិសេស​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាហ្គាន ដែល​សំបូរ​ទៅ​ដោយ​ប្រាសាទ​បុរាណ។

ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច​វិញ ប្រទេស​ទាំង​ពីរ នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ពី​បច្ចុប្បន្ន ដែល​មាន​ប្រមាណ ១០លាន​ដុល្លារ​អាមេរិក ពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួត​គ្នា និង​បង្កើន​វិស័យ​ផ្សេងៗ ទៀត។

កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា ក្រោយ​ពី​បាន​ដាក់​កម្រង​ផ្កា​នៅ​វិមាន​ឯករាជ្យ និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ អ្នកស្រី​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន។ អ្នកស្រី ក៏​បាន​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ មុនីនាថ សីហនុ នៅ​ក្នុង​ព្រះបរមរាជវាំង ផង​ដែរ។

ដំណើរ​ទស្សនកិច្ច ៣ថ្ងៃ​របស់​អ្នកស្រី​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​គ្រប់​វិស័យ ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ពហុភាគី។

អ្នក​ស្រី​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​មួយ​ចំនួន នៅ​ខេត្ត​សៀមរាប មុន​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី១ ឧសភា។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ដំបូង​បង្អស់​របស់​អ្នកស្រី អ៊ុង សានសូជី មក​កាន់​កម្ពុជា បន្ទាប់​ពី​អ្នក​ស្រី​បាន​ក្លាយ​ជា​ទីប្រឹក្សា​រដ្ឋ ដែល​ជា​តំណែង​ស្រដៀង​នឹង​នាយក​រដ្ឋ​មន្ត្រី និង​បន្ទាប់​ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា បាន​បិទ​បញ្ចប់​សករាជ​នៃ​របប​យោធា​ផ្ដាច់​ការ កាល​ពី​ឆ្នាំ២០១៦ កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។