មន្ត្រីគណបក្សប្រឆាំងនៅខេត្តបាត់ដំបង អះអាងថា មួយរយៈចុងក្រោយនេះអាជ្ញាធរបានដាក់កម្លាំងសមត្ថកិច្ចជាច្រើននាក់តាមដានសកម្មជនរបស់គណបក្សខ្លួននៅតាមមូលដ្ឋានគ្រប់ស្រុកយ៉ាងតឹងរ៉ឹង ជាពិសេសនៅតាមព្រំដែន ហើយបានប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការដើរហើររបស់ពួកគាត់។
ប្រធានគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងលោក ជា ជីវ មានប្រសាសន៍ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៨ មីនាថា សមត្ថកិច្ចដែលតាមដានសកម្មជននៅតាមមូលដ្ឋានមានប៉ូលិស មន្ត្រីកងរាជអាវុធហត្ថ និងប្រជាការពារភូមិ បានដាក់ពង្រាយឃ្លាំមើលសកម្មជនដែលមានប្រជាប្រិយ។លោកអះអាងទៀតថា កន្លែងខ្លះមានប៉ូលិស ២ទៅ ៣នាក់ឆ្វែលផ្ទះមន្ត្រីគណបក្សលោកជាប្រចាំដែលធ្វើឲ្យពិបាកក្នុងការរស់នៅ ជាពិសេស ស្រុកនៅជាប់ព្រំដែនប្រទេសថៃ ដូចជាស្រុកសំឡូត សំពៅលូន និងស្រុកបវេលជាដើម។ លោកបន្តថា ចំពោះរូបលោកផ្ទាល់ដែលមានឈ្មោះក្នុងបញ្ជីខ្មៅក្នុងចំណោមជាង ១១០នាក់ដែលហាមឃាត់ធ្វើនយោបាយនោះ ក៏មានប៉ូលិសមានទាំងស្លៀកពាក់ស៊ីវិលនិងឯសណ្ឋានតាមដានលោកជារៀងរាល់ដែរ៖ «ហើយប្រៀបដូចជាគុកគ្មានជញ្ជាំង ដែលធ្វើឲ្យធុញទ្រាន់ ក្នុងនោះមានពេលខ្លះសមត្ថកិច្ចមកដល់ផ្ទះខ្ញុំបណ្ដោយ មកថាខ្ញុំនៅអត់ ហើយថ្ងៃមុនខ្ញុំទៅស្រុកសំឡូត នៅក្នុងហាងកាហ្វេមួយក្នុងសំឡូត ស្រាប់តែមានប្រជាការពារ មានអធិការរងស្រុកផង មានមន្ត្រីនគរបាលឃុំ និងមានប៉ូលិសពីរបីនាក់នៅទីនោះតែម្ដង » ។
ចំណែកអតីតសមាជិកក្រុមប្រឹក្សាឃុំខ្នាចរមាស ស្រុកបវេល លោក នឹម ឡុង អះអាងថា ប្រមាណ១សប្ដារហ៍នេះសមត្ថកិច្ចតាមឃ្លាំងមើលសកម្មភាពរបស់លោកយ៉ាងតឹងរ៉ឹង ដោយមិនដឹងមូលហេតុអ្វីបានជាសមត្ថកិច្ចតាមដានដូច្នេះឡើយ។លោកបន្តថា សិទ្ធិរស់នៅរបស់ពួកគាត់ជាសកម្មជនគណបក្សប្រឆាំងតាមមូលដ្ឋានកាន់តែរួញតូច ប្រៀបបានសម័យអាវខ្មៅ ៣ឆ្នាំ ៨ខែ និងសម័យកងទ័ពវៀតណាមឃ្លានទឹកដីកម្ពុជាកាលពីទសវត្សឆ្នាំ១៩៨០ ព្រោះក្នុងការធ្វើដំណើរទៅណាមកណា គឺអាជ្ញាធរតាមគ្រប់ជំហាន៖ «និយាយឲ្យចំទៅយើងចង់ជួបគ្នាកន្លែងផ្សេងក្រៅពីហាងកាហ្វេ និងហាងគុយទាវ គឺមានការលំបាកណាស់។ ពួកខ្ញុំចង់បានការរស់នៅការនិយាយស្ដីមានសេរីភាព ព្រោះបើយើងអត់មានសេរីភាពទោះខំទ្រាំទៀត ក៏កាន់តែលំបាកដែរ។ ដូច្នេះយើងត្រូវការផ្លាស់ប្ដូរដោយសន្តិវិធីមួយ ហើយបើសិនជាគេបាញ់ស្លាប់ ក៏មិនដឹងធ្វើយ៉ាងមិចដែរ ព្រោះយើងត្រូវតែផ្លាស់ប្ដូរ » ។
ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌលោក ជេត វណ្ណនី មិនមានប្រតិកម្មជុំវិញបញ្ហានេះនៅឡើយទេ ដោយឆ្លើយថាជាប់រវល់នៅភ្នំពេញ៖ «ខ្ញុំស្ដាប់អត់លឺសោះ ! សូមបងសួរទៅលោក មាន ឡាយ ទៅ ព្រោះខ្ញុំមកដល់ភ្នំពេញហើយ។ សូមសួរទៅគាត់ទៅ » ។
ចំណែកស្នងការរងនគរបាលខេត្តបាត់ដំបងទទួលបន្ទុកផ្នែកសន្តិសុខ លោក មាន ឡាយ ក៏មិនអាចសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៨មីនា ដោយទទួលទូរស័ព្ទហើយប្រាប់ថាស្ដាប់មិនលឺ ហើយក៏បិទទូរស័ព្ទទៅវិញ៖ «អាឡូ!បាទ ! បាទជម្រាបសួរ ! អាឡូ! អាឡូបាទ!» ។
ទោះជាយ៉ាងនេះក្ដីប្រធានគ្រប់គ្រងផ្នែកឃ្លាំមើលការសិទ្ធិមនុស្ស អង្គការ លីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា អាជ្ញាធរដាក់កម្លាំងតាមដានប្រជាពលរដ្ឋ គឺជាការរំលោភសិទ្ធិរស់នៅ និងសិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋដោយខុសច្បាប់ ព្រោះសិទ្ធិនេះមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ និងកត្តិកអន្តជាតិ។ ទោះជាយ៉ាងនេះណាក្ដី មន្ត្រីសង្គមស៊ីវិលរូបនេះ កត់សម្គាល់ថា បញ្ហានេះកើតឡើងដោយសារមួយរយៈចុងក្រោយនេះ មន្ត្រីគណបក្សប្រឆាំងនៅក្នុងស្រុកហាក់ផុលផុសក្នុងការរួមកម្លាំងពង្រឹងសាមគ្គីគណបក្ស ដោយការជួបជុំគ្នាសម្ដែងមតិគាំទ្រ និងរង់ចាំទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ៖ «អ្វីដូចការលើកនេះ វាធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ព្រោះធ្វើឲ្យពួកគាត់មានការភ័យខ្លាចមិនហ៊ានចេញទៅប្រកបមុខរបរផ្សេងៗ ហើយមិនហ៊ានចេញទៅក្រៅ ដើម្បីរករបរចិញ្ចឹមជីវិត ឬក៏ធ្វើការងារទ្រទ្រង់ជីវភាពគ្រួសារ គឺវាប៉ះពាល់ធ្ងន់ធ្ងរទៅដល់ជីវភាពរបស់ពួកគាត់ដោយសារការភ័យខ្លាច » ។
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងទាំង ២រូបនេះអះអាងថា បើទោះបីជាមានសមត្ថកិច្ចតាមដានពួកគាត់យ៉ាងនេះក្ដី ក៏សកម្មជននៅតាមមូលដ្ឋានក្នុងខេត្តនេះនៅតែប្រកាន់ជំហរគាំទ្រប្រធានស្ដីទីគណបក្សនេះវិលចូលស្រុក និងត្រៀមកម្លាំងរង់ចាំទទួលលោក សម រង្ស៊ី នៅគ្រប់ទីកន្លែង ដោយមិនខ្លាចស្លាប់ និងត្រូវអាជ្ញាធរចាប់ដាក់គុកនោះឡើយ ព្រោះពួកគាត់យល់ថា ស្ថានការណ៍នយោបាយនៅកម្ពុជាសព្វថ្ងៃកាន់តែដុនដាប ដូច្នេះមានតែលោក សម រង្ស៊ី និង លោក កឹម សុខា ទេ ដែលអាចស្ដារប្រជាធិបតេយ្យឲ្យរស់នៅឡើងវិញ និងជួយឲ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនបានឆាប់រហ័ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។