មន្ត្រី​គណបក្ស​ប្រឆាំង​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការ​ចាប់ខ្លួន​សកម្មជន​បន្ថែម​ទៀត

ដោយ ទីន ហ្សាការីយ៉ា
2023.03.29
មន្ត្រី​គណបក្ស​ប្រឆាំង​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការ​ចាប់ខ្លួន​សកម្មជន​បន្ថែម​ទៀត (ពី​ស្ដាំ) មន្ត្រី​គណបក្ស​ភ្លើងទៀន​លោក តូច ថឹង លោក ខឿន វីរ៉ាត់ និង​អ្នកស្រី នូ សុទ្ធារី។
Photo Courtesy

មន្ត្រី​គណបក្ស​ភ្លើងទៀន​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ការ​បន្ត​ចាប់ខ្លួន​មន្ត្រី និង​សកម្មជន​របស់​ខ្លួន ព្រោះ​ជា​ការ​គំរាមកំហែង​មួយ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ស្មារតី​មន្ត្រី និង​សកម្មជន​គណបក្ស​ដទៃ​ទៀត​។ ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង ខណៈ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​បន្ត​ចាប់ខ្លួន​មនុស្ស​៩​នាក់​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ស្នាម​មេដៃ​បង្កើត​គណបក្ស​បេះដូង​ជាតិ ខណៈ​បច្ចុប្បន្ន​អ្នក​ទាំងនោះ​ជា​មន្ត្រី និង​សកម្មជន​របស់​គណបក្ស​ភ្លើងទៀន។

គណបក្ស​ភ្លើងទៀន​កំពុង​តាមដាន​ការ​បន្ត​តាម​រក​ចាប់ខ្លួន​មន្ត្រី និង​សកម្មជន​របស់​ខ្លួន​ជា​ច្រើន​រូប​ទៀត ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ស្នាម​មេដៃ​បង្កើត​គណបក្ស​បេះដូង​ជាតិ ខណៈ​មន្ត្រី​គណបក្សប្រឆាំង​នេះ​ព្រួយបារម្ភ​ថា វា​ជា​រឿង​មួយ​អាច​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ការងារ​នៅ​ក្នុង​គណបក្ស​ជាមួយគ្នា មានការ​ភ័យខ្លាច។

មន្ត្រី​នាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គីមសួរ ភីរិទ្ធ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ មីនា​ថា ថ្វី​ត្បិត​ការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ចំនួន​៣​នាក់​កាលពី​សប្ដាហ៍​មុន​នេះ មិន​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​គណបក្ស ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ស្មារតី​សហការី​បម្រើការ​នៅក្នុង​គណបក្ស​ជាមួយ​អ្នក​ទាំង​៣​នាក់​នោះ​។ លោក​ស្នើ​ឱ្យ​តុលាការ និង​សមត្ថកិច្ច គួរ​ពិចារណា​ទម្លាក់​ចោល​បទ​ចោទប្រកាន់ ឬ​ព្យួរទោស និង​គួរ​បញ្ឈប់​ការ​ចាប់ខ្លួន​សកម្មជន​បន្ថែម​ទៀត ព្រោះ​លោក​យល់ឃើញ​ថា ករណី​ប្រមូល​ស្នាម​មេដៃ​បង្កើត​បក្ស មិនអាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម​ឡើយ។

លោក​ថា៖ «អាជ្ញាធរ​គួរតែ​មើល​ដែរ ថា​តើ​ករណី​ហ្នឹង យើង​អាច​ទម្លាក់​ចោល​ការចោទប្រកាន់​បាន ដោយសារ​មិន​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ទេ។ អាហ្នឹង​យើង​ក៏​គួរតែ​ពិចារណា​ដែរ ក្នុង​ការ​ព្រមាន​គាត់​ទៅ ព្យួរទោស​អ៊ីចឹង​ទៅ»

ការ​លើកឡើង​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន​នេះ ធ្វើ​ឡើង​ស្រប​ពេល​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​តាម​ចាប់ខ្លួន​អតីត​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដែល​បច្ចុប្បន្ន​មក​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​ចំនួន​៩​នាក់​ទៀត​។ ការ​តាម​រក​ចាប់ខ្លួន​អ្នក​ទាំង ៩​នាក់​នេះ បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ខ្លួន​មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ភ្លើន​ទៀន​ចំនួន​៣​នាក់ កាលពី​ថ្ងៃទី​២៤ មីនា រួមមាន​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្ត​កំពង់ចាម លោក តូច ថឹង ប្រធាន​ចលនា​យុវជន​គណបក្ស​ភ្លើងទៀន​ថ្នាក់​ជាតិ លោក ខឿន វីរ៉ាត់ ព្រមទាំង​អនុប្រធាន​ចលនា​ស្ត្រី​គណបក្ស​ថ្នាក់​ជាតិ អ្នកស្រី នូ សុទ្ធារី។

អនុប្រធាន​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ​លោក គីម ពិសិដ្ឋ បាន​លើកឡើង​ថា ដីកា​តុលាការ​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​មនុស្ស​ចំនួន​១៣​នាក់ ពាក់ព័ន្ធ​នឹង​បទ​ក្លែងបន្លំ​នៅក្នុង​ការ​ប្រមូល​ស្នាម​មេដៃ​ជាង​៤​ពាន់​ស្នាម​មេដៃ ដើម្បី​ស្នើសុំ​ក្រសួងមហាផ្ទៃ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ឆ្នាំ​២០២១ ហើយ​មក​ដល់​ពេល​នេះ គឺ​ឃាត់ខ្លួន​បាន​ចំនួន ៤​នាក់​បញ្ជូន​ទៅ​ពន្ធនាគារ និង​នៅសល់ ៩​នាក់​ទៀត​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​កាសែត​ខ្មែរ​ថាមស៍ កាលពី​ថ្ងៃទី​២៧ មីនា។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយបំភ្លឺ​បន្ថែម​ពី​មន្ត្រី​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ មន្ត្រី​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និង​មន្ត្រី​នាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា បាន​ទេ នៅ​ថ្ងៃទី​២៨ មីនា។

មេធាវី​ការពារ​ក្ដី​សំណុំរឿង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក កែត ឃី លើកឡើង​ថា ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ផ្ដន្ទាទោស​អ្នក​ទាំង​១៣​នាក់ ក្នុង​នោះ​លោក សៀម ភ្លុក ត្រូវ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ៦​ខែ ហើយ​១២​នាក់​ទៀត ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​៥​លាន​រៀល​។ លោក​បន្ត​ថា លោក​មិនបាន​ដឹង​ថា មាន​ដីកា​តាម​ចាប់ខ្លួន​អ្នក​៩​នាក់​នោះ​ទេ។

លោក​ថា​៖ «អ៊ីចឹង​! រឿង​ថា គេ​មាន​ដីកា​ទៅ​ចាប់ខ្លួន អ្នក​ផ្សេងទៀត ខ្ញុំ​អត់​ដឹង​ដែរ»

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់ឃើញ​ថា សំណុំរឿង​ដែល​ក្រសួង​មហាផ្ទៃ​ចោទ​ប្រកាន់​ថា មាន​ការ​ក្លែងបន្លំ​ស្នាម​មេដៃ​និង​ក្លែង​លិខិតស្នាម​ពី​ក្រុម​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​នេះ ហាក់​មិន​បង្ក​ឱ្យ​មាន​ហានិភ័យ​នាំ​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​នៅក្នុង​សង្គម​ឡើយ ព្រោះ​លោក​ថា ពួកគេ​គ្រាន់តែ​មានបំណង​ដើម្បី​សុំ​បង្កើត​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ស្របតាម​រដ្ឋធម្មនុញ្ញ​។ លោក​បន្ត​ថា ការ​ចាប់​អ្នកនយោបាយ​ទាំងនេះ នឹង​ធ្វើ​ឱ្យ​មាន​ការរិះគន់​បន្ថែម​ពី​សហគមន៍​អន្តរជាតិ ថា​ការគោរព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់តែ​ដើរ​ថយក្រោយ​មួយ​កម្រិត​ទៀត។

លោក អំ សំអាត៖ «គ្រាន់តែ​ថា បច្ចេកទេស​នៃ​ការបង្កើត​គណបក្ស​ហ្នឹង​យ៉ាងម៉េច ខ្ញុំ​គិតថា អាហ្នឹង វា​គួរតែ​មាន​ការ​ជជែក​គ្នា​មួយ វា​ជា​ការ​ល្អ​។ ក៏ប៉ុន្តែ​យើង​សោកស្ដាយ​ដែរ នៅពេល​ករណីនេះ​ក្លាយទៅជា​ការ​ប្ដឹង​ផ្ដល់​ទៅ​ដល់​តុលាការ ហើយ​មាន​បន្ត​នីតិវិធី​រហូតដល់​មានការ​ចាប់ខ្លួន​លោក សៀម ភ្លុក ហើយ​ក្រោយ​មក មាន​ការ​ចាប់ខ្លួន​បន្ថែ​ម​ទៀត ទៅលើ​ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិ​នេះ»

ស្របពេល​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា បន្ត​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​រំលោភសិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​ឡើង មុខ​រដូវ​កាល​បោះឆ្នោត គឺ​នៅ​ពាក់កណ្ដាល​ខែមីនា​នេះ សហភាព​អឺរ៉ុប​បាន​អនុម័ត​សេចក្ដីសម្រេច​ថ្មី​ព្រមាន​ដក​ការ​អនុគ្រោះ​EBA​ដែល​នៅសល់​៨០​ភាគរយ​បន្ថែម​។ សកម្មជន​ការពារ​សិទ្ធិមនុស្ស​កំពុង​ព្រួយបារម្ភ​ថា ការ​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ពន្ធនាគារ​ដោយ​ឃុំ​នៅក្នុង​ផ្ទះ​រយៈពេល​២៧​ឆ្នាំ និង​ការ​បន្ត​ធ្វើ​ផ្គើន​ទៅ​នឹង​ការព្រមាន​ពី​សហភាព​អឺរ៉ុប តាមរយៈ​ការ​បន្ត​ចាប់ខ្លួន​មន្ត្រី និង​សកម្មជន​គណបក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់​នៅ​ពេល​នេះ ជា​សញ្ញា​បង្ហាញថា បរិយាកាស​នៅមុខ​ការ​បោះឆ្នោត​ជាតិ នៅ​ខែកក្កដា​ខាងមុខ នឹង​មិន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សុន្ទរកថា លោក ហ៊ុន ម៉ាណែត គ្រោង​ថ្លែង​នៅ​អ.ស.ប ​គ្មាន​ទេ​ការ​លើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។