អាជ្ញាធររបបក្រុងភ្នំពេញបានដកកងកម្លាំងប្រដាប់អាវុធមួយចំនួនចេញពីតំបន់ព្រំដែនកម្ពុជាថៃ និងបានបន្ធូរបន្ថយការត្រួតពិនិត្យប្រជាពលរដ្ឋ ដែលឆ្លងដែនចេញចូលប្រទេសទាំងពីរ ធូរស្រាលជាងមុននៅថ្ងៃទី១១ វិច្ឆិកា។ មន្ត្រីអង្គការសង្គមស៊ីវិល យល់ថា មូលហេតុដែលអាជ្ញាធរបន្ធូរបន្ថយនៅតំបន់ព្រំដែននេះដោយសារប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី មិនបានទៅដល់កម្ពុជាដូចការគ្រោងទុក។
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជាថៃក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យលើកឡើងថា ថ្វីត្បិតតែអាជ្ញាធរនៅខេត្តទាំងនេះ បានដកកងកម្លាំងចេញពីតំបន់ព្រំដែនប្រមាណ ៧០ភាគរយហើយក្ដី ក៏អាជ្ញាធរនៅតែបន្តរក្សាកងកម្លាំងខ្លះៗ ដើម្បីត្រួតពិនិត្យការចេញចូលនៅច្រកព្រំដែនដដែល។
ប្រជាពលរដ្ឋម្នាក់រស់នៅព្រំដែនខេត្តបាត់ដំបង ថ្លែងសុំមិនបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនឱ្យដឹងនៅរសៀលថ្ងៃទី១១វិច្ឆិកាថា អាជ្ញាធរបានដកប៉ូលិស ទាហាន និងមន្ត្រីកងរាជអាវុធហត្ថចេញពីច្រកទ្វារព្រំដែនអន្តរជាតិដូងស្រុកកំរៀងស្ទើរទាំងស្រុងហើយ។ លោកបន្តថា ពេលនេះមានកងកម្លាំងប្រចាំការប្រមាណពី ៥ ទៅ ១០នាក់ប៉ុណ្ណោះ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងដែនចេញចូលកម្ពុជា-ថៃ។ ក្រៅពីនេះ លោកថា អាជ្ញាធរក៏មិនសូវត្រួតពិនិត្យពលរដ្ឋឆ្លងដែនតឹងតែងដូច កាលពីដើមខែវិច្ឆិកានោះដែរ៖ «នៅខាងច្រកទ្វារតែម្ដងមានកម្លាំងប្រហែល ៥នាក់នៅប្រចាំការមាត់ច្រក តែមិនមានក្រុមខ្លាហោះអីហ្នឹងដកទៅអស់ហើយ បើម្សិលមិញមាន។ គេត្រួតពិនិត្យឡានចេញចូលជាធម្មតា បើកាលពីថ្ងៃទី២៥ តុលាមក គេត្រួតពិនិត្យតឹងតែងខ្លាំង ដល់ពេលថ្ងៃនេះវារាងធូរ ហើយប៉ូលិសអី ក៏ជួយសម្រួលចរាចរជាធម្មតា » ។
រីឯនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យឯណោះវិញ ក៏អាជ្ញាធរបានកងកម្លាំងចេញពីតំបន់ព្រំដែនមួយចំនួនហើយដែរ។
ពលរដ្ឋនៅក្រុងប៉ោយប៉ែតថ្លែងមិនហ៊ានបញ្ចេញឈ្មោះនិងសំឡេងឱ្យដឹងថា អាជ្ញាធររក្សាទុកកម្លាំងប្រមាណពី ៦០ ទៅ ១០០នាក់នៃចំនួនកងកម្លាំងប្រមាណ ៦០០នាក់ ដែលប្រចាំការនៅតាមគោលដៅសំខាន់ៗ ក្នុងក្រុងនេះ និងបានបន្ធូរបន្ថយឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងដែនបានងាយស្រួលជាងកាលពីចុងសប្ដាហ៍កន្លងទៅ។
ចំណែក ពលរដ្ឋនៅព្រំដែនខេត្តឧត្ដរមានជ័យ ដែលសុំមិនឱ្យបញ្ចេញឈ្មោះដែរនោះ ថ្លែងថា នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ក្រុងសំរោងមកដល់ពេលនេះ ប្រជាពលរដ្ឋអាចឆ្លងដែនចេញចូលកម្ពុជាថៃបានជាធម្មតាវិញហើយ។ លោកបញ្ជាក់ថា នៅព្រំដែនច្រកអូរស្មាច់នេះមានទាហានប្រមាណ ៥០នាក់ប៉ុណ្ណោះដាក់ប្រចាំការ៖ «ខ្ញុំមិនយល់ដែរមិនថាអាជ្ញាធរដើម្បីអី គេធ្វើដើម្បីបន្លាចពលរដ្ឋក៏មិនដឹង ខ្ញុំអត់យល់ដូចកងទ័ពមិនគួរណាធ្វើបែបនេះទេ ព្រោះកងទ័ពការពារប្រទេសជាតិ ដើម្បីឱ្យមានស្ថិរភាពនៅក្នុងសង្គម ហើយយើងត្រូវអព្យាក្រឹត្យយើងមិនត្រូវទៅការពារបុគ្គលទេ។អីចឹងបានខ្ញុំឆ្ងល់វាខុសគេតែប្រទេសខ្មែរ » ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា មូលហេតុដែលស្ថានការណ៍បានធូរស្រាលនៅតំបន់ព្រំដែននេះ ដោយសារតែលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនបានទៅដល់កម្ពុជាដូចការគ្រោងទុក ហើយតុលាការរបបក្រុងភ្នំពេញបានបន្ធូរបន្ថយលក្ខខណ្ឌការត្រួតពិនិត្យមកលើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី១០ វិច្ឆិកាផង៖ «បទពិសោធន៍កន្លងមកនេះ វាជាការបង្ហាញលទ្ធផលមិនល្អទេសម្រាប់កម្ពុជា។ វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងចំណាយថវិកាច្រើន ហើយអាចធ្វើឱ្យសហគមន៍អន្តរជាតិមើលមកកម្ពុជានៅតែមានការរំលោភសិទ្ធិមនុស្ស មានន័យថា ប្រជាធិបតេយ្យដើរថយក្រោយ ដែលធ្វើឱ្យប៉ះពាល់ដល់ EBA និង GSP ។ អ៊ីចឹងខ្ញុំទទូចធ្វើយ៉ាងណាឱ្យអ្នកនយោបាយទាំងអស់គិតពីប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយដោះស្រាយស្ថានភាពនយោបាយដោយសន្តិវិធីហើយរួមគ្នាអភិវឌ្ឍន៍ប្រទេស » ។
អ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនអះអាងថា ទោះបីជាអាជ្ញាធរបានដកកងកម្លាំងចេញពីតំបន់ព្រំដែនយ៉ាងនេះក្ដី ក៏របបក្រុងភ្នំពេញនៅតែមិនអាចស្ដារមុខមាត់បានដែរ ពីព្រោះសកម្មភាពនេះជាល្បិចកលបោកប្រាស់របស់លោក ហ៊ុន សែន ដើម្បីបានបន្តអំណាចស្របច្បាប់ទៅមុខទៀត។ពួកគាត់នៅតែទទូចឱ្យលោក សម រង្ស៊ី វិលចូលស្រុកដដែល ដើម្បីឱ្យប្រទេសមានប្រជាធិបតេយ្យពេញលេញ និងមានការអភិវឌ្ឍន៍រីកចំរើនដូចប្រទេសជឿនលឿននៅលើពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។