ពលរដ្ឋសង្គមស៊ីវិលនិងបក្សប្រឆាំងបារម្ភបាត់ដីនៅខេត្តមណ្ឌលគិរី៥០គីឡូម៉ែត្រក្រឡាទៅវៀតណាម
2018.12.01

ជនជាតិដើមភាគតិច មន្ត្រីបក្សប្រឆាំង និងអាជ្ញាធរមូលដ្ឋាន ខេត្តមណ្ឌលគិរី ព្រួយបារម្ភពីការបាត់ដីខ្មែរចំនួន ៥០គីឡូម៉ែត្រការ៉េ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី របូតទៅប្រទេសវៀតណាម។ ការលើកឡើងនេះ បន្ទាប់ពីពួកគាត់រកឃើញថា ភាគីវៀតណាម បានគ្រប់គ្រងទីតាំងមានជម្លោះ នៅតំបន់ដាក់ហ៊ូដ ឬខ្មែរហៅថា អូរហ៊ុចទាំងស្រុង និងមានផ្នែកខ្លះវៀតណាម បានសង់សំណង់ជាអាគារ ធ្វើកសិកម្ម និងបានបញ្ជូនតម្រួតព្រំដែន យាមល្បាតយ៉ាងតឹងតែង នៅតំបន់ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែន នៅឡើយនោះ។ ជុំវិញភាពចម្រូងចម្រាសនេះ ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង វិញ អះអាងថា កម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នា ស្នើបារាំង ផ្ដល់អ្នកបច្ចេកទេសកំណត់ផែនទី នៅតំបន់មានជម្លោះនោះ។
អ្នកភូមិរស់នៅជិតតំបន់ដាក់ហ៊ូដ ឬ អូរហ៊ុចនេះ អះអាងនៅថ្ងៃសៅរ៍ទី១ ខែធ្នូ ថា វៀតណាម នៅតែមានមហិច្ឆតា ឈ្លានពានទឹកដីកម្ពុជា គ្រប់រូបភាព និងបំពាន បូរណភាពទឹកដីរបស់កម្ពុជា ជាច្រើនឆ្នាំមកហើយ ដោយបានធ្វើប៉ុស្តិ៍ចូលដីខ្មែរ ជាច្រើនគីឡូម៉ែត្រកន្លងមក និងធ្វើកសិកម្មនៅតំបន់ ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែននោះ។
ជនជាតិដើមភាគតិចព្នង រស់នៅឃុំដាក់ដាំ ស្រុកអូររាំង ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឲ្យដឹងថា តំបន់មានជម្លោះឋិតនៅអូរហ៊ុច ឬដាក់ហ៊ូដ ត្រូវវៀតណាមគ្រប់គ្រងទាំងស្រុង និងបានបញ្ជូនប្រជាជនរបស់គេ ដាំដំណាំកាហ្វេ និងម្រេចជាដើម។ រីឯពលរដ្ឋខ្មែរ មិនអាចចេញចូលតំបន់នោះ បាននោះទេ សូម្បីតែសមត្ថកិច្ចខ្មែរខ្លះ ក៏ត្រូវតម្រួតវៀតណាមហាមឃាត់ដែរ៖ «ម៉ឹងមាត់តែម្ដង សូម្បីតែប៉ូលិសខ្មែរចូលទៅតំបន់នោះមិនបានផង មានអ្នកតាមពីក្រោយ កុំថា តែពលរដ្ឋធម្មតា។ នៅខាងទួលស្វាយ គេដាំដំណាំកសិកម្ម ដូចជាកាហ្វេធម្មតា ដូចជាបង្គោលមួយ គេដាំចុះប៉ុស្តិ៍ព្រំដែនខ្មែរ ខ្ញុំឆ្ងល់ដែរ»។
សេចក្តីរាយការណ៍ពី សហគមន៍ជនជាតិដើមភាគតិច នៅតំបន់នោះ ឲ្យដឹងថា វៀតណាមបានសង់ប៉ុស្តិ៍ប៊ួប្រាង ប្រចាំច្រកព្រំដែនចូលដីខ្មែរច្រើនគីឡូម៉ែត្រ និងបានសាងសង់អាគារធំៗ ធ្វើកសិកម្មនៅតំបន់មានជម្លោះនោះ។ លើសពីនេះ អ្នកនៅក្បែរនោះបារម្ភថា ការបណ្ដែតបណ្ដោយអោយវៀតណាមសង់អាគារ និងធ្វើកសិកម្មនៅតំបន់ប្រទាញប្រទង់គ្នា នឹងធ្វើឲ្យកម្ពុជាចាញ់ប្រៀបជាងវៀតណាមក្នុងការ កំណត់បង្គោលព្រំដែនផ្លូវនៅថ្ងៃខាងមុខ។
ជំទប់ទី២ ឃុំដាក់ដាំ លោក តាក់ លីម ក៏បារម្ភខ្លាំងដែរ ពីហានិភ័យអធិបតេយ្យកម្ពុជា នៅគ្រាដែលអាជ្ញាធរវៀតណាម បានបញ្ជូនតម្រួតយាមល្បាត យ៉ាងតឹងរ៉ឹងមិនឲ្យពលរដ្ឋខ្មែរចេញចូលតំបន់នោះ។ លោកថា ថ្មីៗនេះ ផ្នែកខ្លះនៅតំបន់ដាក់ដាំ ក្នុងទឹកដីកម្ពុជា ក៏តម្រួតវៀតណាម រារាំងមិនឲ្យប្រជាជនខ្មែរ ចេញចូលប្រមូលអនុផលព្រៃឈើដែរ៖ «រឿងព្រួយបារម្ភចេះតែបារម្ភហើយ លោកគ្រូ។ នៅខាងទល់អូរហ្នឹង ពីមុនដីទំនេរ ឥឡូវវៀតណាមចូលមកដាំដំណាំ។ តែឥឡូវគេមិនអោយចូលទេ ពីមុនគេអោយចូលតំបន់នោះ»។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ប្រាប់អាស៊ីសេរីថា ភាគីប្រទេសទាំងពីរបានបោះបង្គោលព្រំដែន នៅតំបន់ដែលឯកភាពគ្នា បញ្ចប់ទាំងស្រុង នៅខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី។ ចំណែកតំបន់ដាក់ដាំ និងដាក់ហ៊ូដ ភាគីប្រទេសទាំងពីរ នៅតែរក្សាជំហរដដែល និងបានឯកភាពគ្នា ធ្វើលិខិតចុះហត្ថលេខារួមមួយ ស្នើសុំបារាំង ផ្ដល់អ្នកបច្ចេកទេសកំណត់ផែនទី និងវាស់វែងតំបន់ព្រំដែន នៅតំបន់ប្រទាញប្រទង់គ្នា ជាពិសេសតំបន់ដាក់ដាំ និងអូរហ៊ុចនេះ។ លោកបញ្ជាក់ថា បច្ចុប្បន្នប្រទេសទាំងពីរ បានបោះបង្គោលរួចរាល់ ៨៤ ភាគរយ នៅសល់ ១៦ ភាគរយ បានស្នើសុំអោយបារាំង ប្ដូរផែនទីខ្នាត ១ លើ ១០០ ពាន់ ឲ្យមក ១ លើ ៥០ ពាន់វិញ៖ «យើងបោះបាន ៨៤ភាគរយហើយ នៅសល់ ១៦ភាគរយទៀត យើងបានស្នើទៅប្រធានាធិបតីបារាំងអោយជួយ ផែនទី ពីរ១/១០០ពាន់ ទៅ ១/ ៥០ពាន់។ វៀតណាមគេប្រកាន់ ខ្សែព្រំដែនដើរតាមផែនទី តំបន់ភូមិសាស្ត្រឥណ្ឌូចិន ដែលបារាំងគូសនៅតំបន់ប៊ួប្រាងហ្នឹង ដើរតាមព្រែកដាក់ដាំ»។
លោក វ៉ា គឹមហុង បានបដិសេធចំពោះការលើកឡើងរបស់ពលរដ្ឋ ដោយអះអាងថា អ្នកភូមិគ្មានឯកសារបញ្ជាក់ត្រឹមត្រូវនោះទេ និងមិនអាចយកជាផ្លូវការបាន។ លោកថា វៀតណាមបានជ្រើសយកផែនទីផ្អែកតាមក្រុមភូមិសាស្ត្រឥណ្ឌូចិន របស់បារាំង ដែលបង្ហាញថា ខ្សែបន្ទាត់ព្រំដែន ដើរតាមព្រែកដាក់ដាំ ពុំមែនដើរតាមព្រែកដាក់ហ៊ូដនោះទេ។ រីឯការទាមទាររបស់កម្ពុជា គឺផ្អែកតាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង ចុះកាលពីកក្កដា ១៩១៤ កំណត់ថា ខ្សែបន្ទាត់ព្រំដែនដើរតាមព្រែកដាក់ដាំ។
អាស៊ីសេរីបានព្យាយាមទាក់ទង ប្រធានក្រុមស្រាវជ្រាវផែនទីកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច តែទូរស័ព្ទមិនអាចទាក់ទងបាននៅថ្ងៃទី១ ធ្នូ។ តែលោកធ្លាប់ប្រាប់អាស៊ីសេរីថា លោកបានចុះស្រាវជ្រាវដល់តំបន់នោះ និងកំណត់ថា ខ្សែបន្ទាត់ខណ្ឌដែនសីមា ឋិតនៅចំណុចអូរហ៊ុច ឬដាក់ហ៊ូដ ពុំមែនឋិតនៅតំបន់ដាក់ដាំនោះទេ។
តំបន់ដាក់ដាំ អូរហ៊ុច ឋិតនៅចន្លោះអូរដាក់ដាំ និងអូរហ៊ុច ដែលភាគីវៀតណាម ហៅថា តំបន់ដាក់ដាំ ដាក់ហ៊ូត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា តំបន់ជម្លោះនោះមានទំហំជាង ៥០ គីឡូម៉ែត្រក្រឡា ហើយទាមទារខ្សែបន្ទាត់ខណ្ឌដែនសីមានៅចំណុចអូរហ៊ុច បច្ចុប្បន្នភាគីវៀតណាម សាងសង់ច្រក ទ្វារព្រំដែនចូលជ្រៅពីអូរហ៊ុច ប្រមាណ ១០គីឡូម៉ែត្រ ចំណែកភាគីវៀតណាម ទាមទារយកអូរដាក់ដាំ ជាខ្សែបន្ទាត់ខណ្ឌដែនសីមា ខណៈភាគីកម្ពុជា សាងសង់ច្រកទ្វារព្រំដែនអន្តរជាតិដាក់ដាំ នៅក្រៅតំបន់អូរដាក់ដាំ ប្រមាណ ១ គីឡូម៉ែត្រ ហើយនៅចន្លោះប៉ុស្តិ៍ព្រំដែនទាំងពីរក្លាយទៅជាតំបន់ស ដែលភាគីទាំងពីរហាមធ្វើអ្វីថ្មីបន្ថែមទៀត។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដែលចុះទៅតំបន់នោះធ្លាប់លើកឡើងតាមបណ្ដាញសង្គមថា តម្រុយបង្គោលព្រំដែនលេខ ៣០ ថ្មី ដែលវៀតណាមបានបោះនៅស្រុកអូររាំង នៅខេត្តមណ្ឌលគិរីអាច ធ្វើឲ្យដីខ្មែរ បាត់បង់យ៉ាងហោចណាស់ ៥០ គីឡូម៉ែត្រការ៉េ៖ «នេះជាបង្គោលលេខ ៣០ គេដាក់នៅឆ្នាំ២០១១។ បើតាមការសិក្សា ចាប់ពីខាងមណ្ឌលគិរីមក គេហៅថា តំបន់ដាក់ដាំ កម្ពុជាបាត់ដីរាប់សិបម៉ឺនគីឡូម៉ែត្រការ៉េ»។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន យល់ថា បង្គោលនៅសេសសល់ ១៦ភាគរយ របបក្រុងភ្នំពេញ ត្រូវព្យួរទុកសិន ដោយត្រូវរង់ចាំប្រទេសជាតិមានស្ថិរភាពនយោបាយជាមុនសិន។ ។ លោកសង្កេតឃើញថា បង្គោលព្រំដែនដែលបានបោះរួច មានភាពមិនប្រក្រតីច្រើនមានកន្លែងខ្លះចូលដីស្រែចម្ការពលរដ្ឋខ្មែរ។ លោកថា របបក្រុងភ្នំពេញបានបោះបង្គោលព្រំដែនមួយចំនួន ផ្អែកតាមសន្ធិសញ្ញាបំពេញបន្ថែម ដោយយកផែនទីខ្នាត ១ លើ ៥០ ពាន់មកអនុវត្ត ផ្ទុយរដ្ឋធម្មនុញ្ញ។ លោកគាំទ្រជំហររបស់កម្ពុជា ដែលយកបារាំងជាអាជ្ញាកណ្ដាលក្នុងការបោះបង្គោលព្រំដែននៅតំបន់ដាក់ហ៊ូដ ឬអូរហ៊ុច ក៏ប៉ុន្តែ កម្ពុជាត្រូវសើរើបង្គោលព្រំដែនដែលបោះរួចទាំងអស់ឡើងវិញដោយត្រូវមានភាគីបារាំងជាអាជ្ញាធរកណ្ដាល ៖ «នៅពេលដែលយើងមានវិបត្តិនយោបាយ ដែលអន្តរជាតិគេថា រដ្ឋាភិបាលមិនស្របច្បាប់ បោះឆ្នោតមិនគោរពឆន្ទៈរាស្ត្រ ហើយការបោះបង្គោលហ្នឹងមិនល្អប្រសើរទេ មិនមានសន្តិភាពព្រំដែនទេ។ សូម្បីតែមានបក្សប្រឆាំងនៅរដ្ឋសភា ហើយនៅមានបញ្ហាចម្រូងចម្រាស។ ដូច្នេះហើយ នៅសល់ ១៦ភាគរយត្រូវព្យួរទុក ដោយត្រូវរង់ចាំកម្ពុជាមានស្ថិរភាពនយោបាយសិន»។
ខេត្តមណ្ឌលគិរី មានព្រំដែនជាប់នឹងខេត្តដាក់ណុង ប្រទេសវៀតណាម ចាប់ពីបង្គោលព្រំដែនលេខ ៤០ ពីព្រំប្រទល់ខេត្តរតនគិរី រហូតដល់បង្គោលព្រំដែនលេខ ៦៥ ស្រុកស្នួល ខេត្តក្រចេះ។ កម្ពុជា និងវៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១.២៧០ គីឡូម៉ែត្រ។ ភាគីទាំងពីរបានព្រមព្រៀងគ្នា បោះបង្គោលសរុបចំនួន ៣១៤បង្គោល ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងគ្នានិងគ្នា។
ទោះបីជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋជនជាតិដើមភាគតិច រស់នៅឃុំដាក់ដាំ រស់នៅជិតតំបន់ព្រំដែន អះអាងថា វៀតណាមបានសាងសង់ប៉ុស្តិ៍ និងធ្វើផ្លូវចូលជ្រៅមកទល់នឹងអូរដាក់ដាំ ក្នុងដីខ្មែរ ដែលពីមុនព្រំដែនឋិតនៅចំណុចអូរហ៊ូច មានចម្ងាយជាង ១៥ ទៅ ២០ គីឡូម៉ែត្រពីតំបន់អូរដាក់ដាំ។ ពួកគេរកឃើញថា មានបង្គោល បារាំង ៦ បង្គោល ឋិតនៅឆ្ងាយពីតំបន់ដាក់ហ៊ូដ ឬអូរហ៊ុចជិត ២០ គីឡូម៉ែត្រ ពីប៉ុស្តិ៍ព្រំដែនប៊ួប្រាំងដែលវៀតណាមបានលួចសាងសង់អាគារធំៗ បំពានចូលតំបន់ប្រទាញប្រទង់គ្នា៕