សង្គម​ស៊ីវិល​ថា អន្តរជាតិ​ចង់​ឱ្យ​មាន​​ដំណោះស្រាយ​នយោបាយ ទើប​បន្ត​ជំរុញ​ករណី​លោក កឹម សុខា

ដោយ ទីន ហ្សាការីយ៉ា
2021-10-14
Share
សង្គម​ស៊ីវិល​ថា អន្តរជាតិ​ចង់​ឱ្យ​មាន​​ដំណោះស្រាយ​នយោបាយ ទើប​បន្ត​ជំរុញ​ករណី​លោក កឹម សុខា (ឆ្វេង) លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលី និង​លោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ជំនួប​សំណេះសំណាល​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកលោក កឹម សុខា

អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តាមដាន​ស្ថានការណ៍សង្គម ​លើក​ឡើង​ថា សហគមន៍​អន្តរជាតិ​ចង់​ឱ្យ​កម្ពុជា​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​មុន​ការ​បោះឆ្នោត​មក​ដល់ ទើប​បានជា​បន្ត​ជំរុញ​ឱ្យ​មាន​យុត្តិធម៌​សម្រាប់​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា។ ​ការ​ថ្លែង​បែបនេះ គឺ​បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត និង​រាជទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​បាន​​ជួប​សន្ទនា​ជាមួយ​លោក កឹម សុខា ជា​បន្តបន្ទាប់​នៅ​ដើម​សប្តាហ៍​នេះ។

អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​បន្ត​ជួប​​លោក កឹម សុខា និង​ស្នើ​ឱ្យ​មាន​ដំណោះស្រាយ​ឆាប់​រហ័ស​សម្រាប់​សំណុំ​រឿ​ង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។ អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំមើល​ស្ថានការណ៍​វាយ​តម្លៃ​ថា ករណី​នេះ​បង្ហា​ញ​ថា សហគមន៍​អន្តរជាតិ​នៅ​តែ​ចង់​ឃើញ​កម្ពុជា​បញ្ចប់​វិបត្តិនយោបាយ និង​ឈាន​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា យល់ថា ការ​ចេញចូល​ជួប​លោក កឹម សុខា ជាហូរហែ​ពី​សំណាក់​មន្ត្រីការទូត​បរទេស​បង្ហាញ​ថា តំណាង​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ​នៅ​តែ​គាំទ្រ​មេ​បក្ស​ប្រឆាំង​រូប​នេះ និង​ចង់​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា។ លោក​យល់ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​​វិបត្តិ​នយោបាយ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​កុំ​ឱ្យ​កម្ពុជា​ទទួល​រង​សម្ពាធ ឬ​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ។

ការ​លើកឡើង​របស់​មន្ត្រី​អង្គការសង្គម​ស៊ីវិល​បែបនេះ គឺ​នៅ​ក្រោយពេល​តំណាង​ទូត​បរទេស​បាន​ជួប​លោក កឹម សុខា ជា​បន្តបន្ទាប់ នៅ​ដើម​សប្ដាហ៍​នេះ។  

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នកស្រី ខាមែន ម៉ូរេណូ (Carmen Moreno) បាន​ទៅ​ជួប​លោក កឹម សុខា ដល់​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។ លោក កឹម សុខា ឱ្យ​ដឹង​លើ​ហ្វេសប៊ុក (Facebook) ថា ជំនួប​នេះ​ជាការ​សម្ដែង​ការ​គួរសម សួរសុខទុក្ខ​គ្នា និង​ផ្លាស់​ប្ដូរ​ទស្សនៈ​លើ​កិច្ច​ការមួយ​ចំនួន។ លោក​បាន​អរគុណ​ប្រទេស​ជាមិត្ត​ដែល​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ពលរដ្ឋ​ខ្មែរ​ ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣តុលា ១៩៩១។ បន្ទាប់​មក​នៅ​ថ្ងៃទី ១៣តុលា លោក កឹម សុខា ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​​ជួប​ទទួល​ទាន​អាហារ​ពេលព្រឹក​ជាមួយ​ឯកអគ្គរាជទូត​អូស្ត្រាលី លោក ផាប្លូ កាំង (Pablo Kang) នៅឯ​កន្លែង​ស្នាក់​នៅ​របស់​លោក​ឯកអគ្គរាជទូត។

ស្ថានទូត​អូស្រ្តាលី​ឱ្យ​ដឹង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា លោក ផាប្លូ កាំង បាន​ពិភាក្សា​ជាមួយ​លោក កឹម សុខា អំពី​ប្រធានបទ​មួយចំនួន​ទាក់ទង​នឹង​ការ​ស្តារ​ឡើងវិញ​ពី​ជំងឺកូវីដ-១៩ និង​ការអភិវឌ្ឍ​របស់​កម្ពុជា​នាពេល​អនាគត។ ស្ថានទូត​ដដែល​សង្កត់ធ្ងន់​ថា អូស្រ្តាលី​បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ជាបន្តបន្ទាប់ រួមទាំង​ពេលថ្មីៗនេះ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ដើម្បី​ធានា​ឱ្យ​មាន​ការ​ដោះ​ស្រាយ​ឆាប់​រហ័ស ប្រកប​ដោយ​តម្លាភាព និងយុត្តិធម៌ អំពី​ស្ថានភាព​នយោបាយ​របស់​លោក កឹម សុខា។ រីឯ​លោក កឹម សុខា វិញ លោក​បាន​បង្ហោះ​សារ​អរគុណ និង​កោត​សរសើរ​ដល់​ប្រទេស​អូស្ត្រាលីដែល​បាន​ចូល​រួម​ជួយ​កម្ពុជា​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត និង​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ លោក​សង្ឃឹម​ថា អូស្ត្រាលី​នឹង​បន្ត​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ទទួល​បាន​នូវ​អ្វី​ដែល​ស្រប​តាម​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ទោះជាយ៉ាងណា ជំនួប​រវាង​អង្គទូត​បរទេស​ជាមួយ​លោក កឹម សុខា នេះ ត្រូវបាន​តំណាង​គណបក្ស​កាន់​អំណាចចាត់​ទុក​ថា គ្រាន់តែ​ជា​មនោសញ្ចេតនា​តែប៉ុណ្ណោះ។

មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែងថា ជំនួប​រវាងអង្គទូត​បរទេស​ជាមួយ​លោក កឹម សុខា នឹង​មិន​អាចជួយ​មេបក្ស​ប្រឆាំង​រូបនេះ​ឱ្យ​រួច​ផុត​ពីការ​ចោទ​ប្រកាន់ ឬទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នោះ​ទេ ព្រោះ​លោក​ថា សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ៖

របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក​ កឹម សុខា ពី​បទ​ក្បត់​ជាតិ ប៉ុន្តែ​ជាង ៤ឆ្នាំ​មក​នេះ អាជ្ញាធរ​មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ​ណាមួយ ដែល​បង្ហាញពីទោស​កំហុស​របស់​លោក​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សំណុំ​រឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អគ្គលេខាធិការ​សហព័ន្ធនិស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែងថា ការ​ពន្យារ​ពេល​ជំនុំ​ជម្រះ​រឿង​ក្ដី​ដ៏​ធំ​មួយ​នេះ ហាក់​ជា​ចេតនា​បិទ​ផ្លូវ​លោក កឹម សុខា មិន​ឱ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោតនា​ពេលខាង​មុខ។ លោកបន្ត​ថា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​មិន​ចង់​ឃើញ​ការ​បោះ​ឆ្នោត​ដូច​កាល​ពី​ឆ្នាំ២០១៨ នោះ​ទេ ដូច្នេះ​ទើប​បាន​ជាគេ​ជំរុញ​ម្ដង​ហើ​យ​ម្ដង​ទៀត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅមុន​ការ​បោះឆ្នោត​មក​ដល់។ លោក​បញ្ជាក់​ថា ដំណោះស្រាយ​ទាំង​នោះ​មានជា​អាទិ៍ ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​សមាជិក​បក្ស​ប្រឆាំង រួម​ទាំង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត ការ​បើក​ដំណើរ​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ហើយ​និង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ជាដើម៖

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ-និង​អន្តរជាតិ ព្រម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ផង​បាន​ទទួល​ស្គាល់​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ និងរង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។ ពួក​គេ​បន្ត​ទទូច​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ ដើម្បី​ឱ្យ​លោក​អាច​ចាប់​ផ្តើម​ជីវិត​នយោបាយ​បាន​ដូច​ដើម​ឡើង​វិញ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល