តុលាការខេត្តបាត់ដំបង នៅតែបន្តចោទប្រកាន់និងសាកសួរសកម្មជនបក្សភ្លើងទៀនម្នាក់ ពាក់ព័ន្ធនឹងករណីថតវីដេអូមន្ត្រីបក្សកាន់អំណាចដែលអង្គុយកត់ឈ្មោះពលរដ្ឋនៅក្នុងថ្ងៃបោះឆ្នោត ទោះបីដើមចោទ បានដកពាក្យបណ្ដឹងវិញក៏ដោយ។ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សភ្លើងទៀន ចាត់ទុកថានីតិវិធីរបស់តុលាការក្នុងករណីនេះពាក់ព័ន្ធនឹងរឿងនយោបាយជាជាងបណ្ដឹងឯកជន។
ប៉ូលិសខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមិថុនា បានបញ្ចូនសមាជិកក្រុមការងារគណបក្សភ្លើងទៀនខេត្តបាត់ដំបង លោក ឡី សុខុន ទៅសាកសួរនៅតុលាការខេត្តនេះ ហើយបន្ទាប់មក ព្រះរាជអាជ្ញារងអមសាដំបូងខេត្តបាត់ដំបងបានបញ្ជូនសកម្មជននយោបាយរូបនេះទៅឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តវិញ ដើម្បីរង់ចាំបន្តនីតិវិធីសាកសួរនៅថ្ងៃទី១០ ខែមិថុនា។ ទោះជាយ៉ាងណា មន្ត្រីបក្សភ្លើងទៀនដែលតាមឃ្លាំមើលករណីនេះ ឲ្យដឹងថា តុលាការបានចោទប្រកាន់លោក ឡី សុខុន រួចហើយ ចំនួនពីរបទចោទ គឺពីបទរំលោភលើសិទ្ធិលំនៅឋាន និងក្លែងព័ត៌មានមិនពិតនៅក្នុងថ្ងៃបោះឆ្នោត។
ប្រពន្ធរបស់លោក ឡី សុខុន គឺលោកស្រី លីន លីដា ប្រាប់វិទ្យុអាស៊ីសេរីថា ព្រះរាជអាជ្ញារងបានបន្តការសាកសួរប្ដីលោកស្រីនៅម៉ោង២រសៀលថ្ងៃទី ៩មិថុនា ប៉ុន្តែមិនទាន់មានការសម្រេចណាមួយនោះទេ។ អ្នកស្រីបន្តថា ករណីនេះមានការជាប់ពាក់ព័ន្ធជាមួយនឹងរឿងនយោបាយជាជាងបណ្ដឹងឯកជន ព្រោះដើមចោទបានដកពាក្យបណ្ដឹងតាំងពីល្ងាចថ្ងៃចាប់ខ្លួនប្ដីលោកស្រីមកម្ល៉េះ៖ « ខ្ញុំមានអារម្មណ៍ថាវាអយុត្តិធម៌មែនទែន។ តាមពិតសាច់រឿងអ្នកដែលជាដើមចោទហ្នឹងគឺគេបានដកពាក្យ ( បណ្ដឹង ) ហើយអស់ហើយ ប៉ុន្តែខាងរាជអាជ្ញាគេអត់ទាន់បញ្ចប់សាច់រឿង គេឲ្យនៅបន្តទៀត។ ខ្ញុំក៏មិនដឹងថាមានរឿងអីដែរ ប៉ុន្តែអាចសន្និដ្ឋានបានថាពាក់ព័ន្ធនឹងរឿងនយោបាយ»។
ទាក់ទិនករណីនេះ អនុប្រធានគណបក្សភ្លើងទៀនខេត្តបាត់ដំបង លោក ភូ សុវណ្ណថា ឲ្យដឹងថា ព្រះរាជអាជ្ញារងខេត្តបាត់ដំបង នៅបន្តការសាកសួរ និងឃុំខ្លួនលោក ឡី សុខុន នៅស្នងការដ្ឋាននគរបាលខេត្តដដែល ទោះបីដើមបណ្តឹងបានដកបណ្តឹងវិញ និងមានការសម្របសម្រួលគ្នាហើយក៏ដោយ។ លោកបន្ថែមថា តុលាការហាក់មានភាពលាក់លៀមចំពោះករណីនេះ ដោយលោកសង្ស័យថា វាជាករណីពាក់ព័ន្ធនឹងរឿងនយោបាយ៖ «យើងនិយាយជាមួយតុលាការដូចមានភាពលាក់លៀម ដូចចាំតែបញ្ជាថ្នាក់លើមកដើម្បីធ្វើការសម្រេចចិត្ត វាមិនមែនជាការសម្រេចចិត្តទៅតាមសំណុំរឿងដែលមានដើមបណ្ដឹងប្ដឹង។ រឿងបើមើលតាមដើមបណ្ដឹងប្ដឹងហើយនឹងការចោទហ្នឹងវាអត់ធ្ងន់ធ្ងរទេ តែមកដល់ដៃតុលការបង្កសំណុំរឿងហ្នឹងទៅជាសំណុំរឿងធំវិញ មិនដឹងថា គេទាក់ទងនឹងរឿងនយោបាយតែគេយកលេសរឿងឯកជន តែបើនីតិវិធីទាក់ទងនឹងបណ្ដឹងហ្នឹងវាអត់មានអីសាំញ៉ាំដល់ម្ល៉ឹងទេ»។
កាលពីព្រឹកថ្ងៃទី៩ មិថុនា ដើមបណ្ដឹងគឺលោក ឡាញ់ ជុន បានសរសេរលិខិតដកពាក្យបណ្ដឹងវិញ ដោយនៅក្នុងលិខិតនោះបញ្ជាក់ថា លោក ឡី សុខុន នឹងថតវីអូសុំទោសជាសាធារណៈ នៅពេលលោកបាននៅក្រៅឃុំ។ លោក ឡាញ់ ជុន បញ្ជាក់ថា មូលហេតុដែលលោកដកពាក្យបណ្តឹងវិញ ព្រោះលោកយល់ថា វាជាកំហុសតិចតួច និងមិនចង់ឲ្យមានរឿងវែងឆ្ងាយតទៅទៀត។ ប៉ុន្តែប៉ូលិសមិនព្រម ដោយអះអាងថា សំណុំរឿងបានបញ្ជូនដល់ដៃតុលាការ និងត្រូវដោះស្រាយនៅមុខតុលាការដោយខ្លួនឯង។
អាស៊ីសេរីមិនអាចទាក់ទងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងលោក កែវ សុជាតិ និងស្នងការខេត្តបាត់ដំបងលោក សាត គឹមសាន ដើម្បីសាកសួររឿងនេះបាននោះទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ជុំវិញករណីនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ករណីនេះគ្រាន់តែជាករណីវិវាទនៅក្នុងសហគមន៍តែប៉ុណ្ណោះ ហើយភាគីទាំងពីរក៏បានសម្របសម្រួលគ្នារួចហើយដែរ ដូចនេះតុលាការគួរតែបិទបញ្ចប់រឿងក្ដី ព្រោះបើផ្អែកតាមអង្គហេតុ ករណីនេះមិនមានអ្វីដែលគួរស្រាវជ្រាវឬសាកសួរបន្តនោះឡើយ។ លោកជំរុញឲ្យតុលាការដោះលែង លោកឡី សុខុន និងឲ្យស្ថាប័នមួយនេះគួរធ្វើតែកិច្ចការរបស់ខ្លួនទៅតាមអង្គហេតុដែលមាននៅក្នុងពាក្យបណ្ដឹង៖ «អំពើនេះវាមិនមែនបទល្មើសប្រឆាំងនឹងរដ្ឋទេ វាជាវិវាទរវាងគូភាគីនៅក្នុងសហគមន៍ ហើយបើគាត់បានផ្សះផ្សាគ្នាហើយ គួរតែលើកលែងឲ្យគាត់។ តុលាការគួរធ្វើអ្វីទៅតាមតែពាក្យបណ្ដឹងនិងកម្រិតតាមរបាយការណ៍ដែលមន្ត្រីយុត្តិធម៌បានបញ្ជូនទៅ មិនគួរពន្លាតសមត្ថកិច្ចស្រាវជ្រាវបទល្មើសអីទៀត ព្រោះអង្គហេតុវាមានតែប៉ុណ្ណឹង»។
លោក ឡី សុខុន ជាសមាជិកក្រុមការងារគណបក្សភ្លើងទៀនខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៨ មិថុនា នៅហាងកាហ្វេមួយកន្លែងក្នុងក្រុងបាត់ដំបង ដោយចោទពីបទរំលោភសិទ្ធិលំនៅឋាន បន្ទាប់ពីលោកថតវីដេអូក្រុមអាជ្ញាធរមូលដ្ឋានដូចជាមេភូមិជាដើម ដែលជាអ្នកគាំទ្របក្សកាន់អំណាច ដាក់តុអង្គុយកត់ឈ្មោះពលរដ្ឋ នៅក្បែរការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ស្ថិតនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
គណបក្សប្រឆាំង និងសង្គមស៊ីវិល យល់ថា នេះជារឿងមិនត្រឹមត្រូវនោះទេ ដែលអាជ្ញាធរ ចាប់ខ្លួនលោក ឡី សុខុន ដែលជាសាក្សី ឬជាអ្នកបង្ហាញនូវភស្តុតាងនៃភាពមិនប្រក្រតីនៅក្នុងដំណើរការបោះឆ្នោត។ ពួកគាត់យល់ថា អាជ្ញាធរ គួរតែដើរតួនាទីឯករាជ្យ ហើយស៊ើបអង្កេតនិងផ្តល់ដំណោះស្រាយចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោតនោះវិញ ទើបជារឿងត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។