អូស្ត្រាលី (Australia) ប្ដេជ្ញាជួយគាំទ្រអាទិភាពរបស់កម្ពុជាក្នុងពេលធ្វើជាប្រធានអាស៊ាន និងបន្តទំនាក់ទំនងរឹងមាំជាមួយកម្ពុជា។
ថ្លែងក្នុងពិធីប្រារព្វទិវាបុណ្យជាតិអូស្ត្រាលី និងខួបទី ៧០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កាង (Pablo Kang) មានប្រសាសន៍ថា អូស្ត្រាលីរីករាយរង់ចាំជួយគាំទ្រអាទិភាពរបស់កម្ពុជានៅក្នុងឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ដោយរំឭកឡើងវិញពីសមិទ្ធផលជាច្រើនដែលអូស្ត្រាលី និងកម្ពុជាសម្រេចបានរួមគ្នាក្នុងរយៈពេល ៧០ឆ្នាំចុងក្រោយនេះ លោកគូសបញ្ជាក់ថា អូស្ត្រាលីរីករាយរង់ចាំបន្តកិច្ចសហប្រតិបត្តិការនេះជាមួយកម្ពុជាបន្តទៅមុខទៀត។
កម្ពុជា និងអូស្ត្រាលី ប្រារព្ធខួបទី ៧០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីនៅក្នុងឆ្នាំ២០២២ នេះ។ លោក ប៉ាប្លូ កាង កត់សម្គាល់ថា អូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជាដើម្បីពង្រឹងទំនាក់ទំនង ធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព និងរក្សាស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ។
អូស្ត្រាលីបានចូលរួមចំណែកជួយគាំទ្រកម្ពុជាតាមរយៈវិស័យជាច្រើន ជាពិសេសវិស័យអប់រំ កសិកម្ម និងការជួយនាំមកនូវសន្តិភាពដល់កម្ពុជាកាលពីឆ្នាំ១៩៩១។ ចាប់តាំងពីឆ្នាំ១៩៩៤មក អូស្ត្រាលីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៩៤៥នាក់ ទៅសិក្សានៅប្រទេសអូស្ត្រាលី។ និស្សិតកម្ពុជាប្រមាណ ២១.៨០០នាក់ បានចុះឈ្មោះសិក្សានៅអូស្ត្រាលីតាមកម្មវិធីផ្សេងៗ។ ក្រៅពីនេះ ជនជាតិអូស្ត្រាលី ជាង ៦៦.០០០នាក់ មានដើមកំណើតខ្មែរ និងកំពុងចូលរួមចំណែកជាខ្លាំងដល់លទ្ធិប្រជាធិបតេយ្យ ពហុវប្បធម៌នៅអូស្ត្រាលី។ ទន្ទឹមនឹងនេះ អូស្ត្រាលីក៏បានជួយគាំទ្រប្រព័ន្ធសុខាភិបាលនៅកម្ពុជាអស់រយៈពេលជាយូរមកហើយ ជាពិសេសក្នុងអំឡុងពេលមានជំងឺរាតត្បាតសាកលកូវីដ១៩។ អូស្ត្រាលីបានផ្តល់ថវិកាចំនួន ៣៥,៧លានដុល្លារ ដើម្បីជួយដល់ការទទួលបានវ៉ាក់សាំង និងជួយដល់យុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិនៅកម្ពុជា។ ក្នុងនោះវ៉ាក់សាំង ហ្វៃហ្សឺរ-បាយអូអេនថិក (Pfizer-BioNtech) ចំនួន ២,៣៥លានដូស គឺជាជំនួយរបស់អូស្ត្រាលី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។