សហមេធាវីប្រតិកម្មរឿងសមត្ថកិច្ចយាមផ្ទះ មិនឲ្យជួបលោក កឹម សុខា គឺជារឿងផ្ទុយពីច្បាប់
2023.03.14

អ្នកច្បាប់អះអាងថា សមត្ថកិច្ចរដ្ឋាភិបាល ដែលយាមផ្ទះមេបក្សប្រឆាំង រារាំងមិនឲ្យសហមេធាវីការពារក្ដីលោក កឹម សុខា បានជួបកូនក្ដី ដើម្បីពិភាក្សាអំពីការដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ ជំទាស់សាលាក្រមសាលាដំបូង ដែលផ្ដន្ទាទោសលោក កឹម សុខា ចំនួន ២៧ឆ្នាំនោះថា ជារឿងផ្ទុយពីច្បាប់។
សហមេធាវី លោក កឹម សុខា លើកឡើងថា ការរារាំងមិនឲ្យជួបក្ដីនេះ មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិមេធាវីប៉ុណ្ណោះទេ គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្ដីធ្ងន់ធ្ងន់ធ្ងរថែមទៀតផង។
សហមេធាវីការពារក្ដីលោក កឹម សុខា បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ កាលពីយប់ថ្ងៃទី១៤ មីនា ក្រោយពីសមត្ថកិច្ចមិនឲ្យជួបកូនក្ដីរបស់ខ្លួនគឺលោក កឹម សុខា។
សេចក្ដីថ្លែងការណ៍បានសរសេរថា ចាប់ពីពេលនេះតទៅ សហមេធាវីមិនអាចអនុវត្តសិទ្ធិបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវ ចំពោះលោក កឹម សុខា និងរឿងក្ដីរបស់លោកបានទៀតឡើយ។ សិទ្ធិទទួលបានជំនួយមេធាវី ដែលមានចែងក្នុងច្បាប់ ដែលលោក កឹម សុខា ត្រូវទទួលបាននោះ គឺត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ វៀរលែងតែមានការកែប្រែជាវិជ្ជមាន និងទាន់ពេលវេលា។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា សហមេធាវីការពារក្ដី បានទៅផ្ទះលោក កឹម សុខា ដើម្បីពិគ្រោះយោបល់ផ្លូវច្បាប់ជាមួយលោក និងរៀបចំដាក់ពាក្យប្ដឹងឧទ្ធរណ៍ ប្ដឹងទាស់សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានកងកម្លាំងស្លៀកពាក់ស៊ីវិល ដែលយាមនៅមុខផ្ទះលោក កឹម សុខា បានរារាំង និងមិនអនុញ្ញាតឲ្យសហមេធាវីជួបពិគ្រោះយោបល់ច្បាប់ ជាមួយកូនក្ដីទៅវិញ។ កងកម្លាំងសមត្ថកិច្ចបានណែនាំសហមេធាវីថា ត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន។
សហមេធាវីមួយរួបក្នុងចំណោមមេធាវី ៤រួប ការពារក្ដីឲ្យលោក កឹម សុខា គឺលោក មេធាវី អាង ឧត្ដមមានប្រសាសន៍ថា សហមេធាវីមិនសុំការអនុញ្ញាតពីព្រះរាជអាជ្ញាឡើយ ពីព្រោះថា មេធាវីមានសិទ្ធិជួបក្ដីរបស់ខ្លួន ដោយមិនចាំបាច់សុំការអនុញ្ញាតពីព្រះរាជអាជ្ញានោះទេ។
លោក មេធាវី អាង៖ «សិទ្ធិកាតព្វកិច្ចរបស់យើងនៅតែមានដដែល ទោះបីជាមានសាលក្រមចេញក៏ដោយ ហើយយើងធ្វើកិច្ចការនេះជាច្រើនឆ្នាំមកហើយ។ ហេតុអ្វីគេមិនឲ្យយើងធ្វើកិច្ចការរបស់យើង សួរថា ហេតុអ្វី? អត់ដឹង! ហេតុអ្វីឲ្យទៅសុំស្ថាប័នអយ្យការ រឿងអីឲ្យខ្ញុំទៅសុំស្ថាប័នអយ្យការ? ស្ថាប័នអយ្យការជាគូប្រជែងជាមួយយើងតើ? គេយកច្បាប់ណាមក ខ្ញុំមិនដឹងទេ មេធាវីនៅក្រោមការគ្រប់គ្រងគណៈមេធាវីទេតើ»។
វិទ្យុអាស៊ីសេរីអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំសួរអំពីបញ្ហានេះ បានទេ កាលពីយប់ថ្ងៃទី១៤ មីនា។
អ្នកជំនាញច្បាប់លោក វ៉ន ចាន់ឡូត មានប្រសាសន៍ថា សមត្ថកិច្ចរដ្ឋាភិបាលមិនអនុញ្ញាតឲ្យសហមេធាវី ជួបលោក កឹម សុខា នេះ ជាការដាក់សម្ពាធបន្ថែមទៀត ទៅលើលោក កឹម សុខា។
លោក វ៉ន ចាន់ឡូត៖ «សមត្ថកិច្ចគាត់មិនអាចរារាំងមេធាវីបានទេ ហើយគាត់បានក្លាយជាអ្នកតំណាងរបស់កូនក្ដី ដូច្នេះគាត់ត្រូវតែមានឱកាសជួបកូនក្ដី ដើម្បីពិភាក្សាមួយនីតិវិធីបន្ត»។
សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោសលោក កឹម សុខា ចំនួន ២៧ឆ្នាំ ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស។ ការកាត់ទោសឱ្យជាប់គុកនេះ ត្រូវបានជំនួសដោយការឃុំខ្លួនក្នុងផ្ទះ និងទោសបន្ថែមមួយចំនួន ដូចជា ដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ ពេញមួយជីវិត។ ទន្ទឹមនឹងនេះ លោកក៏ត្រូវបានដាក់ឱ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ហាមប្រាមមិនឱ្យចេញពីបរិវេណនៃលំនៅឋាន និងមិនឱ្យជួបបុគ្គលណាម្នាក់ ទាំងខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា លើកលែងតែសមាជិកគ្រួសារ និងមេធាវី។
លោក វ៉ន ចាន់ឡូត បញ្ជាក់ថា តុលាការត្រូវតែចេញដីកាបង្គាប់បញ្ជាទៅសមត្ថកិច្ចឲ្យបើកសិទ្ធិឲ្យសហមេធាវីជួបក្ដីរបស់ខ្លួន ក្នុងការជួបពិគ្រោះយោបល់ជាមួយកូនក្ដី ពីព្រោះសិទ្ធិនេះ ត្រូវបានធានានៅក្នុងច្បាប់។
លោក វ៉ន ចាន់ឡូត៖ «តុលាការ ទី១ គាត់ត្រូវតែបញ្ជាក់ឲ្យច្បាស់ទៅសមត្ថកិច្ច។ ទី២ ខាងមេធាវី ត្រូវតែប្ដឹងទៅតុលាការបន្ថែម ដែលការពាររារាំងនេះ ធ្វើឲ្យប៉ះពាល់ដល់អ្នកតំណាងផង និងធ្វើឲ្យប៉ះពាល់ដល់ជនជាប់ចោទផង»។
ទាក់ទងនឹងការផ្ដន្ទាទោសលោក កឹម សុខា វិញ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថ្កោលទោសសាលក្រមកាត់ទោសមេបក្សប្រឆាំង លោក កឹម សុខា។ ពួកគេព្រមានថា ការកាត់ទោសនេះជះឥទ្ធិពល និងរារាំងដល់សកម្មភាពនយោបាយ និងសេរីភាពនៃការបញ្ចេញមតិនៅមុនពេលបោះឆ្នោតជាតិ ខែកក្កដាខាងមុខ។
សហមេធាវីឲ្យដឹងថាគិតចាប់ពីថ្ងៃទី៣មីនាមកមេធាវី បានជួបលោក កឹម សុខា តែម្ដងគត់ គឺនៅពេលសមត្ថកិច្ចបាននាំខ្លួនលោក កឹម សុខា ពីតុលាការយកទៅឃុំខ្លួនក្នុងផ្ទះ ក្រោយពីតុលាការប្រកាសសាលក្រមភ្លាមៗ។
ទោះបីជាពេលនេះ សមត្ថកិច្ចបានណែនាំឲ្យទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន ដើម្បីបានជួបលោក កឹម សុខា ក្ដី ក៏សហមេធាវីអះអាងថា ពួកគេមិនអាចអនុវត្តតាមការណែនាំ ដែលផ្ទុយនឹងច្បាប់ ក្រម និងវិធានជាធរមាន ដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវីបានឡើយ៕
រឿងនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពដោយបានបញ្ចូលព័ត៌មានបន្ថែម
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។