តុលាការខេត្តបាត់ដំបងកាត់ទោសមន្ត្រីគណបក្ស ភ្លើងទៀន ឱ្យជាប់ពន្ធនាគារ ៦ខែ
2022.11.17

តុលាការខេត្តបាត់ដំបងប្រកាសសាលក្រមកាត់ទោសមន្ត្រីគណបក្សភ្លើងទៀន ឱ្យជាប់ពន្ធនាគារ ៦ខែ ពីបទរំលោភលើលំនៅឋាន។ មន្ត្រីអង្គការសង្គមស៊ីវិលនៅតែចាត់ទុកការសម្រេចរបស់តុលាការថា មិនស្របតាមនីតិវិធីផ្លូវច្បាប់ និងមានចេតនាសងសឹកនយោបាយជាជាងបណ្ដឹងបុគ្គល។
សាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៧ វិច្ឆិកា បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោក ឡី សុខុន សមាជិកក្រុមការងារគណបក្សភ្លើងទៀន ខេត្តបាត់ដំបង ឱ្យជាប់ពន្ធនាគារចំនួន ៦ខែ។
នៅក្នុងអង្គសវនាការចាប់ផ្ដើមនៅម៉ោង ៩ព្រឹក លោកស្រីចៅក្រមជំនុំជម្រះ ហៃ ណៃហេង និងព្រះរាជអាជ្ញារងលោក សេង ផានិត បានអានសាលក្រម ដោយសម្រេចផ្ដន្ទាទោសលោក ឡី សុខុន សមាជិកក្រុមការងារគណបក្សភ្លើងទៀន ខេត្តបាត់ដំបង ឱ្យជាប់ពន្ធនាគារចំនួន ៦ខែ តាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តនៅថ្ងៃទី៦ មិថុនា។ ប៉ុន្តែដោយសារលោក ឡី សុខុន អនុវត្តទោសបានជាង ៥ខែមកហើយ ដូច្នេះលោកត្រូវអនុវត្តទោសចំនួន ២សប្ដាហ៍ទៀត ទើបអាចចេញពីពន្ធនាគារបាន នៅថ្ងៃទី៩ ធ្នូខាងមុខនេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកស្រីចៅក្រមជំនុំជម្រះ ហៃ ណៃហេង និងអ្នកនាំពាក្យតុលាការខេត្តបាត់ដំបង អ្នកស្រី ជា ចន្ទរស្មី ដើម្បីសុំការអធិប្បាយបន្ថែមបានទេ នៅថ្ងៃទី១៧ វិច្ឆិកានេះ។
ជុំវិញរឿងនេះអ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា យោងទៅតាមអង្គហេតុ និងអង្គច្បាប់រឿងក្ដីសកម្មជនបក្សប្រឆាំងរូបនេះមិនគួរអូសបន្លាយពេលវេលាបែបនេះឡើយ។ លោកយល់ឃើញថា នីតិវិធីរបស់តុលាការលើលោក ឡី សុខុន នេះ មានចេតនាសងសឹកនយោបាយជាជាងបណ្ដឹងបុគ្គល៖
«ករណីផ្ដន្ទាទោសលោក ឡី សុខ នេះ ខ្ញុំនៅតែយល់ថា អយុត្តិធម៌សម្រាប់គាត់ណាស់ ព្រោះលោក ឡី សុខុន មិនបានប្រព្រឹត្តដូចការចោទប្រកាន់អំពីបទរំលោភលំនៅឋាន តាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌទេ គឺគាត់អត់បានចូលក្នុងលំនៅឋានទេ»។
ប្រពន្ធលោក ឡី សុខុន គឺលោកស្រី លីន លីដា ថា ក្នុងកំឡុងប្ដីរបស់លោកស្រីជាប់ពន្ធនាគារជាច្រើនខែមកនេះ បណ្ដាលឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ជាពិសេស សេដ្ឋកិច្ចគ្រួសារ ដោយសារគ្មានមេគ្រួសារជាគោលជំហរ។
«ពេលដែលគាត់ (លោក ឡី សុខុន) ជាប់ពន្ធនាគារហ្នឹង គឺពិបាកខ្លាំង ទាំងជីវភាពគ្រួសារ ទាំងសេដ្ឋកិច្ចផ្សេងៗ ទៀត ហើយម្ដាយគាត់ ក៏ធ្លាក់ខ្លួនឈឺដោយសារបារម្ភពីកូនគិតពីកូន»។
លោក ឡី សុខុន ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី៨ មិថុនា ក្រោមបទចោទបន្ទាប់ពីលោកថតវីដេអូក្រុមមន្ត្រីបក្សកាន់អំណាចអង្គុយកត់ឈ្មោះពលរដ្ឋនៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងភូមិកំពង់សំបួរ ស្រុកឯកភ្នំ។ តុលាការខេត្តបាត់ដំបងបានចោទលោកពីបទរំលោភលើលំនៅឋាន ប៉ុន្តែដើមបណ្ដឹងដែលប្ដឹងលោក ឡី សុខុន មិនមែនជាម្ចាស់ផ្ទះនោះឡើយ និងបានដកពាក្យបណ្ដឹងវិញកាលពីថ្ងៃទី៩ មិថុនា។
រឿងក្ដីក្ដាំរបស់សកម្មជនបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស ដែលបានទទួលរងបណ្ដឹង និងការចោទប្រកាន់នេះ ត្រូវបានប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joseph R. Biden) បានស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកឡើងវិញ នូវលំហសេរីភាពពលរដ្ឋ និងនយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្តែមកទល់ពេលនេះ កម្ពុជាមិនទាន់ឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីអាមេរិកនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។