មន្ត្រី​បក្ស​ប្រឆាំង​យក​ច្រក​ប៉ោយប៉ែត​ជា​គោលដៅ​មួយ​នៃ​ទីតាំង​ដទៃ​ទៀត​សម្រាប់​ធ្វើ​​មាតុភូមិនិវត្តន៍​របស់​ថ្នាក់​ដឹក​នាំ

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រឆាំង​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ គឺ​ជា​គោលដៅ​សំខាន់​មួយ​ក្នុង​ចំណោម​ច្រក​ព្រំដែន​ដទៃ​ទៀត សម្រាប់​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ ស្រប​គ្នានឹង​ការ​អះអាង​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​បិទ​ច្រក​របៀង​ព្រំដែន​កម្ពុជា​ថៃ​ទាំង​អស់​ជា​បណ្ដោះអាសន្ន​ ដើម្បី​ទប់​ស្កាត់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ​នៅ​ពេល​ខាងមុខ ​។

មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ អះអាង​ថា​ ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​​បាន​ដាក់​ផែនការ​ច្បាស់លាស់​រួច​ហើយ ដោយនៅ​រង់ចាំ​តែ​នៅ​លោក សម រង្ស៊ី ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ថៃ​ដើម្បី​ដឹក​នាំ​អ្នក​គាំទ្រ​វិល​ចូល​កម្ពុជា​វិញ។

ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ថៃ លោក សន សុវណ្ណ​ថេត​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៥​វិច្ឆិកា​ថា ពួក​លោក​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​បាងកក ដោយ​បាន​ឯកភាព​គ្នា​​កំណត់​យក​ច្រក​ព្រំដែនដែល​ត្រូវ​ដឹក​នាំ​កម្លាំង​វិល​ចូល​ស្រុក​វិញ​រួច​ហើយ។ លោក​បញ្ជាក់​ថា​ច្រក​ព្រំដែន​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ជា​ច្រក​សំខាន់​មួយ​នៃ​ទីតាំង​ដទៃ​ទៀត ដែល​ត្រូវ​​បាន​គណបក្ស​​ជ្រើស​យក​គោលដៅ​ធ្វើ​មាតុ​ភូមិនិវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ផែនការ​ចម្បង​គឺ​យើង​យក​ទីតាំង​ប៉ោយប៉ែត​ជា​ច្រក​មួយ​ដែល​យើង​ត្រូវ​តែ​បុក​ឱ្យ​ខ្លាំង​បំផុត ដែល​មាន​ពលករ​រាប់​ម៉ឺន​នាក់​ទៅ​ជា​មួយ​យើង ហើយ​រួម​សហការ​ជា​មួយ​សកម្មជន​ចូល​ទៅ​ក្នុង​ពេល​តែ​មួយ។ បើ​សិន​ជា​អាជ្ញាធរ​មិន​ឱ្យ​ចេញ​យើង​មាន​ផែនការ​ផ្សេង​ទៀត​ ព្រោះ​កម្លាំង​ដែល​យើង​រៀប​ហ្នឹង​និយាយ​ទៅ​បាន​រៀបចំ​រួច​ទៅ​ហើយ​ គឺ​យើង​មាន​មធ្យោបាយ​ដោះស្រាយ​ភ្លែត​តែ​ម្ដង»។

លោក​បន្ត​ថា​ បើទោះ​បី​ជា​មាន​ការ​គំរាម​កំហែងពី​របប​ក្រុង​ភ្នំពេញ​ជា​បន្តបន្ទាប់ក្ដី ក៏​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ មក​ពី​សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី​ បាន​ធ្វើ​ដំណើរ​មក​​ដល់​ទី​ក្រុង​បាងកក​ជាង​១០០​នាក់​ហើយ រីឯ​​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​អាស៊ី​រាប់​រយ​នាក់​ផ្សេង​ទៀត ក៏​បានមក​​​ដល់​ប្រទេស​ថៃ​រួច​ហើយ​ដែរ។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​សហរដ្ឋ​អាមេរិក លោក ប៉ាល់ សារ៉ាពេជ្រ ប្រាប់​អាស៊ីសេរី ក្រោយ​ពេល​ចុះ​ពី​លើ​យន្តហោះ​ថា លោក​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ៤នាក់​ទៀត បាន​​​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ញូវយ៉ក និង​បាន​មក​ដល់​ទីក្រុង​បាងកក​នៅ​ម៉ោង​ ១២ថ្ងៃ​ត្រង់ ថ្ងៃ​ទី៥ វិច្ឆិកា។ លោក​បន្ត​ថា មូលហេតុ​ដែលពួកលោក​មក​ចូល​រួម​អម​ដំណើរ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​​ស្អប់ខ្ពើម​របប​ដឹក​នាំ​សព្វ​ថ្ងៃ ដែល​គ្រប់គ្រង​ផ្ដាច់ការ ​ពុក​រលួយ​ដល់​ឆ្អឹង និង​សង្គម​គ្មាន​យុត្តិធម៌៖ «ខ្ញុំ​មិន​ថយ​ទេ​ហើយ​នឹង​ធ្វើ​តាម​លទ្ធភាព​ជាក់​ស្ដែង​ មិន​ដឹង​ថ្ងៃ​ណា​ចប់​ទេ​ ថ្វីត្បិត​តែ​គេ​ប្រឹង​តែ​យើង​ក៏​ប្រឹង​ដែរ​ ប៉ុន្តែ​ឈ្នះ​ឬ​ចាញ់​ចាំ​មើល​ក្រោយ​ថ្ងៃ​ទី​៩​វិច្ឆិកា​ដឹង​ហើយ​ ពីព្រោះ​ខ្ញុំ​មិន​មែន​មក​កាប់​សម្លាប់​អ្នក​ណា​ទេ​ មក​ទាមទារ​ប្រជាធិបតេយ្យ​ ទាមទារ​គណបក្ស​សង្គ្រោះ​ជាតិ​មក​វិញ​ ព្រោះ​របប​លោក​ហ៊ុន​ សែន​ រំលាយ​ចោល​ដោយ​អយុត្តិធម៌​ ហើយ​អន្តរជាតិ​ក៏​មិន​បាន​ដាក់​សម្ពាធ​ឱ្យ​គ្រប់​គ្រាន់​ ដើម្បី​ឱ្យ​របប​ផ្ដាច់​ការ​ហ្នឹង​ដក​ថយ​ទេ »

ស្របពេល​ថ្ងៃ​កំណត់​វិល​ចូល​ស្រុក​របស់​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់ ​អាជ្ញាធរ​ខ្មែរ​បាន​បិទ​ច្រក​របៀង​ទាំង​អស់​នៅ​តាម​​ព្រំដែន​កម្ពុជា​ថៃ។

ប្រព័ន្ធឃោសនាស្និទ្ធិនឹង​របបក្រុង​ភ្នំពេញចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី៥ វិច្ឆិកា​ថា អាជ្ញាធរ​សម្រេច​បិទ​ច្រក​របៀង​ព្រំដែន​ខ្មែរ-ថៃ​បណ្ដោះអាសន្ន អំឡុង​ពេល​ថ្ងៃវិល​ចូល​ស្រុក​របស់​​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​ស្ថានការណ៍​ប្រក្រតី​ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា​ អាជ្ញាធរ​នៅ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ច្រក​ចេញ​ចូល​កម្ពុជា-ថៃ​តាម​ច្រក​តំបន់ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​​ជា​ធម្មតា។

អាស៊ី​សេរីមិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បញ្ហា​នេះពី​ប្រធាន​ស្ដីទី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ លោក នេត សំអាត បាន​ទេ នៅ​ថ្ងៃ​ទី៥ វិច្ឆិកា ដោយ​លោក​ប្រាប់​ថា​ជាប់​រវល់​ប្រជុំ៖ «បាទ ! ខ្ញុំៗ ជាប់​ប្រជុំ​បន្តិច​បង​ ចាំ​តិច​បាទ

ទោះ​ជា​យ៉ាង​ណា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក សក់ សេដ្ឋា បាន​ចុះ​ត្រួតពិនិត្យ​កងកម្លាំង​​ចម្រុះ​រាប់​រយ​នាក់ ដែល​មាន​កាំភ្លើង​ជាប់​ដៃ​ដល់​ទីតាំង​ឈរ​ជើង​នៅ​គល់​ស្ពាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ព្រឹក​ថ្ងៃ​ទី៥ វិច្ឆិកា។ គេហទំព័រ​ទីបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឱ្យ​ដឹង​ថា កង​កម្លាំង​ទាំង​នោះ​ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ត្រៀម​ទប់​ស្កាត់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី​នៅ​ពេល​ខាង​មុខ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា​ ការ​ដាក់​កងទ័ព​ដ៏​ច្រើន​នេះ​ គឺ​ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ ធ្វើ​ឱ្យ​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ភាគី​ម្ខាង​ទៀត​ចុះ​ខ្សោយ។​

អ្នក​សម្រប​សម្រួល ​និង​អង្កេត​​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា​ ស្ថានការណ៍​សព្វ​ថ្ងៃ​មិន​ទាន់​តឹងតែង​​ដល់​កម្រិត​ដែល​ត្រូវ​ដាក់​កងកម្លាំង​សន្ធឹកសន្ធាប់​នៅ​តាម​ព្រំដែន​បែប​នេះ​ទេ។ លោក​បន្ត​ថា​ ការ​បញ្ជូន​កងទ័ព​ដ៏​ច្រើន​ទៅ​ព្រំដែន​នេះ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​ ដើម្បី​បំភិតបំភ័យ​សកម្មជន​បក្ស​ប្រឆាំង​និង​អ្នក​គាំទ្រ ដើម្បី​រាំង​ខ្ទប់​មិន​ឱ្យ​ពួកគេ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ទោះ​ជា​យ៉ាង​ណា​លោក​អះអាង​ថា យុទ្ធសាស្ត្រ​នេះ​មិន​បាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​ឡើយ ផ្ទុយ​ទៅ​វិញ​​ធ្វើ​ឱ្យ​អ្នក​ទេសចរ​ភ័យ​ខ្លាច​មិន​ហ៊ាន​ចូល​មក​កម្សាន្ត​កម្ពុជា​ ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ពាក់​ព័ន្ធ​នឹង​ទេសចរ​បាត់បង់​ប្រាក់​ចំណូល៖ «ប្រហែល​ជា​គាត់​ព្រួយបារម្ភ​ស្ថានភាព​ផ្សេងៗ​ទៀត​ ដែល​មិន​អាច​កំណត់​ទុក​​ជា​មុន​បាន​ ជា​ពិសេស​ក្រែង​លោ​មាន​កម្លាំង​មហាជន​ទៅ​អម​ដំណើរ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ បាន​ដាក់​កម្លាំង​ច្រើន​បែប​នេះ​។ព្រោះ​ខ្ញុំ​គិត​ថា​ បើ​សិន​​ជា​សកម្មជន​តែ​ប៉ុន្មាន​នាក់​នោះ​ មិន​បាច់​ដាក់​ប៉ូលិស​ដ៏​ច្រើន​បែប​នេះ​ទេ​ មាន​ប៉ូលិស​តែ​៥​នាក់​ក៏​ចាប់​បាន​ហើយ »

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​នៅ​តែ​ទទូច​ឱ្យ​ដល់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ត្រូវ​រ៉ូវ​គ្នា​ឡើង​វិញ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​បង្ហូរឈាមដាក់គ្នា​កើត​ឡើង​នៅ​ពេល​ខាង​មុខ ដែល​នាំ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ធ្វើ​ឱ្យ​កម្មករ​រោង​ចក្រ​អត់​ការងារ​ធ្វើ​ដោយ​សារ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA និង GSP។

មន្ត្រី​គណបក្ស​ប្រឆាំង​ អះអាង​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​ដាក់​ពង្រាយ​កង​កម្លាំង​រាប់​រយ​នាក់​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​នៅ​តែ​វិល​ត្រឡប់​ទៅ​កម្ពុជា​តាម​ព្រំដែន​ថៃ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ចុង​សប្តាហ៍​នេះ​ដដែល៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។