អង្គការសង្គមស៊ីវិល និងអ្នកតាមដានស្ថានការណ៍សង្គម លើកឡើងថា សហគមន៍អន្តរជាតិចង់ឱ្យកម្ពុជាដោះស្រាយបញ្ចប់វិបត្តិនយោបាយមុនការបោះឆ្នោតមកដល់ ទើបបានជាបន្តជំរុញឱ្យមានយុត្តិធម៌សម្រាប់មេបក្សប្រឆាំងលោក កឹម សុខា។ ការថ្លែងបែបនេះ គឺបន្ទាប់ពីឯកអគ្គរដ្ឋទូត និងរាជទូតប្រទេសប្រជាធិបតេយ្យមួយចំនួនបានជួបសន្ទនាជាមួយលោក កឹម សុខា ជាបន្តបន្ទាប់នៅដើមសប្តាហ៍នេះ។
អង្គទូតប្រទេសប្រជាធិបតេយ្យធំៗបន្តជួបលោក កឹម សុខា និងស្នើឱ្យមានដំណោះស្រាយឆាប់រហ័សសម្រាប់សំណុំរឿងរបស់ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ។ អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលស្ថានការណ៍វាយតម្លៃថា ករណីនេះបង្ហាញថា សហគមន៍អន្តរជាតិនៅតែចង់ឃើញកម្ពុជាបញ្ចប់វិបត្តិនយោបាយ និងឈានទៅរកការផ្សះផ្សាជាតិឡើងវិញ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា យល់ថា ការចេញចូលជួបលោក កឹម សុខា ជាហូរហែពីសំណាក់មន្ត្រីការទូតបរទេសបង្ហាញថា តំណាងរដ្ឋាភិបាលប្រទេសទាំងនោះនៅតែគាំទ្រមេបក្សប្រឆាំងរូបនេះ និងចង់ឱ្យមានដំណោះស្រាយបញ្ហានយោបាយនៅកម្ពុជា។ លោកយល់ថា រដ្ឋាភិបាលគួរតែពិចារណាក្នុងការដោះស្រាយបញ្ចប់វិបត្តិនយោបាយឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យកម្ពុជាទទួលរងសម្ពាធ ឬទណ្ឌកម្មបន្ថែមទៀតពីសហគមន៍អន្តរជាតិ។
ការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិលបែបនេះ គឺនៅក្រោយពេលតំណាងទូតបរទេសបានជួបលោក កឹម សុខា ជាបន្តបន្ទាប់ នៅដើមសប្ដាហ៍នេះ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អ្នកស្រី ខាមែន ម៉ូរេណូ (Carmen Moreno) បានទៅជួបលោក កឹម សុខា ដល់គេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោក កឹម សុខា ឱ្យដឹងលើហ្វេសប៊ុក (Facebook) ថា ជំនួបនេះជាការសម្ដែងការគួរសម សួរសុខទុក្ខគ្នា និងផ្លាស់ប្ដូរទស្សនៈលើកិច្ចការមួយចំនួន។ លោកបានអរគុណប្រទេសជាមិត្តដែលនៅតែយកចិត្តទុកដាក់ជួយពលរដ្ឋខ្មែរ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១។ បន្ទាប់មកនៅថ្ងៃទី ១៣តុលា លោក កឹម សុខា ត្រូវបានអញ្ជើញឱ្យជួបទទួលទានអាហារពេលព្រឹកជាមួយឯកអគ្គរាជទូតអូស្ត្រាលី លោក ផាប្លូ កាំង (Pablo Kang) នៅឯកន្លែងស្នាក់នៅរបស់លោកឯកអគ្គរាជទូត។
ស្ថានទូតអូស្រ្តាលីឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកថា លោក ផាប្លូ កាំង បានពិភាក្សាជាមួយលោក កឹម សុខា អំពីប្រធានបទមួយចំនួនទាក់ទងនឹងការស្តារឡើងវិញពីជំងឺកូវីដ-១៩ និងការអភិវឌ្ឍរបស់កម្ពុជានាពេលអនាគត។ ស្ថានទូតដដែលសង្កត់ធ្ងន់ថា អូស្រ្តាលីបានជំរុញរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ រួមទាំងពេលថ្មីៗនេះនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដើម្បីធានាឱ្យមានការដោះស្រាយឆាប់រហ័សប្រកបដោយតម្លាភាព និងយុត្តិធម៌ អំពីស្ថានភាពនយោបាយរបស់លោក កឹម សុខា។ រីឯលោក កឹម សុខា វិញ លោកបានបង្ហោះសារអរគុណ និងកោតសរសើរដល់ប្រទេសអូស្ត្រាលីដែលបានចូលរួមជួយកម្ពុជាយ៉ាងសកម្មក្នុងការបង្កើត និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ លោកសង្ឃឹមថា អូស្ត្រាលីនឹងបន្តជួយដល់ពលរដ្ឋខ្មែរឱ្យទទួលបាននូវអ្វីដែលស្របតាមកិច្ចព្រមព្រៀងក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា។
ទោះជាយ៉ាងណា ជំនួបរវាងអង្គទូតបរទេសជាមួយលោក កឹម សុខា នេះ ត្រូវបានតំណាងគណបក្សកាន់អំណាចចាត់ទុកថា គ្រាន់តែជាមនោសញ្ចេតនាតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា ជំនួបរវាងអង្គទូតបរទេសជាមួយលោក កឹម សុខា នឹងមិនអាចជួយមេបក្សប្រឆាំងរូបនេះឱ្យរួចផុតពីការចោទប្រកាន់ ឬទទួលបានសិទ្ធិធ្វើនយោបាយវិញនោះទេព្រោះលោកថា សំណុំរឿងកំពុងស្ថិតក្នុងដៃតុលាការ៖
របបលោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ប៉ុន្តែជាង ៤ឆ្នាំមកនេះ អាជ្ញាធរមិនបានបង្ហាញភស្តុតាងរឹងមាំណាមួយ ដែលបង្ហាញពីទោសកំហុសរបស់លោកនោះឡើយ។ ផ្ទុយទៅវិញ សំណុំរឿងនេះត្រូវបានផ្អឹបទុកទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា ការពន្យារពេលជំនុំជម្រះរឿងក្ដីដ៏ធំមួយនេះ ហាក់ជាចេតនាបិទផ្លូវលោក កឹម សុខា មិនឱ្យចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ។ លោកបន្តថា ក្រុមប្រទេសប្រជាធិបតេយ្យមិនចង់ឃើញការបោះឆ្នោតដូចកាលពីឆ្នាំ២០១៨ នោះទេ ដូច្នេះទើបបានជាគេជំរុញម្ដងហើយម្ដងទៀតឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ចប់វិបត្តិនយោបាយនៅមុនការបោះឆ្នោតមកដល់។ លោកបញ្ជាក់ថា ដំណោះស្រាយទាំងនោះមានជាអាទិ៍ ការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងសមាជិកបក្សប្រឆាំង រួមទាំងអ្នកទោសមនសិការដទៃទៀត ការបើកដំណើរការគណបក្សសង្គ្រោះជាតិឡើងវិញ ហើយនិងការគោរពសិទ្ធិពលរដ្ឋជាដើម៖
ក្រុមប្រទេសប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលជាតិ-និងអន្តរជាតិ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សផងបានទទួលស្គាល់ថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ និងរងការចោទប្រកាន់ដោយអយុត្តិធម៌។ ពួកគេបន្តទទូចដល់របបលោក ហ៊ុន សែន ឱ្យទម្លាក់ចោលបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់មេបក្សប្រឆាំងរូបនេះ ដើម្បីឱ្យលោកអាចចាប់ផ្តើមជីវិតនយោបាយបានដូចដើមឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។