ក្រុមអ្នកអង្កេតការបោះឆ្នោត មកពីគណបក្សភ្លើងទៀន មើលឃើញពីភាពខុសប្រក្រតីនៃការដាក់ពង្រាយកម្លាំងជុំវិញមណ្ឌលដែលប្រជាពលរដ្ឋ ចូលទៅបោះឆ្នោត នៅបណ្ដាលស្រុកមួយចំនួននៅខេត្តកណ្ដាល។ ពួកគេលើកឡើងថា ការធ្វើបែបនេះអាចធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ហើយការបោះឆ្នោតរបស់ពលរដ្ឋអាចនឹងគ្មានតម្លាភាព ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
នៅតាមមណ្ឌលបោះឆ្នោតនីមួយៗនៅទូទាំងខេត្តកណ្ដាល ជាពិសេសស្រុកកោះធំ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ក្រុមអ្នកអង្កេតការនៃគណបក្សភ្លើងទៀន បានកត់សម្គាល់ពីភាពខុសប្លែករបស់អាជ្ញាធរថា ដូចជាមានការហួងហែងខ្លាចពលរដ្ឋ ចូលទៅជិតហឹបឆ្នោត។
ប្រធានក្រុមប្រឹក្សាគណបក្សភ្លើងទៀនស្រុកកៀនស្វាយ ខេត្តកណ្ដាល លោក លី ចន ឲ្យអាស៊ីសេរីដឹងថា លោកបានចុះទៅមើលតាមមណ្ឌលបោះឆ្នោតឃុំ ស្រុក ផ្សេងៗតាំងតែពីព្រឹកមកទល់រសៀលថ្ងៃទី៥ មិថុនា មិនទាន់មានករណីអ្វីប្លែកគួរឲ្យកត់សម្គាល់ទេ គឺប្រជាពលរដ្ឋមកតម្រង់ជួរគ្នារង់ចាំបោះឆ្នោតម្ដងម្នាក់ជាធម្មតា ឃើញមានការកកស្ទះដែរ ប៉ុន្តែត្រូវបានមន្ត្រីប្រចាំការនៅទីនោះ រៀបចំឲ្យមានសណ្ដាប់ធ្នាប់វិញ។ តែលោកបញ្ជាក់ថា មានកងកម្លាំងអាជ្ញាធរ ព្រមទាំងប្រជាការពារ មកឈរយាមនៅកន្លែងបោះឆ្នោត លើសពីតម្រូវការដែលច្បាប់បានកំណត់៖ «បើនិយាយទៅនៅច្រើនតែច្រកចូល ចូល ( អាដែង ) ក្នុងមណ្ឌលបោះឆ្នោតហ្នឹងណា ដែលនៅកៀនៗ ឆ្ងាយប្រហែលសាមសែសិបម៉ែត្រអីទេពីការិយាល័យបោះឆ្នោត ដើរមកសួរនាំសកម្មជនយើងអ្នកដែលនៅក្នុងមណ្ឌលតាមការិយាល័យ ហៅគ្នាមកជួប សួរនាំគ្នាមានបញ្ហាអីចឹងណា អាចធ្វើបានមុខបួនដប់ម៉ែត្រពីការិយាល័យខ្ញុំចូលគ្រប់ហើយវាអត់មានបញ្ហាអីដែរណា គេអត់ហាមឃាត់អីដែរ។បើចូលការិយាល័យយើងអត់អាចទេ»។
អនុប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តកណ្ដាល លោក លី ម៉េង ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី៥ ខែមិថុនាថា នៅស្រុកខ្សាច់កណ្ដាល មានក្រុមសមត្ថកិច្ចមកពីគណបក្សប្រជាជនចុះមកពិនិត្យច្រើននាក់ ហើយមានអ្នកចាំជួយគូសសន្លឹកឆ្នោតប្រជាពលរដ្ឋទៀតផង។លោកបន្តថា មានជនជាតិវៀតណាមជាច្រើននាក់ចូលមកបោះឆ្នោតនៅ តាមឃុំសង្កាត់មួយចំនួននៅក្នុងខេត្តកណ្ដាល។ម្យ៉ាងទៀតលោកថា មានក្រុមអាជ្ញាធរច្រើនមកជិតមណ្ឌលបោះឆ្នោត ដែលជាការគំរាមកំហែងដល់ពលរដ្ឋនៅតាមការិយាល័យបោះឆ្នោត ដែលឲ្យប្រជាពលរដ្ឋបោះឆ្នោតដោយភ័យខ្លាច៖ «បើអ៊ីចឹងគាត់សុំឲ្យសាច់ដេញចេញទៀត ហើយគាត់ថតវីដេអូអីទុកអីចឹងទៅណា មានប៉ូលិសជាងដប់នាក់មកចាប់គាត់ដាក់ម៉ូតូ យកទៅប៉ុស្តិ៍ប៉ូលិស ដែលពួកគាត់បានរំខានដល់ការបោះឆ្នោត ដល់ពេលខ្លួនគាត់ធ្វើខុសនីតិវិធីច្បាប់បែរជាគាត់មកចោទយើងទៅវិញអាហ្នឹងទី១បាទ ហើយបានឥឡូវហ្នឹង មុនហ្នឹងបន្តិចបានចរចាដោះស្រាយគ្នាមកផ្ទះរៀងខ្លួនហើយ ដោយយើងព្រមលុបវីដេអូ ថតរូបគាត់ចោល»។
ចំណែកឯអ្នកអង្កេតការបោះឆ្នោតម្នាក់ទៀត មកពីគណបក្សភ្លើងទៀន ស្រុកកោះធំ លោក ម៉េង លី ឲ្យដឹងថា មានជនជាតិវៀតណាមជាច្រើននាក់បានទៅបោះឆ្នោត នៅភូមិជ្រៃធំ ឃុំសំពៅពូន ។លោកបញ្ជាក់ថា ការដែលមានជនជាតិវៀតណាមមកបោះឆ្នោតច្រើនបែបនេះ អាចនឹងប៉ះពាល់ដល់លទ្ធផលឆ្នោតបាន៖ «បើតាមពិតឆ្នាំហ្នឹងតិចហ្នឹង ឃើញតែប៉ុន្មាននាក់ហ្នឹង នៅក្នុងទឹកដីខ្មែរយើងមិនមានអីហ្នឹងណា ហើយកាលមុនហ្នឹងនៅសំពៅមាសខ្ញុំសង្កេតការណ៍នៅនោះកាលពីដើមមកអាណត្តិមុនៗច្រើន ហើយអាណត្តិនេះគេចាត់តាំងឲ្យខ្ញុំមកអង្កេតការណ៍នៅព្រែកស្បូវ ។ បើអីចឹងកន្លែងសំពៅមាសហ្នឹង កាលពីដើមមកលើសលប់នោះ ខ្ញុំក៏អត់បានដឹងទេ ទាល់ទំនាក់ទំនងទៅខាងស៊ីវិល ប៉ុន្តែព្រឹកមិញមានគេនិយាយថាមានខ្លះដែរ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបកស្រាយពី អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានទេ នៅរសៀលថ្ងៃទី៥ មិថុនានេះ ដោយទូរស័ព្ទហៅចូលមិនមានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានក្រុមយុវជនបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់អាស៊ីសេរីថា ប្រទេសនីមួយៗមិនអាចមានប្រជាជននៃប្រទេសជិតខាងចូលមកបោះឆ្នោតបានទេ។លោកបន្តថា ដើម្បីឲ្យប្រទេសកម្ពុជាមានអធិបតេយ្យភាពពេញលេញ គឺគ.ជ.ប ត្រូវទប់ស្កាត់មិនឲ្យជនជាតិបរទេស ជាពិសេសជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោតជំនួសឱ្យម្ចាស់ប្រទេសបានទេ៖ «ការកំណត់អត្តសញ្ញាណរបស់ជនអន្តោប្រវេសន៍ មកពីក្រៅប្រទេសហ្នឹងគឺត្រូវតែមានការរឹតបន្តឹងឲ្យច្បាស់លាស់ ហើយជាពិសេសគ . ជ . ប ត្រូវតែកំណត់មុខសញ្ញាឲ្យច្បាស់លាស់។មិនអ៊ីចឹងទេ អាការដែលប្រើភាពខិលខូចរបស់គណបក្សដែលនៅតែខិលខូចគឺនៅតែមានឱកាសធ្វើរឿងខិលខូច ហើយរឿងខិលខូចទៀតសោតវាពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រទៀត ហើយពាក់ព័ន្ធជាមួយនឹងបញ្ហានយោបាយនៅកម្ពុជាទៀតអាហ្នឹងហើយដែលយើងគិត»។
ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ មិថុនា អាណត្តិទី៥នេះ ប្រជាពលរដ្ឋប្រមាណ ៧៧ភាគរយបានចេញទៅបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។