អាជ្ញាធរ​រារាំង​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​​​​មិន​ឱ្យ​ឃ្លាំមើល​សវនាការ​​នៅ​ថ្ងៃ​ទី​១៨​កុម្ភៈ​​​​​

ដោយ ខែ សុណង
2021-02-18
Share
អាជ្ញាធរ​រារាំង​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​​​​មិន​ឱ្យ​ឃ្លាំមើល​សវនាការ​​នៅ​ថ្ងៃ​ទី​១៨​កុម្ភៈ​​​​​ ​សន្តិសុខ ​​ខណ្ឌ​៧មករា បន្តរារាំងក្រុមស្ត្រីដែលជាភរិយារបស់សមាជិកអតីតគណបក្សប្រឆាំងនៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ។
រូប៖ ពលរដ្ឋផ្តល់ឱ្យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

កង​សន្តិសុខ​​ ខណ្ឌ​៧មករា ​ប្រមាណ​ ៣០​នាក់​​ បាន​បង្ក​ហិង្សា​​​លើ​ក្រុម​អ្នក​តវ៉ា​បណ្ដាល​ឱ្យ​​​​ស្ត្រី​​ ៤​នាក់ ​របួស​​ដៃ​ ជើង និង​ខ្នង​ ក្នុង​ពេល​ពួកគាត់​​សម្ដែង​មតិ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ជន​ជាប់​ឃុំ​នយោបាយ​នៅ​មុខ​​សាលាដំបូង​រាជធានី​​​ភ្នំពេញ។

ប្រពន្ធ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​លោក ​យឹម សារ៉េត គឺ​លោក​ស្រី​ អ៊ុក ចន្ធី​ ឱ្យ​ដឹង​ក្រោយ​បញ្ចប់​សវនាការ​ថា​ ក្រុម​សន្តិសុខ​បាន​ចាប់​ក្ដិចមួល​​និង​ធាក់​ពួក​លោក​ស្រី​​​ ​ក្នុង​ពេល​ដែល​ពួក​លោកស្រី​នាំ​គ្នា​ដើរ​រុល​ទៅ​មុខ ដើម្បី​ទៅតាម​ដាន​សវនាការ​​។​ ស្ត្រី​វ័យ ​៤៩​ឆ្នាំ ​រូប​នេះ​ ចាត់​ទុក​​ទង្វើ​របស់​អាជ្ញាធរ​នេះ​ ថាជា​ការ​​ធ្វើ​បាប​ស្ត្រី​ទន់ខ្សោយ​​​​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​​មាន​កំហឹង​ឈឺចាប់​​​​ និង​មាន​ចិត្ត​ស្រលាញ់​ជាតិ​កាន់​តែ​ខ្លាំង​​៖ «និយាយ​រួម​ថា​មិន​ត្រូវ​តែ​ម្ដង​ វា​មក​ធ្វើ​បាប​ពួក​ខ្ញុំ​ស្រី​ៗ​ ហើយ​វា​រុញ​យើង​ចង់​ស៊ីសាច់​តែម្ដង​។ ខ្ញុំ​អាណិត​កូន​សកម្មជន​ម្នាក់​ទៀត គ្នា​តូច​ មក​មួល​ដៃ​គ្នា​ហើយ​ខោក​ក្បាល​គ្នា​មួយ​ក្រញរទៀត​គិត​មើល​។ កូន​ក្មេង​តូច​សោះ​ហ្នឹង​ ទៅ​ជា​មួយ​ម៉ែ​ វា​អួស​ វា​ធ្វើ​ហ្នឹង​ឃោរឃៅ​មែនទែន​ហ្មង ​ខ្ញុំ​មិន​ដឹង​ថា​ម៉េច ហើយ​ដល់​ឃើញ​សភាព​ហ្នឹង​ឈឺ​ចាច់​ណាស់ ឈឺចាប់​ខ្លាំង​រក​លេខ​ដាក់​គ្មាន​ទេ»

អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កង​​កម្លាំង​ចម្រុះ​​​រាប់​រយ​នាក់​​​​ឈរ​យាម​ការពារ​តឹងតែង​តាម​ផ្លូវ​​​ជុំ​វិញ​តុលាការ​ក្រុង​ភ្នំពេញ​។

​ទោះជាយ៉ាងនេះក្តី ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​​​​ប្រហែល​ ៣០​​នាក់ ​​​នាំ​គ្នា​ឈរ​ស្រែក​នៅ​មួយ​កន្លែង​​​​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​របស់​ពួកគាត់​នៅ​ម្ខាង​ផ្លូវ​​ចំងាយ​ប្រមាណ២០០​ម៉ែត្រ​ ពី​តុលាការ​ក្រុង​ភ្នំពេញ​​​។​​

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសី​ហា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​​បញ្ហា​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល​។

​ប៉ុន្តែ​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ភ្នំពេញ​រូប​នេះ​ធ្លាប់​​ឱ្យ​ដឹង​ថា ​អាជ្ញាធរ​​ដាក់​ពង្រាយ​កង​កម្លាំង​​នេះ​​ ដើម្បី​រក្សា​សណ្ដាប់​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ដោយ​​​​ខ្លាច​ក្រុម​​ស្ត្រី​ទាំង​នោះ​​តវ៉ា​បង្ក​​អនាធិបតេយ្យ​នាំ​ឱ្យ​ប៉ះពាល់​ដល់​​​ដំណើរ​ការ​ក្ដី​​របស់​​តុលាការ​។​

​ទោះ​ជា​យ៉ាង​ណា ​​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ​លោក​​ នី សុខា​ យល់​ថា ​​វិធាន​ការ​របស់​អាជ្ញាធរ​នេះ​​បាន​រំលោភ​បំពាន​លើ​​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ការ​តវ៉ា​ឱ្យ​មាន​យុត្តិធម៌​សង្គម​​ និង​តាម​ដាន​ឃ្លាំ​មើល​​សវនាការ​ គឺ​ជា​សិទ្ធិ​សេរីភាព​​​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​​ស្រប​តាម​រដ្ឋធម្មនុញ្ញ៖ «អាជ្ញាធរ​ត្រូវ​តែ​ធានា​ឱ្យ​មាន​ការ​តវ៉ា​មួយ​ដោយ​អហិង្សា​ ធានា​សុវត្ថិភាព​ដល់​ក្រុម​អ្នក​តវ៉ា មិន​មែន​ទៅ​បង្ក្រាប​គេ​ទេ​។ កាល​ណា​ទៅ​បង្ក្រាប​ឬ​ក៏​ទៅ​រឹតត្បិត​អី​ហ្នឹង គឺ​រំលោភ​ទៅ​លើ​គោលការណ៍​ហ្នឹង​ គោលការណ៍​ច្បាប់ គោលការណ៍​ប្រជាធិបតេយ្យ​ដែល​ប្រទេស​យើង​ប្រកាន់​យក​»​​

ដោយ​ឡែក​នៅក្នុង​បន្ទប់​សវនាការ​វិញ តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​​​​​សួរ​ដេញដោល​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៤នាក់ ​រួម​មាន លោក​ ជា ជីវ លោក​ ហ៊ី សុខ​ជា ​ លោក​ នៅ វិចិត្រ​ និង​កញ្ញា ណី ល័ក្ខ​ ប៉ុន្តែ​​ជន​ជាប់​ចោទ​ ២នាក់ ​ដែល​នៅ​ក្រៅ​ឃុំ​គឺ​លោក ជា ជីវ និង​កញ្ញា ណី ល័ក្ខ ​បាន​អវត្តមាន​។ តុលាការ​បាន​សួរ​ដេញ​ដោល​លោក នៅ វិចិត្រ និង​លោក ហ៊ី សុខជា ពាក់ព័ន្ធ​នឹង​ការ​ចូល​រួម​សិក្ខាសាលា​យុវជន​នៅ​ប្រទេស​ម៉ាឡេស៊ី ការ​តាម​ដាន​ទំព័រហ្វេសប៊ុក​របស់ថ្នាកដឹកនាំបក្ស​ប្រឆាំង និង​ការ​ប្រមូល​កម្លាំង​ទៅទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

មេធាវី​ការពារ​ក្ដី​ឱ្យ​មន្ត្រីនិង​សកម្មជន​បក្ស​ប្រឆាំង​ លោក សំ សុគង់ ប្រាប់​អាស៊ី​សេរី​ថា​ កូន​ក្ដី​របស់​លោក​​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​តុលាការ​ថា​ ​ពួកគាត់​​​​មិន​​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​នោះ​ទេ​។ លោក​បញ្ជាក់​ថា ​ អង្គ​ជំនុំជម្រះ​​មិន​ឱ្យ​មេធាវី​សួរ​ដេញដោល​​អំពី​រឿង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​​ជន​ជាប់​ចោទ​​នោះ​ឡើយ​៖ «ទាក់ទង​ហ្នឹង​ការ​តាំង​សំនួរ​នឹង​ដាក់​សំនួរ​ហ្នឹង​ ខាង​តំណាង​អយ្យការ​ក៏​ដូច​ខាង​ចៅក្រម​ហ្នឹង​សួរ​កូន​ក្ដី​ហាក់​ដូច​ជាពាក់ព័ន្ធ​សំនួរ​ឱ្យ​កូន​ក្ដី​ហ្នឹង​គិត​ឬ​ឱ្យ​ទាយ​វា​អីចេះ អីចុះ​មាន​អារម្មណ៍​ថាម៉េច​អីចឹង​ទៅ។​ សំនួរ​ហ្នឹង​វា​មិន​មែន​សំនួរ​ដែល​ត្រូវ​សួរ​ទៅ​លើ​ជន​ជាប់​ចោទ​នៅ​ក្នុង​សវនាការ​ទេ»

សំណុំ​រឿងមួយ​នេះ​ មាន​ជន​ជាប់​ចោទ​ទាំង​អស់ ៥៩​នាក់ ក្នុង​នោះ​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ជា​លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ​សកម្មជន​សិទ្ធិ​មនុស្សនិង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ដោយ​អ្នក​ខ្លះ​នៅ​ក្នុងស្រុក និង​ខ្លះ​ទៀត​នៅ​ក្រៅ​ប្រទេស។ តុលាការ​បាន​ចោទ​ពួកគេ​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

សវនាការ​លើក​ទី​ ៤​នេះ មាន​មន្ត្រី​ស្ថានទូត​​ប្រទេស​លោក​ខាង​លិច អង្គការ​សង្គម​ស៊ីវិល​ និង​សាច់ញាតិ​ជន​ជាប់​ចោទ​​ជាង​២០​នាក់​​បាន​ចូល​ស្ដាប់​ការ​សួរ​ដេញដោល​។ ​តុលាការ​គ្រោង​​ជំនុំជម្រះ​សំណុំ​រឿង​នេះ​បន្ត​ទៀត​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ​ខាង​មុខ​។

ទោះ​ជា​យ៉ាង​ណា អ្នក​តាម​ដាន​ស្ថានការណ៍​កម្ពុជា​យល់​ថា ​ការ​កាត់ក្តី​សកម្មជន​បក្ស​ប្រឆាំង​នេះ​ របប​ក្រុង​ភ្នំពេញ​មាន​គោល​ដៅ​កម្ទេច​ចោល​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​សេស​សល់​ចុងក្រោយ​​ និង​បំបិទមាត់​អ្នក​រិះគន់​ទាំង​អស់ ដែល​នៅ​ក្លាហាន​ហ៊ាន​​បញ្ចេញ​មតិ ប្រឆាំង​នឹង​ការដឹកនាំ​បែប​​ផ្ដាច់ការ​​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល