អាជ្ញាធរ​បង្កើន​ការរឹតបន្តឹង និង​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​បក្សប្រឆាំង​នៅពេល​គម្រោង​វិលចូលស្រុក​របស់​ថ្នាក់ដឹកនាំ​បក្ស​ខិតជិត​មក​ដល់

ដោយ៖ អាស៊ីសេរី
2020.12.31
អាជ្ញាធរ​បង្កើន​ការរឹតបន្តឹង និង​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​បក្សប្រឆាំង​នៅពេល​គម្រោង​វិលចូលស្រុក​របស់​ថ្នាក់ដឹកនាំ​បក្ស​ខិតជិត​មក​ដល់ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ។
អាស៊ីសេរី

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ លោកស្រី ខន ទន់ ប្រាប់​អាស៊ីសេរី​នៅព្រឹក​ថ្ងៃទី៣១ ខែធ្នូ ថា ប៉ូលិស​មូលដ្ឋាន​ជា​ច្រើននាក់ តាម​សួរ​រក​លោកស្រី​ដល់​ផ្ទះ​ម្ដង​ហើយ​ម្ដង​ទៀត ដោយសារ​តែ​លោកស្រី​បាន​ចូលរួម​តវ៉ា​ជាមួយ​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​នៅ​ក្រុងភ្នំពេញ។ លោកស្រី​ប្រាប់​ថា នៅពេលនេះ​លោកស្រី និង​សកម្មជន​បក្សប្រឆាំង​២នាក់​ទៀត​នៅ​ខេត្តត្បូងឃ្មុំ កំពុង​គេច​ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព៖ «ខ្ញុំ​នៅតែ​ប្រកាន់​ជំហរ​ដដែល​ពី​ព្រោះអ្វី ដែល​ពួកខ្ញុំ​ធ្វើ​គឺ​ទាមទារ​រកយុត្តិធម៌ និង​ឱ្យគោរព​សិទ្ធិ និង​ប្រជាធិបតេយ្យ ពួកខ្ញុំ​អត់មាន​ធ្វើអី​ខុសទេ។ អ្វីដែល​ធ្វើ​មក​លើ​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតាៗ​ដូចជា​ពួកខ្ញុំ​នេះ វា​ធ្វើ​ឱ្យ​ពួកខ្ញុំ​មាន​ការឈឺចាប់ ហើយ​ពួកខ្ញុំ​ជា​ម្ចាស់​ប្រទេស ជា​ប្រជាពល​រដ្ឋសាមញ្ញ​អត់មាន​សិទ្ធិ​និយាយស្ដី អត់មាន​សិទ្ធិតវ៉ា។ ចំណុច​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​ការឈឺចាប់ និង​មាន​ជំហរ​កាន់តែ​រឹងមាំ​ថែមទៀត។»

ស្រដៀង​គ្នា​នេះ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក ឌឹម សារឿន ឱ្យ​ដឹង​ថា ប៉ូលិស​ឃុំ​កំពង់​ព្រះ ស្រុក​សង្កែ បាន​ទូរស័ព្ទ​បង្ខំ​ឱ្យ​លោក​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍ប៉ូលិស​នៅព្រឹក​ថ្ងៃទី៣១ ខែធ្នូ ក៏ប៉ុន្តែ​លោក​បាន​បដិសេធ។ មន្ត្រី​បក្សប្រឆាំង​រូបនេះ​បញ្ជាក់​ថា នេះ​ជាលើកទី១​ហើយ​ដែល​ប៉ូលិស​ប្រាប់​ឱ្យ​គាត់​ទៅ​បង្ហាញ​ខ្លួន បន្ទាប់​ពីដោះលែង​លោក​ពី​ពន្ធនាគារ​ព្រៃស​កាលពី​ចុង​ឆ្នាំ២០១៩។ លោក ឌិម សារឿន ចាត់ទុក​រឿងនេះ​ថា​ជា​ការបំភិតបំភ័យ​ផ្នែក​នយោបាយ ដើម្បី​រារាំង​កុំឱ្យ​លោក​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដែល​គ្រោង​វិលចូល​ស្រុក​វិញ នៅ​ថ្ងៃទី០៤ មករា ខាង​មុខ៖ « រាល់ដង​អត់មាន​ទូរស័ព្ទ​ប្រាប់​ទេ ព្រោះ​ខ្ញុំ​បំពេញ​កាតព្វកិច្ច​ខ្ញុំ​ដែរ ឱ្យ​តែ​ដល់​ម៉ោង​ដល់ខែ​ខ្ញុំ​បង្ហាញ​ខ្ញុំ​ទៅ​ហើយ។ ប្លែក​ត្រង់​ថា គាត់​ទូរស័ព្ទ​មក​ឱ្យ​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍ប៉ូលិស​អីចឹង។ខ្ញុំ​អត់ព្រួយ​អត់ភ័យ​អត់តក់​ស្លុត​អីទេ​ព្រោះ​ដោយសារ​កន្លង​មក និង​បច្ចុប្បន្ន​នេះ​ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស ហើយ​ខ្ញុំទៅ​ជា​ប្រជាពលរដ្ឋ​ធម្មតា​ហើយ​ហ្នឹង។»

លោក ឌឹម សារឿន ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​១ខែ ម្ដង​រួច​មក​ហើយ កាល​ពី​ចុង​ឆ្នាំ២០១៩ ពី​បទរួម​គំនិត​ក្បត់ និង​បទញុះញង់​ឱ្យ​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ប៉ុន្តែ​ក្រោយ​មក​អាជ្ញាធរ​បាន​ដោះលែង​លោក​វិញ ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​ឱ្យ​ដោះលែង​សកម្មជន​បក្សប្រឆាំង​ទាំងឡាយណា ដែល​មាន​ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិនិវត្តន៍​របស់ លោក សម រង្ស៊ី។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ អនុប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ព្រះ លោក សំ អុល ប្រាប់​អាស៊ីសេរី​ថា រឿងនេះ​ពុំមែន​ជា​ការគំរាម​កំហែង​អ្វី​នោះ​ទេ គឺ​លោក​មាន​បំណង​ល្អ​ដោយសារ​លោក ឌឹម សារឿន មិនបាន​មក​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ដូច​ពេល​មុនៗ៖ « គាត់​មក​បង្ហាញ​ខ្លួន​រៀងរាល់​ថ្ងៃ អីចឹង​ព្រឹកម៉ិញ​ថ្ងៃទី៣១​វា​មិន​ដាច់​ខែ ជិត​ដាច់​ឆ្នាំ​ទូរស័ព្ទ​សួរគាត់​នៅ​ណា គាត់​ថា គាត់​នៅ​ផ្ទះអីចឹង​អត់​មក​ប៉ុស្តិ៍​បង្ហាញ​ទេ​អី។ អីចឹង​ដល់​នេះ​គាត់​ឆ្លើយ​ថា​ខាង​មេធាវី​គាត់​ហ្នឹង​គេ​ឈប់​ឱ្យ​បង្ហាញ​ខ្លួន​ហើយ ខ្ញុំថា​មិនដឹង​ទេ​ចាំ​ខ្ញុំ​ជម្រាប​ជូន​អធិការ​សិន​អីចឹង។»

អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​រឹតបន្តឹង​សកម្មភាព​នយោបាយ​របស់​សកម្មជន​បក្សប្រឆាំង​ដូចគ្នា​នេះ​ដែរ។

កាល​ពី​រសៀល ថ្ងៃ​ទី២៩ ខែធ្នូ ប្រធាន និង​អនុប្រធាន​ភូមិ​ព្រៃពោធិ៍ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំធ្មារ ស្រុក​រំដួល ខេត្ត​ស្វាយរៀង បាន​ព្រមាន​អនុប្រធាន​គណបក្ស​ង្គ្រោះជាតិ​ស្រុក​រំដួល គឺ​លោក ព្រុំ សុធី មិន​ឲ្យ​ទៅ​ទទួល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ពេលខាងមុខ​ឡើយ។

ចំណែក​ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករង​ខេត្តបន្ទាយ​មានជ័យ ដែល​នៅជាប់​ព្រំដែន​ប្រទេសថៃ​វិញ​បាន​ចេញ​បទបញ្ជា​ឱ្យ​កងកម្លាំង​ទាំងអស់​ចូល​បន្ទាយ​ជា​បន្ទាន់ និង​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​កងកម្លាំង​ណាម្នាក់​ឈប់​សម្រាក​អំឡុង​ពេលនេះ​ឡើយ។ មេបញ្ជាការ​សឹករង​ខេត្ត​បន្ទាយមានជ័យ លោក ជឹម ប៊ុនអាន បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃទី២៩ ខែធ្នូ​ថា វិធានការ​នេះ​អនុវត្ត​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ពលរដ្ឋ​ឆ្លងដែន​មក​ពី​ប្រទេស​ថៃ កុំឱ្យ​មាន​ការរាតត្បាត​ជំងឺកូវីដ-១៩​ចូល​មក​កម្ពុជា។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ដាក់​ចេញ​វិធានការ​ទាំងនេះ ស្របពេល​គម្រោង​វិលចូល​ស្រុក​របស់​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ កាន់​តែ​ខិតជិត​មក​ដល់​គឺ​នៅថ្ងៃច័ន្ទ ទី០៤ ខែមករា ដើម​សប្តាហ៍​ក្រោយ​នេះ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)លោក នី សុខា យល់ថា រឿងនេះ​ជា​ការគំរាម​កំហែង​ផ្នែក​នយោបាយ ដើម្បី​រារាំង​កុំឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ទៅ​គាំទ្រ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​វិល​ចូលស្រុក​នៅ​ថ្ងៃទី៤ ខែមករា។ លោក​ថា​វិធានការ​របស់​អាជ្ញាធរ​នេះ​ជា​ទង្វើ​ខុសច្បាប់​ជា​ការរឹតត្បិត​សិទ្ធិសេរីភាព​ជួបប្រជុំ​របស់​ពលរដ្ឋ ហើយ​ជា​ការដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ៖ «យើង​កុំឱ្យ​មាន​ការភាន់ច្រឡំ​អំពី​ការគ្រាន់​តែ​ជួបជុំ​គ្នា​ទាល់​តែ​សុំ​ច្បាប់ ត្រូវតែ​មាន​ការអនុញ្ញាត​អីហ្នឹង ខ្ញុំ​គិត​ថា អាហ្នឹង​មិនមែន​ជា​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ទេ។ ប្រទេស​ប្រជាធិបតេយ្យ​គេ​មិន​និយាយ​អីចឹង​ទេ គេ​និយាយ​ពី​សេរីភាព​ការជួបជុំ​កុំឱ្យ​តែ​ការជួបជុំ​ហ្នឹង​វា​ទៅ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ឬ​ក៏​អំពើ​អី ដែល​ធ្វើ​ឱ្យ​អំពើ​ហិង្សា ធ្វើឱ្យ​ប៉ះពាល់​ទៅ​ដល់​អាយុ​ជីវិត​អ្នក​ដទៃ និង​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​បាន​ខុស។»

មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​បន្ថែម​ថា ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​ថ្នាក់​ដឹកនាំ​មន្ត្រី​បក្សប្រឆាំង​វិលចូល​ស្រុក​វិញ ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការ​ពុំ​មែន​ជា​អំពើ​ខុសច្បាប់​ឡើយ ព្រោះ​ជា​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​អោយ​បញ្ឈប់ការ​ចាប់ចង​ពលរដ្ឋ ដែល​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ និង​បើក​លំហ​សិទ្ធិសេរីភាព​ដល់​ពលរដ្ឋ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។