អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់ខ្លួន​មេឃុំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី កឹម តុលា

ដោយ ឡេង ម៉ាលី
2021.07.22
អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់ខ្លួន​មេឃុំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី កឹម តុលា លោកស្រី​ កឹម តុលា ​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ដែល​អាជ្ញាធរ​ខេត្ត​នេះ​ចាប់​ខ្លួន ​នៅ​រសៀល​ថ្ងៃ​ទី២២ ខែកក្កដា។
រូប៖ ហ្វេសប៊ុក Ron Chanthy

អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​សកម្មជន​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ នៅ​ខេត្ត​កំពង់ស្ពឺ ​នៅ​រសៀល​ថ្ងៃ​ទី២២​ ខែកក្កដា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ​ចាត់​ទុក​ថា ​ការ​ចាប់​ខ្លួន​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នយោបាយ។

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ​ចាប់​ខ្លួន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ​លោកស្រី​ កឹម តុលា ​នៅ​រសៀល​ថ្ងៃ​ទី២២ ខែកក្កដា។

ប្រធាន​គណៈ​កម្មការ​រដ្ឋបាល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ក្រុង​បាងកក​ប្រទេស​ថៃ លោក ឃ្លាំង ប៊ុនឡាយ ប្រាប់​អាស៊ី​សេរី​ថា ​តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​នគរបាល​ខេត្ត​កំពង់ស្ពឺ​មួយ​ក្រុម បាន​ចូល​ទៅ​ចាប់​ខ្លួន​លោកស្រី កឹម តុលា ​ដែល​កំពុង រកស៊ី​លក់ដូរ​ឥវ៉ាន់​ចាប់ហួយ​ដល់​ក្នុង​ផ្ទះ​របស់​គាត់​ក្នុង​ឃុំ​ត្រែង​ត្រយឹង​ ប៉ុន្តែ​លោក​ មិនទាន់​ដឹង​អំពី​មូល​ហេតុ​ច្បាស់​លាស់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​យល់ថា ​ការ​ចាប់​ខ្លួន​លោកស្រី កឹម តុលា គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែល​របប​លោក ហ៊ុន សែន មាន​ចេតនា​បំភិត​បំភ័យ និង​បំបាក់​ស្មារតី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ៖ «រឿង​ប្អូនស្រី កឹម តុលា នេះ ជាក់​ស្ដែង​គាត់​មិន​បាន​ធ្វើសកម្មភាព​អី​ទេ គាត់​គ្រាន់តែ​ធ្វើ​ជា​ពលរដ្ឋ លក់ដូរ​ធម្មតា ហើយ​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចូល​ចាប់​ទៀត​នេះ បាន​ន័យ​ថា របប​ក្រុង​ភ្នំពេញ ភ័យ​ខ្លាច ទោះ​បី​ជា​សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ធ្វើ​អី​ក៏​ដោយ ក៏​គាត់​នៅតែ​ព្រួយ​បារម្ភ នៅ​តែ​ខ្លាច ដូច្នេះ​ហើយ​ទើប​គាត់ ចង់​បំបាក់ ចង់​សម្លុត ចង់​គំរាម​កំហែង គ្រប់​រូបភាព​ ដើម្បី​កុំឲ្យ​អ្នក​ស្នេហា​ជាតិ​ផ្សេង​ទៀត ហ៊ាន​ងើប​ឡើង»

ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយ​រូប​នេះ គឺ​បន្ទាប់​ពី​លោក សម រង្ស៊ី​ ប្រកាស​អំពាវនាវ​ឲ្យ​ពលរដ្ឋ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហាជាតិ ត្រៀម​ខ្លួន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ នៅ​កម្ពុជា ដូច​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ នៅ​ប្រទេស​ភូមា​ ដើម្បី​ប្រឆាំង​នឹង​របប​ផ្ដាច់ការ។

ជុំវិញ​រឿង​នេះ អាស៊ី​សេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន និង​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល នៅ​ល្ងាច​ថ្ងៃ​ទី២២ កក្កដា។

មេឃុំ​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រែង​ត្រយឹង លោកស្រី កឹម តុលា​ ធ្លាប់​បាន​រត់​ភៀស​ខ្លួន​ទៅ​ជ្រកកោន​ន​យោ​បាយ​ក្នុង​ប្រទេស​ថៃ​មួយ​រយៈ ក្រោយ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ចេញ​ដីកា​កោះ​ហៅ​ទៅ​បំភ្លឺ​រឿង​បង្ហោះ​សារ​គាំទ្រ​លោក កឹម សុខា និង​លោក សម រង្ស៊ី ជា​មនុស្ស​តែមួយ​ និង​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ២០១៩។ ក្រោយមក តុលាការ​ខេត្ត​កំពង់ស្ពឺ ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នកស្រី​ ដោយ​ចោទ​ពី​បទ "រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍" ដូច​ករណី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​រូប​ទៀត​ ពាក់ព័ន្ធ​នឹង​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​សម្រេច​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​​រស់នៅ​ជុំ​គ្រួសារ​ឡើងវិញ ក្រោយពេល​មេដឹកនាំ​ក្រុង​ភ្នំ​ពេញ ​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​រត់​គេច​ខ្លួន​ទាំង​អស់ ត្រឡប់​ចូល​ផ្ទះ​សម្បែង​វិញ ដោយ​សន្យា​បញ្ឈប់​ការ​ចាប់​ចង ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តទៅ​ទៀត។ ពេល​នោះ លោក ហ៊ុន សែន បញ្ជា​ឲ្យ​តុលាការ​ដោះ​លែង និង​ដក​ហូត​យក​ដីកា​មកវិញ។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​គោរព​តាម​ការ​សន្យា​ឡើយ ដោយ​របប​របស់​លោក បាន​បន្ត​ធ្វើទុក្ខ​បុក​ម្នេញ​សកម្មជន​បក្ស​ប្រឆាំង​ឡើង​វិញ តាម​ទម្លាប់​ដដែល។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា លោក​ក៏​ទទួល​បាន​ដំណឹង​ពី​ការ​ចាប់​ខ្លួនលោកស្រី កឹម តុលា ដែរ ប៉ុន្តែ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ​ច្បាស់លាស់​នៅ​ឡើយ។ ប៉ុន្តែ​លោក​ថា ការ​ចាប់​ខ្លួន​កន្លងមក ​តែង​តែ​ត្រូវ​បាន​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ រិះគន់​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ និង​បំបិទ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ៖ «កន្លង​មក ​គេ​រិះគន់​ថា វា​ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ជា​ពិសេស សេរីភាព​ជា​មូលដ្ឋាន ដែល​ធានា​ដោយ​រដ្ឋ ធម្មនុញ្ញ​មាត្រា ៣៥ ដែល​និយាយ​អំពី​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ចូលរួម​ទាំង​យ៉ាង​សកម្ម ក្នុង​ជីវភាព​នយោបាយ ​សេដ្ឋកិច្ច សង្គម​ និង​វប្បធម៌ ហើយ​ករណី​ទាំង​អស់​នេះ បាន​រង​ការរិះគន់​ជា​ធ្ងន់​កន្លង​មក​ថា ការ​ចាប់​ខ្លួន​អតីត​សកម្ម​ជន​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ»

គិត​មក​ដល់​ខែកក្កដា ឆ្នាំ២០២១ នេះ តុលាការ​របប​លោក ហ៊ុន សែន បាន​ផ្ដន្ទាទោស​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់ ២០នាក់​ហើយ ពី​បទ​រួម​គំនិត​ក្បត់ ខណៈ​សកម្មជន​ជាង ១រយនាក់​ផ្សេង​ទៀត​ កំពុង​រង់ចាំ​សវនាការ​ក្នុង​នោះ​អ្នក​ខ្លះ​កំពុង​ជាប់​ពន្ធនាគារ។ ក្រុម​អង្គការ​ជាតិ-អន្តរជាតិ​ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផង បាន​​ទាមទារ​ជារឿយៗ ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំងនោះ​ឱ្យ​មាន​សេរី​ភាព​វិញ​ ជាពិសេស​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ២០២២ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣ ខាង​មុខ។ ស្ថាប័ន​ទាំង​នោះ​ពិនិត្យ​ឃើញ​ថា ក្ដីក្ដាំ​ប្រឆាំង​នឹង​ពួកគេ​នេះ​​ ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ មិនមែន​ជា​ការអនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។