សហ​មេធាវី​ប្រតិកម្ម​រឿង​សមត្ថកិច្ច​យាម​ផ្ទះ មិន​ឲ្យ​ជួប​លោក កឹម សុខា គឺ​ជា​រឿង​ផ្ទុយ​ពី​ច្បាប់

0:00 / 0:00

អ្នក​ច្បាប់​អះអាង​ថា សមត្ថកិច្ច​រដ្ឋាភិបាល ដែល​យាម​ផ្ទះ​មេ​បក្ស​ប្រឆាំង រារាំង​មិន​ឲ្យ​សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ជួប​កូន​ក្ដី ដើម្បី​ពិភាក្សា​អំពី​ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ជំទាស់​សាលា​ក្រម​សាលា​ដំបូង ដែល​ផ្ដន្ទាទោស​លោក កឹម សុខា ចំនួន ២៧ឆ្នាំ​នោះ​ថា ជា​រឿង​ផ្ទុយ​ពី​ច្បាប់។

សហ​មេធាវី​ លោក កឹម សុខា លើក​ឡើង​ថា ការ​រារាំង​មិន​ឲ្យ​ជួប​ក្ដី​នេះ មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សិទ្ធិ​មេធាវី​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​កូន​ក្ដី​ធ្ងន់​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។

សហ​មេធាវី​ការ​ពារ​ក្ដី​លោក កឹម សុខា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ កាល​ពី​យប់​ថ្ងៃ​ទី១៤ មីនា ក្រោយ​ពី​សមត្ថកិច្ច​មិន​ឲ្យ​ជួប​កូន​ក្ដី​របស់​ខ្លួន​គឺ​លោក កឹម សុខា។

សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ សហ​មេធាវី​មិន​អាច​អនុវត្ត​សិទ្ធិ​បំពេញ​កាតព្វកិច្ច និង​ទំនួល​ខុស​ត្រូវ ចំពោះ​លោក កឹម សុខា និង​រឿងក្ដី​របស់​លោក​បាន​ទៀត​ឡើយ។ សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី ដែល​មាន​ចែង​ក្នុង​ច្បាប់ ដែល​លោក កឹម សុខា ត្រូវ​ទទួល​បាន​នោះ គឺ​ត្រូវ​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ វៀរ​លែង​តែ​មាន​ការ​កែ​ប្រែ​ជា​វិជ្ជមាន និង​ទាន់​ពេលវេលា។

សេចក្ដី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា សហ​មេធាវី​ការពារ​ក្ដី បាន​ទៅ​ផ្ទះ​លោក កឹម សុខា ដើម្បី​ពិគ្រោះ​យោបល់​ផ្លូវ​ច្បាប់​ជា​មួយ​លោក និង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍ ប្ដឹង​ទាស់​សាល​ក្រម​ព្រហ្មទណ្ឌ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​បាន​កង​កម្លាំង​ស្លៀក​ពាក់​ស៊ីវិល​ ដែល​យាម​នៅ​មុខ​ផ្ទះ​លោក កឹម សុខា​ បាន​រារាំង និង​មិន​អនុញ្ញាត​ឲ្យ​សហ​មេធាវី​ជួប​ពិគ្រោះ​យោបល់​ច្បាប់ ជាមួយ​កូន​ក្ដី​ទៅវិញ។ កង​កម្លាំង​សមត្ថកិច្ច​បាន​ណែនាំ​សហ​មេធាវី​ថា ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជ​អាជ្ញា​ជា​មុន​សិន។

សហ​មេធាវី​មួយ​រួប​ក្នុង​ចំណោម​មេធាវី ៤រួប ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា គឺ​លោក​ មេធាវី​ អាង​ ឧត្ដម​មាន​ប្រសាសន៍​ថា សហ​មេធាវី​មិន​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជ​អាជ្ញា​ឡើយ ពីព្រោះ​ថា មេធាវី​មាន​សិទ្ធិ​ជួប​ក្ដី​របស់​ខ្លួន ដោយ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​ព្រះ​រាជ​អាជ្ញា​នោះ​ទេ។

លោក មេធាវី អាង៖ «សិទ្ធិ​កាតព្វកិច្ច​របស់​យើង​នៅ​តែ​មាន​ដដែល ទោះ​បី​ជា​មាន​សាលក្រម​ចេញ​ក៏​ដោយ ហើយ​យើង​ធ្វើ​កិច្ច​ការ​នេះ​ជា​​ច្រើន​ឆ្នាំ​មក​ហើយ។ ហេតុ​អ្វី​គេ​មិន​ឲ្យ​យើង​ធ្វើ​កិច្ច​ការ​របស់​យើង​ សួរ​ថា ហេតុ​អ្វី?អត់​ដឹង!ហេតុ​អ្វី​ឲ្យ​ទៅ​សុំ​ស្ថាប័ន​អយ្យការ រឿង​អី​ឲ្យ​ខ្ញុំ​ទៅ​សុំ​ស្ថាប័ន​អយ្យការ?ស្ថាប័ន​អយ្យការ​ជា​គូ​ប្រជែង​ជា​មួយ​យើង​តើ?គេ​យក​ច្បាប់​ណា​មក ខ្ញុំ​មិន​ដឹង​ទេ មេធាវី​នៅ​ក្រោម​ការ​គ្រប់​គ្រង​គណៈ​មេធាវី​ទេតើ»។

វិទ្យុ​អាស៊ី​សេរី​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ បាន​ទេ កាល​ពី​យប់​ថ្ងៃ​ទី១៤ មីនា។

អ្នក​ជំនាញ​ច្បាប់​លោក វ៉ន ចាន់ឡូត មាន​ប្រសាសន៍​ថា សមត្ថ​កិច្ច​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​សហ​មេធាវី ជួប​លោក កឹម សុខា នេះ ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត ទៅ​លើ​លោក កឹម សុខា។

លោក វ៉ន ចាន់ឡូត៖ «សមត្ថកិច្ច​គាត់​មិន​អាច​រារាំង​មេធាវី​បាន​ទេ​ ហើយ​គាត់​បាន​ក្លាយ​ជា​អ្នក​តំណាង​របស់​កូន​ក្ដី​ ដូច្នេះ​គាត់​ត្រូវ​តែ​មាន​ឱកាស​ជួប​កូន​ក្ដី ដើម្បី​ពិភាក្សា​មួយ​នីតិ​វិធី​បន្ត»។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា ចំនួន ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស។ ការ​កាត់​ទោស​ឱ្យ​ជាប់គុក​នេះ ត្រូវ​បាន​ជំនួស​ដោយ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ និង​ទោស​បន្ថែម​មួយ​ចំនួន ដូចជា ដក​ហូត​សិទ្ធិ​បោះ​ឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ ពេញ​មួយ​ជីវិត។ ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ហាមប្រាម​មិន​ឱ្យ​ចេញ​ពី​បរិវេណ​នៃ​លំនៅឋាន និង​មិន​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​ខ្មែរ និង​បរទេស ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លើកលែង​តែ​សមាជិក​គ្រួសារ និង​មេធាវី។

លោក វ៉ន ចាន់ឡូត បញ្ជាក់​ថា តុលាការ​ត្រូវ​តែ​ចេញ​ដីកា​បង្គាប់​បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​បើក​សិទ្ធិ​ឲ្យ​សហ​មេធាវី​ជួប​ក្ដី​របស់​ខ្លួន ក្នុង​ការ​ជួប​ពិគ្រោះ​យោបល់​ជា​មួយ​កូន​ក្ដី ពី​ព្រោះ​សិទ្ធិ​នេះ ត្រូវ​បាន​ធានា​នៅ​ក្នុង​ច្បាប់។

លោក វ៉ន ចាន់ឡូត៖ «តុលាការ ទី១ គាត់​ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ទៅ​សមត្ថកិច្ច។ ទី២ ខាង​មេធាវី ត្រូវ​តែ​ប្ដឹង​ទៅ​តុលាការ​បន្ថែម ដែល​ការពារ​រារាំង​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នក​តំណាង​ផង និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជន​ជាប់​ចោទ​ផង»។

ទាក់​ទង​នឹង​ការ​ផ្ដន្ទា​ទោស​លោក កឹម សុខា វិញ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ថ្កោល​ទោស​សាល​ក្រម​កាត់​ទោស​មេ​បក្ស​ប្រឆាំង លោក កឹម សុខា។ ពួកគេ​ព្រមាន​ថា ការ​កាត់​ទោស​នេះ​ជះ​ឥទ្ធិពល និង​រារាំង​ដល់​សកម្មភាព​នយោបាយ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ ខែ​កក្កដា​ខាង​មុខ។

សហ​មេធាវី​ឲ្យ​ដឹង​ថា​គិត​ចាប់​ពី​ថ្ងៃ​ទី៣​មីនា​មក​មេធាវី​ បាន​ជួប​លោក កឹម សុខា តែម្ដង​គត់ គឺ​នៅ​ពេល​សមត្ថកិច្ច​បាន​នាំ​ខ្លួន​លោក កឹម សុខា​ ពី​តុលាការ​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ក្រោយ​ពី​តុលាការ​ប្រកាស​សាល​ក្រម​ភ្លាមៗ។

ទោះ​បី​ជា​ពេល​នេះ សមត្ថកិច្ច​បាន​ណែនាំ​ឲ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជ​អាជ្ញា​ជាមុន​សិន ដើម្បី​បាន​ជួប​លោក កឹម សុខា ក្ដី ក៏​សហ​មេធាវី​អះអាង​ថា ពួក​គេ​មិន​អាច​អនុវត្ត​តាម​ការ​ណែនាំ ដែល​ផ្ទុយ​នឹង​ច្បាប់ ក្រម និង​វិធាន​ជា​ធរមាន ដែល​គ្រប់គ្រង​វិជ្ជាជីវៈ​មេធាវី​បាន​ឡើយ៕

រឿងនេះ ​ត្រូវ​បានធ្វើ​បច្ចុប្បន្នភាព​ដោយ​បាន​បញ្ចូល​ព័ត៌មាន​បន្ថែម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។