មន្ត្រី​បក្ស​ភ្លើងទៀន​​ចោទអភិបាល​ស្រុក​​សាលាក្រៅ​ ខេត្តប៉ៃលិន​ថា ​​បញ្ជា​អាជ្ញាធរ​ឱ្យ​ដក​​ស្លាក​​គណបក្ស​ភ្លើង​ទៀន​ក្នុង​ខេត្ត​នេះ​

0:00 / 0:00

មន្ត្រី​គណ​បក្ស​ភ្លើង​ទៀន​ចោទ​ប្រកាន់​អភិបាលស្រុក​សាលាក្រៅ​ខេត្តប៉ៃលិន​ថា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​​ទៅ​ដក​ស្លាក​គណបក្ស​ភ្លើង​ទៀន ដែល​ទើប​បាន​លើក​នៅ​មុខ​ផ្ទះ​សកម្មជន​គណបក្ស​​នេះ​កាលពី​​ព្រឹក​ ថ្ងៃ​ទី២៦ ខែមករា។ ទោះ​យ៉ាងណា​ អភិបាល​ស្រុក​ដែល​រង​ចោទ​ប្រកាន់​ឆ្លើយតប​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ និង​ព្រមាន​ប្ដឹង​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

Candle Party in Pailin on 26_01_2022_01.jpg
ស្លាកសញ្ញាគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន ដែលសកម្មជនអះអាងថា មានគេដកកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ (រូប៖ សកម្មជន)

គណបក្ស​ភ្លើងទៀន​ ខេត្ត​ប៉ៃលិន​ឲ្យ​ដឹង​ថា​ ​ អភិបាលស្រុក​ សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ លោក​ សំ សារ៉េត បាន​បញ្ហា​អាជ្ញាធរ​ឲ្យ​ទៅ​ដក​ស្លាក​គណបក្ស​ភ្លើង​ទៀន​ ដែល​​ទើប​បាន​លើក​​នៅមុខ​ផ្ទះ​សកម្មជន​គណបក្ស​នេះ​នៅ​ភូមិផ្សារ​ព្រំ​ជើង ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​​។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា លោក​អភិបាល​ក៏​បញ្ជា​មេភូមិ​ មេឃុំ​​ ឲ្យទៅ​ដក​ស្លាក​គណបក្ស​ភ្លើងទៀន​មួយ​កន្លែង​ទៀត​ នៅ​ភូមិ​ភ្នំកុយ ​ក្នុង​ឃុំ​ ស្រុក​ដដែល​​ ប៉ុន្តែ​ត្រូវ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​​​បញ្ឈប់​ទាន់​ពេល។

ប្រធាន​បក្ស​ភ្លើងទៀន ខេត្ត​ប៉ៃលិន​ លោក ខឹម មុនីកុសល ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ក្រុម​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​ ការ​លើក​ស្លាក​នេះ ព្រោះ​គណបក្ស​មិន​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ ប៉ុន្តែ​ លោក​អះអាង​ថា លោក​ដាក់​លិខិត​ជូន​ដំណឹង​​អាជ្ញា​ខេត្ត​ ស្រុក​​ ឃុំ និងភូមិ ​តាំង​ពី​ថ្ងៃ​ទី​១៨​ ខែ​មករា​មកម៉្លេះ។​ លោក​យល់​ថា ទង្វើ​របស់​អាជ្ញាធរ​​ស្រុក​សាលាក្រៅ​បែប​នេះ ​​ជា​ការ​រំខាន​ និង​រារាំង​​ការ​ធ្វើ​សកម្មភាព​របស់​គណបក្ស​ភ្លើងទៀន៖ « មេឃុំ និង​មេភូមិ​ដែល​មក​ហ្នឹង​គាត់ ក៏​បាន​បញ្ជាក់​ថា​ គាត់​បាន​ទទួល​ជូន​ដំណឹង​របស់​ខ្លួន​ហើយ​ ប៉ុន្តែ​អត់​មាន​លិខិត​អនុញ្ញាត​ពី​ថ្នាក់​លើ​ គាត់​និយាយ​អញ្ចឹង។ ខ្ញុំ​គិត​ថា គាត់​មាន​ចេតនា​រារាំង​រំខាន​​​អញ្ចឹង​តែ​ម្ដង​ដោយ​គាត់​មិន​គោរព​ច្បាប់​ និង​ការ​ណែនាំ​អនុញ្ញាត​ពី​ថ្នាក់​លើ »

Candle Party in Pailin on 26_01_2022_02.jpg
ស្នាកស្នាមរណ្តៅស្លាកសញ្ញាគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន ដែលសកម្មជនអះអាងថា មានគេដកកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ (រូប៖ សកម្មជន)

ទោះបីជាយ៉ាងណា លោក​ ខឹម មុនីកុសល បានឲ្យដឹងថា ​ក្រុម​ការងារ​គណបក្ស​នេះ ​បាន​នាំ​គ្នាទៅ​លើក​ស្លាក​គណបក្ស​ភ្លើងទៀន​ ដែល​មាន​​ទីតាំង​ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត​ប៉ៃលិន​វិញ​ហើយ ​​ក្រោយ​ពី​អាជ្ញាធរ​អាជ្ញាធរ​បាន​ដក​កាលពី​ព្រឹកមិញ​នេះ។

អាជ្ញាធរ​​ដក​ស្លាក​គណបក្ស​ភ្លើងទៀននេះ​ គឺធ្វើ​ឡើង​បន្ទាប់​​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស​ ខេង​ រំលឹក​ទៅ​អាជ្ញាធរ​ថា​ ត្រូវ​ប្រកាន់​នូវ​ជំហរ​អព្យាក្រឹត្យ​គ្រប់​គណបក្ស​នយោបាយ​ និង​មាន​ភារកិច្ច​ការពារ​គណបក្ស​នយោបាយ ដោយ​មិន​បែងចែក​ មិន​ប្រកាន់​​ក្នុង​ការ​ចូលរួម​ការ​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ​ អភិបាលស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន លោក សំ សារ៉េត ឆ្លើយតប​ថា លោក​មិន​បាន​ដឹកនាំ និង​មិន​បាន​ដឹង​ថា ក្រុម​ណា​ដែល​ទៅ​ដក​ស្លាក​នេះ​ទេ។ ទោះ​យ៉ាងណា​ លោក​ចោទ​ប្រកាន់​ថា​ ក្រុម​គណបក្ស​ភ្លើងទៀន មិន​បាន​ជូន​ដំណឹង​ឲ្យ​លោក​បាន​ដឹង​ ពី​ការ​លើក​ស្លាក​នេះ​ឡើយ។ លោក​អះអាង​ថា តាម​គោលការណ៍​មុន​ពេល​ស្លាក​គណបក្ស​នយោបាយ​ណាមួយ​ត្រូវ​រង់ចាំ​អាជ្ញាធរ​ឆ្លើយតប​ថា បាន​ទទួល​លិខិត​ជាមុន​សិន​ទើប​អាច​លើក​ស្លាក​បាន៖ «អត់​ផង គាត់​ឲ្យ​ដឹង​ភូមិ​ឃុំ​តែ​ខ្ញុំ​គាត់​ឲ្យ​អត់​ដឹង​ផង គាត់​ដាក់​លិខិត​សួរ​ថា ខ្ញុំ​បាន​ទទួល​ហើយ​នៅ ? បើ​ខ្ញុំ​មិន​ដឹង​លិខិត​នៅ​ណា​ផង បង​ឯង​ជា​អ្នក​រដ្ឋបាល​មួយ​ដែរ បង​ឯង​ត្រូវ​យល់​​ ដាក់​លិខិត​ទៅ​គេ​គេ​មក​វិញ​គេ​បាន​ទទួល​ថ្ងៃ​ណា ? ខែ​ណា ? បាន​ទទួល​នៅ ?»។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការ​បោះ​ឆ្នោត​នៅ​កម្ពុជា ហៅ​កាត់ ថា និចហ្វិច (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា គ្រប់​គណបក្ស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​រួចហើយ​ការ​លើក​ស្លាក​របស់​គណបក្ស​នយោបាយ​ណា​មួយ​គឺ គ្រាន់​តែ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ គឺ​គ្រប់គ្រាន់​ហើយ។ លោក​យល់​ថា ក្រសួង​មហាផ្ទៃ គួរ​មាន​វិធានការ​លើ​សមត្ថកិច្ច​ ដែល​បំពេញ​ការងារ​មិន​ត្រឹមត្រូវ​ច្បាប់ និង​ការណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៖ «គេ (គណបក្ស​នយោបាយ ) គ្រាន់​ជូន​ដំណឹង​ទៅ​ហើយ​គេ​រៀបចំ​លើក​ស្លាក​ទៅ​បាន​ហើយ។ ខ្ញុំ​ក៏​ចង់​ឃើញ​សម្ដេច​ ស ខេង​ គាត់​អនុវត្ត​ដែរ​ គាត់​ណែនាំ​អ៊ីចឹង ហើយ​គាត់ (មន្ត្រី​ថ្នាក់​ក្រោម ) មិន​ព្រម​ស្ដាប់ ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​ការងារ​រដ្ឋបាល​មាន​បាទ​ជា​មេរៀន​ទៅ​បណ្ដា​ឃុំ​ផ្សេងៗទៀត ឬ​ក៏​ខេត្ត​ផ្សេងៗ ទៀត​បាទ »។

ពត៌មានបន្ទាន់ ប៉ៃលិនថ្ងៃទី២៦ មករា ២០២២ វេលាម៉ោង ១១ ថ្ងៃត្រង់ កំលាំងរបស់រដ្ឋបាលស្រុកសាលាក្រៅ បញ្ជាដោយលោក...

Posted by Sophea Sun on Tuesday, January 25, 2022

គណបក្ស​ភ្លើង​ទៀន មាន​ឈ្មោះ​ដើម​មកពី​គណបក្ស​ជាតិ​ខ្មែរ បន្ទាប់​មក​ប្ដូរ​ឈ្មោះ​មក​ជាគណបក្ស សម រង្ស៊ី ដែល​ត្រូវ​បង្កើត​ដោយ​លោក សម រង្ស៊ី កាល​ពី​នៅ​ឆ្នាំ១៩៩៥។ គណបក្ស​នេះ​ទើប​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​កាល​ពី​ចុង​ឆ្នាំ២០២១ ក្រោយ​រដ្ឋាភិបាល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ២០១៧។

ចាប់​តាំង​ពី​គណបក្ស​ភ្លើងទៀន នេះ​ធ្វើ​សកម្មភាព​នយោបាយ និង​លើក​ស្លាក​របស់​ខ្លួន​មក សកម្មជន​គណបក្ស​នេះ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន និង​សកម្មជន​មួយ​ចំនួន​ទៀត​រង​ការ​ព្រមាន​ពី​គណបក្ស​កាន់​អំណាច។ ក្រៅ​ពី​នេះ​អាជ្ញាធរ​ និង​ជន​មិន​ស្គាល់​មុខ នៅ​ខេត្តសៀមរាប កំពង់ចាម ខេត្ត​កំពត និង​ចុង​ក្រោយ​ខេត្ត​ប៉ៃលិន​បាន​រំខាន​ការ​លើក​ស្លាក​គណបក្ស និង​បំផ្លាញ​ស្លាក​គណបក្ស។

ប្រធាន​ស្ដីទី​គណបក្ស​ភ្លើង​ទៀនលោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា ប្រសិន​គណបក្ស​ភ្លើង​ទៀន បន្ត​ជួប​បញ្ហា​បែប​នេះ​ត​ទៀត គណបក្ស​ភ្លើង​ទៀន នឹង​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើ​អន្តរាគមន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។