សាលាដំបូងខេត្តបាត់ដំបងចេញដីកាកោះហៅសមាជិកក្រុមប្រឹក្សាខេត្តនៃគណបក្សសង្គ្រោះជាតិម្នាក់ទៅសាកសួរជាលើកទី២ ជុំវិញសំណុំរឿងជួបជុំទទួលទាននំបញ្ចុកនាពេលកន្លងទៅ។ ចំណែកសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានចេញដីកាកោះហៅប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅស្រុកមង្គលបូរីទៅសួរនាំដែរ។ មន្ត្រីបក្សប្រឆាំងដែលទទួលបានដីកាកោះហៅនេះអះអាងថា ករណីនេះ គឺជារឿងនយោបាយមិនមែនជារឿងអនុវត្តច្បាប់នោះទេ។
តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោក ហេង លុយ បានចេញដីកាកោះហៅសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងនៃគណបក្សសង្គ្រោះជាតិលោក ឌឹម សារឿន ទៅសាកសួរជាលើកទី២ នៅថ្ងៃទី២១ ខែមិថុនា។ ក្នុងដីកា បញ្ជាក់ថា លោក ឌឹម សារឿន អាយុ ៥៦ឆ្នាំ គឺជាជនសង្ស័យមិនគោរពសាលដីកាតុលាការកំពូល ដែលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អាស៊ីសេរីបានព្យាយាមទាក់ទងតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោក ហេង លុយជាច្រើនលើកដើម្បីសុំការបញ្ជាក់បន្ថែមអំពីការកោះហៅនេះប៉ុន្តែលោកមិនទទួលទូរស័ព្ទ។
សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងនៃគណបក្សសង្គ្រោះជាតិលោក ឌឹម សារឿន ប្រាប់អាស៊ីសេរីថាលោកទើបទទួលបានដីកាកោះនេះនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ហើយលោកនឹងចូលទៅបំភ្លឺជាលើកទី២ តាមដីកាកោះនោះព្រោះលោកមិនបានប្រព្រឹត្តកំហុសនោះទេ។ លោកយល់ថា ចំណាត់ការរបស់តុលាការនេះ គឺជារឿងនយោបាយសុទ្ធសាធ និងជាការគំរាមគំហែងដល់រូបលោក៖ «ខ្ញុំគឺជាប្រជាពលរដ្ឋសុទ្ធសាធក្រោយគេរំលាយគណបក្ស សង្គ្រោះជាតិ ហើយខ្ញុំគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំទៅហូបនំបញ្ចុកជាមួយគ្នាខ្ញុំ ឬជួបគ្នាចៃដន្យជាមួយគ្នាខ្ញុំខ្ញុំផឹកកូកាកូឡាជាមួយគ្នា ហើយនិយាយគ្នាលេង ហើយនឹករលឹកប្រធានស្ដីទី សម រង្ស៊ី និងលោកប្រធាន កឹម សុខា និងឱ្យរួបរួមគ្នាជាមនុស្សតែមួយអ៊ីចឹង ដូច្នេះខ្ញុំមានអីខុស។រឿងនេះគឺជារឿងនយោបាយសុទ្ធសាធដោយសារខ្ញុំជាអតីតក្រុមប្រឹក្សាខេត្តបាត់ដំបង»។
ចំណែកតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យលោកសុក កែវ បណ្ឌិតក៏បានចេញដីកាកោះហៅប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំស្រុកមង្គលបូរី លោក ទួត វាសនា ទៅសាកសួរដែរ គឺនៅថ្ងៃទី១០ ខែកក្កដាខាងមុខជុំវិញសំណុំរឿងសមត្ថកិច្ចប្ដឹងលោក ទួត វាសនា ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ និងធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំស្រុកមង្គលបូរីលោក ទួត វាសនា ដែលត្រូវបានកោះហៅប្រាប់អាស៊ីសេរីថា លោកមានការភ្ញាក់ផ្អើលនៅពេលឃើញប៉ូលិសនៅឃុំស្រះរាំងស្ថិតក្នុងស្រុកមង្គលបូរី បានយកដីកាកោះរបស់តុលាការជូនលោកនៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ។ ទោះយ៉ាងណាក្តីលោកនឹងទៅបំភ្លឺនៅចំពោះមុខតុលាការតាមដីកាកោះនោះ។ លោក ទួត វាសនា បញ្ជាក់ថា លោកមិនបានប្រព្រឹត្តអ្វីខុសច្បាប់នោះទេ។ ;លោកថាលោកមានការងឿងឆ្ងល់រឿងសមត្ថកិច្ចប្ដឹងពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ និងធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ៖ «ខ្ញុំមិនបានប្រឡូកសកម្មភាពអីទេគឺនៅតែផ្ទះជួយលក់ដូរប្រពន្ធតិចតួចដើម្បីចិញ្ចឹមជីវិត ប៉ុន្តែព្រឹកមិញនេះ ខ្ញុំស្រងាកចិត្តហើយខ្ញុំសួរប៉ូលិសថារឿងអី ព្រោះខ្ញុំមិនដែលទៅញុះញង់អ្នកអីប្រព្រឹត្តបទឧក្រិដ្ឋនោះទេ។ ចោទបទឧក្រិដ្ឋនេះធ្ងន់ណាស់ហើយគេធ្វើនេះ គឺសម្លាប់ខ្មែរគ្នាឯងតែម្ដង។ រឿងនេះខ្ញុំថាគ្មានរឿងអីទេ គឺរឿងនយោបាយ»។
លោកទួត វាសនា មិនបានដឹងថាសមត្ថកិច្ចដែលប្ដឹងលោកនោះ គឺជាអ្នកណាឡើយ ប៉ុន្តែលោកបញ្ជាក់ថា នាពេលកន្លងមកស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម ធ្លាប់បានហៅលោកទៅជួបម្ដងកាលពីថ្ងៃមុនថ្ងៃបោះឆ្នោតជាតិឆ្នាំ២០១៨។ បន្ទាប់មក នៅថ្ងៃទី៤ និងថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៩ អធិការនគរបាលស្រុកមង្គលបូរីលោក ស៊ិន ណារ៉ាក់ បានហៅលោកទៅជួប និងឱ្យធ្វើកិច្ចសន្យាឈប់គាំទ្រលោក សម រង្ស៊ី និងលោក កឹម សុខា និងឈប់ប្រមូលផ្តុំសកម្មជនតាមមូលដ្ឋានតទៅទៀត។ លោកអះអាងថា តាំងពីអាជ្ញាធរព្រមាន និងធ្វើការសន្យានោះមកលោកមិន បានធ្វើអ្វីខុសច្បាប់នោះទេ។
អាស៊ីសេរីមិនអាចសុំការពន្យល់ពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យលោក សុក កែវបណ្ឌិត បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
រីឯអធិការនគរបាលស្រុកមង្គលបូរីលោក ស៊ិន ណារ៉ាក់ ទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ទោះជាយ៉ាងណាមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបងលោក យិន ម៉េងលី យល់ថា សកម្មភាពមន្ត្រីគណបក្សសង្គ្រោះជាតិទាំងអស់នេះ គឺមិនមែនជាបទល្មើសនោះទេ។ ដូច្នេះចំណាត់ការរបស់តុលាការនេះ គឺធ្វើឡើងក្រោមហេតុផលនយោបាយ ព្រោះអាជ្ញាធរបារម្ភអំពីជំហរស្មោះត្រង់របស់ពួកគេជាមួយគណបក្សសង្គ្រោះជាតិដោយឥតងាករេ។ លោកបន្តថាម្យ៉ាងទៀត បើទោះបីជាមន្ត្រីគណបក្សសង្គ្រោះជាតិទាំងនោះបានជួបជុំគ្នា ហើយផ្ញើសារនយោបាយបង្ហោះជាវីដេអូក្ដី ក៏វាជាសិទ្ធិសេរីភាពរបស់ពួកក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការជួបជុំដែលធានាដោយច្បាប់៖ «ប្រសិនបើបញ្ហានេះនៅតែរុញទៅចៅក្រមស៊ើបសួរ ឬក៏បញ្ហានេះនៅតែធ្វើការចោទប្រកាន់ទៀត គឺវាបានបង្ហាញពីស្ថានភាពនៅក្នុងប្រទេសយើង ឬបញ្ហានយោបាយកាន់តែមានកើនឡើងកម្ដៅ ហើយដូច្នេះវាប៉ះពាល់ដល់ផ្នែក EBA ដែលសហគមន៍អន្តរជាតិកំពុងតែតាមដានទៅលើស្ថានភាពសិទ្ធិមនុស្ស និងស្ថានភាពប្រជាធិបតេយ្យ»។
ក្រោយពីមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ប្រកាសវាយកម្ទេចគណបក្សប្រឆាំងឱ្យខ្ទេចមក គឺមានមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ប្រមាណ ១៥០នាក់ហើយដែលត្រូវបានតុលាការ និងប៉ូលិសចាប់ខ្លួន និងកោះហៅទៅសាកសួរនៅតាមខេត្តជាច្រើន ដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និងត្បូងឃ្មុំជាដើម។ ការធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំងនេះ ក៏រងការរិះគន់ និងថ្កោលទោសពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្រសួងការបរទេសសហរដ្ឋអាម៉េរិកផង និងអង្គការសហប្រជាជាតិផងដែរថា ធ្វើឡើងដោយគ្មានមូលដ្ឋាន។
ចំណែកអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាចំនួន៧៣ កាលពីថ្ងៃទី១ ខែមិថុនា បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយទាមទារឱ្យរបបក្រុងភ្នំពេញបញ្ឈប់ការយកប្រព័ន្ធតុលាការមកធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះចាត់ទុកថា ការធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនបក្សប្រឆាំងបែបនេះ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលត្រូវតែបញ្ឈប់ជាបន្ទាន់។ អង្គការទាំងនេះ ក៏ស្នើឱ្យរបបលោក ហ៊ុន សែន ចាត់វិធានការជាក់ស្ដែងដើម្បីស្ដារប្រជាធិបតេយ្យស្ដារសេរីភាពពលរដ្ឋ និងធ្វើឱ្យជនគ្រប់រូបអាចអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនក្នុងការបញ្ចេញមតិ ជួបប្រជុំគ្នា និងចូលរួមក្នុងជីវភាពនយោបាយដោយសេរី និងគ្មានការរឹតត្បិត ឬគំរាមកំហែង។ សេចក្ដីថ្លែងការណ៍លើកឡើងដែរថា ដោយសារការរំលោភសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានរួមទាំងការបង្ក្រាបលើអង្គការសង្គមស៊ីវិល និងស្ថាប័នសារព័ត៌មានជាដើមផងនោះ បាននាំឱ្យសហភាពអឺរ៉ុបចាប់ផ្ដើមដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។