គ្រាប់បែកកែច្នៃមួយគ្រាប់បានផ្ទុះនៅមុខទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ សីហា វេលាប្រមាណជាម៉ោង ១០យប់។
ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកគងពិសី លោក ម៉ែន នឿន មានប្រសាសន៍ថា ហេតុការណ៍ផ្ទុះនេះបានធ្វើឲ្យធ្លាយរបង និងប៉ះពាល់ផ្នែកមួយចំនួននៃទីស្នាក់ការគណបក្ស៖ «វាខូចរបង ធ្លាយរបង ប្រហោងប្រហែលប៉ុន ១តឹក។ វាបែករបងចូលមក ទៅត្រូវវ៉េរ៉ង់ដាស្នាក់ការហ្នឹង។ គ្រាន់តែវាអត់ត្រូវ វាប្រហោងៗ ដល់ហើយវាទៅត្រូវជញ្ជាំងស្នាក់ការទៀត»។
ទាក់ទងនឹងការបំផ្ទុះនេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក កែវ ពិសី ថ្លែងនៅថ្ងៃទី១៥ សីហា ថា ក្រុមការងាររបស់លោកកំពុងស៊ើបអង្កេតលើករណីនេះ ដោយលោកសុំមិនធ្វើអត្ថាធិប្បាយច្រើនទេអំពីរឿងនេះ។
លោកបណ្ឌិត សុខ ទូច សាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា នេះបង្ហាញពីភាពអសន្តិសុខនៅក្នុងប្រទេសកម្ពុជា និងអាចជាករណីនយោបាយដែលកាន់តែធ្វើឲ្យតានតឹងថែមទៀត៖ «ទីមួយគឺបង្ហាញអំពីភាពអសន្តិសុខរបស់ប្រទេសកម្ពុជា ដែលអាជ្ញាធរមិនមានលទ្ធភាពគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបានម៉ត់ចត់នៅក្នុងពេលហៅថា បញ្ហានយោបាយជាប់គាំងទីមួយ។ ទីពីរ យើងលំបាកនឹងថា អាវុធជាតិផ្ទុះបែបនេះបង្កើតឲ្យមានបញ្ហា ឬមួយក៏វាជាបង្កើតឲ្យមានរលកនយោបាយកាន់តែខ្លាំង ដើម្បីសង្កត់ទៅលើភាគីម្ខាងៗដែលធ្វើឲ្យភាពតានតឹងនយោបាយកាន់តែឡើងកម្ដៅថែមទៀត»។
ករណីផ្ទុះគ្រាប់បែកច្នៃដូចគ្នានេះ បានកើតឡើងម្ដងរួចមកហើយកាលពីសប្ដាហ៍មុន ដោយជនមិនស្គាល់មុខបានដាក់បង្កៃក្នុងធុងសំរាម ហើយចុចឲ្យផ្ទុះកាលពីវេលាម៉ោង ១រំលងអធ្រាត្រថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែសីហា នៅក្រៅរបង សាលាដំបូងរាជធានីភ្នំពេញ ហើយករណីនេះ សមត្ថកិច្ចរកឃើញថា ករណីនេះមានបំណងបង្កអសន្តិសុខសង្គម និងមិនទាន់បានរកឃើញជនល្មើសនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។