អាជ្ញាធរ​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ក្រោយ​ពេល​មន្ត្រី​អាមេរិក​ជួប​លោក ហ៊ុន ម៉ាណែត ផ្ទួនៗ គ្នា

0:00 / 0:00

អាជ្ញាធរ​បាន​ផ្ទេរ​សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ពី​ពន្ធនាគារ​ខេត្តព្រះវិហារ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី២ ក្នុង​រាជធានី​ភ្នំពេញ​វិញ។ មន្ត្រី​សិទ្ធិមនុស្ស និង​មេធាវី​ថា​ការសម្រេច​នេះ​ជា​សញ្ញា​វិជ្ជមាន​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​មន្ត្រី​សហរដ្ឋ​អាមេរិក​ផ្ទួនៗ គ្នា ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ទឹកដី​អាមេរិក។ សង្គម​ស៊ីវិល​បន្ត​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​កញ្ញា សេង ធារី អ្នកទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ក្រោយពេល​មន្ត្រី​សិទ្ធិ​មនុស្ស និង​មេធាវី​ដាក់​លិខិត​ទៅ​តុលាការ និង​ក្រសួងមហាផ្ទៃ​ស្នើសុំ​ផ្ទេរ​បន្ត​បន្ទាប់​មក​នោះ អាជ្ញាធរ​ឱ្យ​ដឹង​ថា អ្នក​ជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ កញ្ញា សេង ធារី ត្រូវ​បាន​បញ្ជូន​ពី​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ «ម២» នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែកញ្ញា។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៩ ខែកញ្ញា​ថា កញ្ញា សេង ធារី ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ «ម២»។ លោក​ថា មូលហេតុ ដែល​អាជ្ញាធរ​ដឹក​កញ្ញា សេង ធារី ត្រឡប់​មក​វិញ​នេះ ធ្វើឡើង​តាម​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​ក្រសួង។

លោក នុត សវនា៖ «ឥឡូវ​នេះ គាត់​ត្រូវ​បាន​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី២ មូលហេតុ ដែល​យើង​បញ្ជូន​មកវិញ​នេះ ដូចជា​អត់​មាន​បញ្ជាក់​ទេ តែ​នេះ​ជា​ការសម្រេច​របស់​ថ្នាក់​ដឹកនាំ​ក្រសួង»។

អាជ្ញាធរ​បាន​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដាច់​ស្រយាល​ក្នុង​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោម​ហេតុផល​ធានា​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​ក្រុងភ្នំពេញ​បាន​កាត់ទោស​សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ ឲ្យ​ជាប់​ពន្ធនាគារ ៦ឆ្នាំ ពី​បទ​ចោទ​រួម​គំនិត​ក្បត់ ក្នុង​សំណុំ​រឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​កន្លង​មក​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ជាពិសេស រំលោភ​សិទ្ធិ​របស់​ជន​ជាប់​ឃុំ។

ទាក់ទង​រឿង​នេះ មេធាវី​របស់​កញ្ញា សេង ធារី គឺ​លោក សំ ចំរើន ថ្លែង​ថា ការផ្ទេរ​កញ្ញា សេង ធារី ពី​ពន្ធនាគារ​ខេត្តព្រះវិហារ​មក​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​នឹង​ជួយ​ឱ្យ​កូន​ក្ដី​ងាយ​ស្រួល​ជួប​ជា​មួយ​គ្រួសារ និង​មេធាវី។ ប៉ុន្តែ​លោក​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេលនេះ​សាលាឧទ្ធរណ៍​ភ្នំពេញ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​កញ្ញា សេង ធារី នៅ​ឡើយ​ទេ ដូច្នេះ​លោក​នឹង​ចូល​ជួប​សួរ​សុខ​ទុក្ខ និង​ពិភាក្សា​ផ្លូវ​ច្បាប់​ជាមួយ​កូនក្ដី​នៅ​សប្ដាហ៍​ក្រោយ​នេះ។

លោក សំ ចំរើន៖ «ខ្ញុំ​មាន​លិខិត​ពី​នាយកដ្ឋាន​ហើយ(ពន្ធនាគារ)ចូល​ជួប​គាត់(កញ្ញា សេង ធារី)ក្នុង​នាម​មេធាវី​នឹង​​កូនក្ដី​ដូច​ជា​មិន​មាន​ឧបសគ្គ​អ្វី​ទេ​ធម្មតា​យើង​នឹង​ជជែក​ជា​រួម​ហើយ ទៅ​លើ​អង្គហេតុ និង​អង្គច្បាប់​នៃ​រឿង​ក្ដី​ហ្នឹង គាត់​មក​នៅ​ជិត​នេះ​ហើយ​យើង​ងាយ​ជួប​ជាង​នៅ​ឆ្ងាយ»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សាទរ​ចំពោះ​ការ​បញ្ជូន​កញ្ញា សេង ធារី មក​ដាក់​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ដែល​នៅ​ជិត​មេធាវី ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ។ លោក​យល់​ថា ករណី​នេះ​ជា​សញ្ញា​ល្អ​មួយ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ជួបពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ថ្មី​ជា​បន្តបន្ទាប់​មក​នេះ។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ជំរុញ​តុលាការ​គួរ​ពន្លឿន​សវនាការ​លើ​សំណុំ​រឿង​នេះ​ឱ្យ​បាន​ឆាប់ និង​ដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ពីព្រោះ​សកម្មភាព​តស៊ូ​មតិ​របស់​កញ្ញា​កន្លងមក​គឺ​ជា​ការអនុវត្ត​សិទ្ធិ​ដើម្បី​ស្វែង​រក​យុត្តិធម៌ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក ស៊ឹង សែនករុណា៖ «បណ្ដា​ប្រទេស​លោក​សេរី​តែងតែ​លើក​ឡើង​នូវ​អ្វី​ដែល​ជា​ការរំលោភ​បំពាន​សិទ្ធិមនុស្ស រំលោភ​បំពាន​ទៅលើ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ឬ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ហើយ ប៉ុន្តែ​អ្វី​ដែល​ជា​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ក្នុង​ការ​បើក​លំហ​នូវ​សិទ្ធិ​សេរីភាព​ទាំងអស់​នោះ​ទេ​ដែល​យើង​មិន​ទាន់​ឃើញ​មាន​អ្វី​កើត​ឡើង​ជា​ដុំ​កំភួន ប៉ុន្តែ​យើង​នៅតែ​ឃ្លាំមើល និង​តាមដាន​បន្ត​ទៅ​ទៀត ដោយ​សង្ឃឹម​ថា ករណី​កញ្ញា សេង ធារី ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​ឡើង​វិញ​បាទ»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​លោក ប្លង់ សំណាង និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែកញ្ញា។

កាល​ពី​ពេល​ថ្មីៗ នេះ សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ថ្មី​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​វិញ​ដើម្បី​ធានា​ថា ពលរដ្ឋ​ខ្មែរ​ទាំង​អស់​អាច​ចូលរួម​បាន​ដោយ​សេរី​ក្នុង​ដំណើរ​ការ​នយោបាយ ហើយ​ដោះលែង​បុគ្គល និង​សកម្មជន​នយោបាយ រួមមាន​សកម្មជន​សិទ្ធិមនុស្ស​សញ្ជាតិ-ខ្មែរ​អាម៉េរិកកាំង គឺ​កញ្ញា សេង ធារី ផង​ដែរ។

កាល​ពី​ថ្ងៃ​ទី២២ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បាន​ជួប​អនុរដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) នៅ​ទីក្រុង​ញូវយ៉ក (New York) ដោយ​ជជែក​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​ជំនួប​នោះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ ១៨លាន​ដុល្លារ​ឡើង​វិញ​ដល់​កម្ពុជា ដែល​អាមេរិក​បាន​កាត់ផ្ដាច់​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយ កាល​ពី​ថ្ងៃទី២៣ កក្កដា។ ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី២៧ ខែកញ្ញា លោក ហ៊ុន ម៉ាណែត ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) នៅ​វិមាន​សន្តិភាព​ដែរ។ នៅ​ក្នុង​ជំនួប នោះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក ប៉ាទ្រិក ម័រហ្វី បាន​ថ្លែង​ថា ការសម្រេច​បន្ត​ឡើងវិញ​នូវ​កម្ម​វិធី​ជំនួយ​បរទេស​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក​គឺ​ជា​ផ្នែក​មួយ​នៃ​ជំនួយ​ជា​រួម ដែល​មាន​សារៈសំខាន់​សម្រាប់​សុខភាព​របស់​ប្រជាជន​កម្ពុជា និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​អាមេរិក គូស​បញ្ជាក់​នៅ​មុខ​លោក ហ៊ុន ម៉ាណែត ថា​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស និង​ការ​ការពារ​សេរីភាព​ជា​មូលដ្ឋាន គឺ​ចាំបាច់​ត្រូវតែ​មាន​នៅ​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។