អាជ្ញាធរ​ព្រមាន​អតីត​ចៅសង្កាត់​អូរចារ​ឲ្យ​ដក​ស្លាក​ចេញពី​មុខ​ហាង​ដែល​មាន​ពាក្យ​ឧទ្ទាម

ដោយ ម៉ៅ សុធានី
2018-02-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កញ្ញា រ៉ូហ្សេត ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​នៅ​សាលាក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
កញ្ញា រ៉ូហ្សេត ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​នៅ​សាលាក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
Photo Provided

ចៅសង្កាត់​អូរចារ​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​បញ្ចប់​មុខតំណែង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត សម្រេច​ទម្លាក់​បដា​ដែល​មាន​ខ្លឹមសារ​ថា រីករាយ​ស្វាគមន៍​ភ្ញៀវ​ទាំងអស់ លើកលែងតែ​ឧទ្ទាម​ជន ចេញ​ពីមុខ​អាហារដ្ឋាន​របស់​ខ្លួន។ ការ​ដក​បដា​នេះ គឺ​បន្ទាប់ពី​អភិបាលក្រុង​បាត់ដំបង​បាន​ព្រមាន​កញ្ញា ក្រោយ​ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​អាជ្ញាធរ​នៅ​សាលាក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី៦ កុម្ភៈ។

មន្ត្រី​គណបក្សប្រឆាំង​ក្រុង​បាត់ដំបង គឺ​កញ្ញា ស៊ិន ចាន់​ពៅរ៉ូហ្សេត អះអាង​ថា មូលហេតុ​ដែល​កញ្ញា​សម្រេច​លុប​ខ្លឹមសារ​ឧទ្ទាម​ជន​ចេញពី​ខាងមុខ​ហាង គឺ​ដោយសារ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ជាមួយ​អាជ្ញាធរ។

អ្នក​គាំទ្រ​ថតរូប​ជាមួយ​កញ្ញា រ៉ូហ្សេត នៅ​មុខ​អាហារដ្ឋាន​របស់​នាង កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៨។  Photo Provided
អ្នក​គាំទ្រ​ថតរូប​ជាមួយ​កញ្ញា រ៉ូហ្សេត នៅ​មុខ​អាហារដ្ឋាន​របស់​នាង កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៨។ Photo Provided Photo Provided

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ឲ្យ​ដឹង​នៅ​ថ្ងៃទី៦ កុម្ភៈ ថា កញ្ញា​គឺ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ម្នាក់ ដោយ​គ្រាន់តែ​សរសេរ​ខ្លឹមសារ​តូច​មួយ ក្នុង​ការ​ទាក់ទាញ​អតិថិជន ឲ្យ​ចូល​មក​អាហារដ្ឋាន​របស់​ខ្លួន​ឲ្យ​បាន​ច្រើន ដើម្បី​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ម្យ៉ាងទៀត​គិត​ថា ខ្លឹមសារ​នេះ​ប៉ះពាល់​ដល់​រដ្ឋអំណាច​នោះ​ឡើយ។ កញ្ញា រ៉ូហ្សេត អះអាង​ថា នៅ​ពេល​ដែល​កញ្ញា​ចូល​ទៅ​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ក្រុង គឺ​អភិបាលក្រុង​បាត់ដំបង​បាន​បង្ខំ​ឲ្យ​កញ្ញា​ដក​ខ្លឹមសារ​ឧទ្ទាម​ជន​នៅ​លើ​បដា​ខាងមុខ​ហាង​ចេញ ដោយ​ថា​ខ្លឹមសារ​នេះ​ខុសច្បាប់៖ «ប៉ុន្តែ​ដែល​ខ្ញុំ​សរសេរ​ផ្សព្វផ្សាយ​ឲ្យ​ភ្ញៀវ​ចូល​ហាង​នាង​ខ្ញុំ ដោយសារតែ​ប៉ុន្មាន​ថ្ងៃមុន​នឹង​មាន​តំណាងរាស្ត្រ​ម្នាក់​គាត់​សរសេរ​នៅ​ក្នុង​ហ្វេសបុក​របស់​ខ្ញុំ ដោយ​ថា ជា​កន្លែង​បង្កាត់​រងើកភ្លើង ជា​កន្លែង​បង្កើត​ក្រុម​ឧទ្ទាម ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា នរណា​ជា​ជន​ឧទ្ទាម​ទេ ព្រោះ​កន្លែង​ខ្ញុំ​ជា​កន្លែង​លក់ដូរ​ត្រូវ​ទទួល​ស្វាគមន៍​ទាំងអស់»

ខ្លឹមសារ​បន្ថែម​ថ្មី​នៅ​លើ​បដា​ខាងមុខ​អាហារដ្ឋាន​រ៉ូហ្សេត សរសេរ​ថា រីករាយ​ស្វាគមន៍​ភ្ញៀវ​ទាំងអស់​លើកលែងតែ​ឧទ្ទាម​ជន អាជ្ញាធរ​មិន​សប្បាយ​ចិត្តត្រង់​ថា​ពាក្យ​ថា​ឧទ្ទាមជន ហើយ​បាន​ស្នើ​ម្ចាស់​ហាង​ដក​ពាក្យ​នេះ​ចេញ​ជាបន្ទាន់។

អាស៊ីសេរី​ពុំ​ទាន់​អាច​ទាក់ទង​អភិបាលក្រុង​បាត់ដំបង​លោក ផេង សិទ្ធី ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ។

ប៉ុន្តែ លិខិត​អញ្ជើញ​ដោយ​អភិបាលក្រុង​បាត់ដំបង​លោក ផេង សិទ្ធី ចុះ​ថ្ងៃ​ទី​៥ កុម្ភៈ បាន​អញ្ជើញ​កញ្ញា សិន​ចាន់ពៅរ៉ូហ្សេត ម្ចាស់​អាហារដ្ឋាន​រ៉ូហ្សេត ដើម្បី​ចូលរួម​ប្រជុំ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​នៅ​សាលាក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ។ នៅ​ក្នុង​បន្ទប់​ប្រជុំ​មាន​តំណាង​មន្ត្រី​កងរាជអាវុធហត្ថ​អធិការ​នគរបាល​ក្រុង​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ​របស់​សាលាក្រុង​មួយ​ចំនួន​ទៀត។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង លើក​ឡើង​ថា អាជ្ញាធរ​ហាក់​ចាប់អារម្មណ៍​ខ្លាំង ទៅលើ​អាហារដ្ឋាន​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ជ្រុល​ហួសហេតុ។ លោក​អះអាង​ថា បើ​គ្រាន់តែ​ខ្លឹមសារ​ពាក្យ​ប៉ុន្មាន​មាត់​នៅ​ខាង​មុខ​ហាង អាជ្ញាធរ​អាច​សម្រួល​គ្នា​ដោយ​ស្ងៀមស្ងាត់​បាន ដោយ​ពុំ​បាច់​មាន​លិខិត​អញ្ជើញ​ធំដុំ​ក៏បាន​ដែរ។ លោក ហេង សាយហុង ចាត់​ទុក​អាជ្ញាធរ​ហៅ កញ្ញា រ៉ូហ្សេត ឲ្យ​ដក​បដា​ចេញពី​ខាងមុខ​ហាង​នេះ ជា​ការ​រំខាន​ដល់​របរ​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ៖ «ហើយ​វា​គ្មាន​អី​ចម្លែក​សោះ ទៅ​លើ​សកម្មជន​ដែល​គេ​បាន​លាលែង​ហើយ និង​ជា​សកម្មជន​តូចតាច​មួយ នៅ​លក់ដូរ​នំ​បញ្ចុក​នំកង​នំ អី​សុចរិត ធម្មតា​ហើយ​ចេះ​តែ​មាន​រឿងរ៉ាវ ខ្ញុំ​វា​ចម្លែក​និង​អស់សំណើច​នឹង​ការងារ​នឹង​ដែរ ដែល​កំប៉ិកកំប៉ុក ហើយ​បើ​សិន​គេ​ដឹង​ថា តំបន់​នឹង​ជា​កន្លែង​លាក់ ឬ​កន្លែង​ផ្ដល់​អសន្តិសុខ​អ្វីមួយ គឺ​គេ​នឹង​មិន​ធ្វើ​ឲ្យ​ដឹង​នោះ​ទេ»

អាហារដ្ឋាន​រ៉ូហ្សេត​បើក​ដំណើរការ មក​ជិត​២​ខែ​ហើយ ចាប់​តាំង​ពី​បើក​ដំណើរការ​មក មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូល​ទៅ​គាំទ្រ នៅ​ហាង​មួយ​នេះ។ អាហារដ្ឋាន​មួយ​នេះ មាន​លក់​នំ​បញ្ចុក ណែម​សាច់​ត្រី និង​បង្អែម​របស់​ខ្មែរ​ដូចជា​នំ​ផ្លែ​អាយ នំ​អន្សម និង​នំគម​ជាដើម។ ថ្មី​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន ធ្លាប់​ផ្ដល់​សម្ភាសន៍​ឲ្យ​កាសែត​ក្នុងស្រុក ដោយ​ចោទ​អាហារដ្ឋាន​នេះ​ថា ជា​បណ្ដុំ​អ្នកគាំទ្រ​ក្រុម​ឧទ្ទាម​ចលនា​សង្គ្រោះជាតិ​របស់​លោក សម រង្សី។ បន្ទាប់ពី​លោក ឈាង វុន រិះគន់​មក ហាង​មួយ​នេះ​បាន​ស្ងាត់​ភ្ញៀវ​ចូល​មួយ​រយៈ ហើយ​មិន​យូរ​ប៉ុន្មាន​កញ្ញា រ៉ូហ្សេត ក៏​បាន​លើក​បដា​ថ្មី​មួយ​ដោយ​សរសេរ​ថា រីករាយ​ស្វាគមន៍​ភ្ញៀវ​ទាំងអស់​លើកលែងតែ​ឧទ្ទាម​ជន ក្រោយមក​ភ្ញៀវ​ក៏បាន​ចូល​ហាង​នេះ​ច្រើន​ជា​បន្តបន្ទាប់​ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

John

ពី London

នៅក្នុងសង្គម Facebook លោក ផេង វណ្ណះ បានចេញ Video clip មួយនិយាយពីការរិះគន់នឹងអំពើរឈ្នានីសរបស់លោក ឈាង វុន ទៅកាន់កញ្ញា រូហ្សេត តែលោក ឈាង វុន វិញធ្វើគរថ្លង់ពីការរិះគន់នោះ ព្រមទាំងពីសំណាក់មហាជនខ្មែរផងដែរ។ ក្នុងជីវិតលោក ឈាង វុន ជាមន្រ្ដីខ្មែរ លោកល្បីជាងគេផ្នែកប្រើពាក្យអសិលធម៍ "ឯង អញ" ទៅអ្នកដទៃ នឹងការប្រមាទ ឈ្នានីស អ្នកទន់ខ្សោយ ពោលគឺលោក ឈាង វុនជាមនុស្សពាល។ លោកឈាង វុន មានពេលឯណាទៅបំពេញការងាសំខាន់ជូនរាស្រ្ដ បើមួយថ្ងៃៗរវល់តែដើរឈ្នានីសគេ !

Feb 07, 2018 05:02 AM

អ្នក​អាន​អនាមិក

She also want to try to get in jail, if it is as luxury as in 5 star hotel?

Feb 07, 2018 03:40 AM

អ្នក​អាន​អនាមិក

Really, what's wrong with our people....

Feb 07, 2018 03:12 AM

អ្នក​អាន​អនាមិក

She is very good to stand up for her future and the country future. I admire her.

Feb 07, 2018 02:16 AM

គេហទំព័រ​ទាំងមូល