អាជ្ញាធរ​ដាក់​ពង្រាយ​កម្លាំង​​ជា​ច្រើន​នាក់​ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​​តុលាការ​ខេត្ត​បាត់ដំបង

0:00 / 0:00

សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់​ក្នុងចំណោម​២៦​នាក់ នៅ​ថ្ងៃ​ទី​៨ ឧសភា បាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកាកោះ​របស់​តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង។ ទន្ទឹមគ្នា​នេះ អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ជាច្រើន​នាក់ ការពារ​យ៉ាង​តឹងតែង ហើយ​បាន​បិទ​ផ្លូវ​មួយ​ចំនួន​ទប់ស្កាត់​មិន​ឱ្យ​អ្នកគាំទ្រ​ចូល​ទៅ​មុខ​តុលាការ​នោះ​ទេ។

ចៅសង្កាត់​វត្ត​គរ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក តន់ សាម៉ន ប្រាប់​អាស៊ីសេរី បន្ទាប់ពី​ទៅ​បំភ្លឺ​តុលាការ​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា ថា នៅ​ខាងក្នុង​តុលាការ​មិន​មានការ​សួរ​តឹងតែង​ទេ គឺ​មាន​មន្ត្រី​តុលាការ​ចំនួន ២​នាក់ បាន​សាកសួរ​រូបលោក​អំពី​រឿងរ៉ាវ​ដែល​លោក​បាន​ទៅ​ហូប​នំ​បញ្ចុក​ជាមួយ​សកម្មជន​គណបក្ស​ប្រឆាំង​នៅផ្ទះ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក​បន្តថា ជា​រឿង​ផ្ទាល់ខ្លួន​របស់​លោក​សោះ​មិន​គួរ​ណា​តុលាការ​តាម​ចាប់ទោស​កំហុស​បែបនេះ​ឡើយ ព្រោះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​រស់នៅ​របស់​ខ្លួន​ដោយ​គ្រាន់​តែ​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​គណបក្ស​កាន់អំណាច​នោះ។

លោក​ថា បន្ទាប់​ពី​ចូល​បំភ្លឺ​ប្រមាណ​កន្លះ​ម៉ោង​មន្ត្រី​តុលាការ​ក៏​អនុញ្ញាត​ឱ្យ​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​មាន​ការ​ហៅ​សាកសួរ​បន្ត​ទៀត​នោះ​ទេ៖ «ព្រឹក​មិញ​ខ្ញុំ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ដីកា​កោះហៅ​ខ្ញុំ​មក​សួរ​ថា​ប្រឆាំង​ថា​អី ខ្ញុំ​អត់​មាន​បារម្ភ ភ័យខ្លាច​ទេ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា គេ​រំលាយ​ខ្ញុំ​ចេញពី​គណបក្ស​អស់ហើយ ចេញពី​ការងារ​អស់ហើយ​រឿង​អី​មក​ហៅ​ខ្ញុំ​ទៀត ដល់​ហើយ​គេ​លើកឡើង​ថា មកពី​យើង​រួមគ្នា​ប្រមូល​គ្នា​ហូប​នំ​បញ្ចុក​ដោយមាន​គម្រោង​ធ្វើ​សកម្មភាព​អ្វីមួយ គេ​ថា​នេះ​ជា​ដែល​ប្រឆាំង​ពី​គោលការណ៍​របស់​គេ»។

លោក​បន្ត​ថា នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល​អាជ្ញាធរ​បានដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​មាន​ស្លៀកពាក់​​ឯកសណ្ឋាន​និង​ស៊ីវិល​ជាច្រើន​នាក់​ព័ទ្ធជុំវិញ​តុលាការ និង​បាន​ដាក់​របាំង​បិទ​ផ្លូវ​មួយ​ចំហៀង​នៅ​ប៉ែក​ខាងលិច​ជាប់​របង​តុលាការ​ខេត្ត​បាត់ដំបង ដោយ​បាន​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​ឃ្លាំមើល​នៅមុខ​សាលាដំបូង​នោះ​ឡើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង​លោក មៀន ឡាយ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​៨ ឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​អភិបាលក្រុង​បាត់ដំបង​លោក ផែង សិទ្ធី ប្រាប់​អាស៊ីសេរី​ថា ការ​ដាក់​កម្លាំង​សមត្ថកិច្ច​ការពារ​និង​មាន​របាំង​បិទ​ផ្លូវ​នោះ គឺជា​ការ​ជួសជុល​ផ្លូវ​នឹង​កាត់​មែក​ឈើ​នៅ​ជុំវិញ​សាលាដំបូង​ខេត្ត ដើម្បី​បោសសំអាត​បរិស្ថាន​ក្នុង​ក្រុង​បាត់ដំបង ដោយ​ពុំមែន​ជា​ការ​រារាំង​ប្រជាពលរដ្ឋ​នោះ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើកឡើង​ថា អាជ្ញាធរ​ដាក់​ពង្រាយ​ប៉ូលិស​ដ៏​ច្រើន​បិទ​ផ្លូវ​នេះ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា អាជ្ញាធរ​ហាក់​ភ័យខ្លាច​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​ច្រើន​នៅ​តុលាការ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ការ​ជួប​គ្នា​របស់​ពលរដ្ឋ៖ «នេះ​ជា​ការ​ខ្លាច​ជា​ការ​គិត​ការ​ព្រួយបារម្ភ​ហួសហេតុ​របស់​អាជ្ញាធរ យើង​យល់ថា​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សិទ្ធិ​សេរីភាព​ទាំងអស់​នេះ គប្បី​បើកចំហ។ ខ្ញុំ​យល់​ឃើញ​ថា​ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ពលរដ្ឋ​នេះ មិន​អាច​ក្លាយ​ទៅ​ចលនា​អ្វីមួយ​ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទេ»។

គិត​ត្រឹម​ថ្ងៃ​ទី​៨ ឧសភា តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង លោក គឺ ប៊ុណ្ណរ៉ា បាន​កោះហៅ​មេឃុំ​ចៅសង្កាត់ សមាជិក​ក្រុមប្រឹក្សា ឃុំ​សង្កាត់ ស្រុក ក្រុង និង​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២៦​នាក់​ហើយ ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ ដោយ​ចាប់ពី​ថ្ងៃ​ទី៨ ឧសភា​បន្តបន្ទាប់​ទៅ។ មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​ក៏​មាន​ចៅសង្កាត់​អូរ​ចារ​ជាប់ឆ្នោត គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និង​ប្រធាន​គណបក្សប្រឆាំង​ប្រចាំ​ខេត្ត​បាត់ដំបង គឺ លោក ជា ជីវ ម្នាក់​ដែរ ដោយ​ចោទ​ប្រកាន់​ថា ពួកគេ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី១៦ វិច្ឆិកា​ឆ្នាំ២០១៧។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ហៅ​ដីកាកោះ​នេះ​ថា ជា​អំពើ​គំរាមកំហែង​បំភិតបំភ័យ​ដល់​មន្ត្រី​បក្ស​ប្រឆាំង ដើម្បី​កុំ​ឱ្យ​ពួកគាត់​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​លោក សម រង្ស៊ី និង លោក កឹម សុខា បន្ត​ទៀត។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និង​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​៥​នាក់​ទៀត នឹង​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​ទី៩ ឧសភា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។