សកម្មជនដីធ្លីតំបន់បុរីកីឡា លោកស្រី ស ស៊ន ថា តុលាការក្រុងភ្នំពេញព្យាយាមភ្ជាប់ទំនាក់ទំនងរវាងលោកស្រីជាមួយគណបក្ស សង្រ្គោះជាតិ ដោយលើកឡើងថា ការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅតាមការបង្គាប់បញ្ជារបស់គណបក្ស សង្រ្គោះជាតិ។ ការលើកឡើងបែបនេះ ខណៈលោកស្រីបានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងក្រុងភ្នំពេញថ្ងៃទី១១ ខែកញ្ញា តាមការកោះហៅរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី ទាក់ទងសំណុំរឿងលោក កឹម សុខា។
សកម្មជនដីធ្លីតំបន់បុរីកីឡា លោកស្រី ស ស៊ន ឲ្យអាស៊ីសេរីដឹងថា ចៅក្រមបានសាកសួរ លោកស្រីពីការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅកន្លងទៅ ដោយសារងឿងឆ្ងល់ថា ហេតុអ្វីបានជាលោកស្រីធ្វើយុទ្ធនាការនេះ? តើយុទ្ធនាការនេះធ្វើតាមការបញ្ជារបស់គណបក្ស សង្គ្រោះជាតិ មែនទេ?។ លោកស្រី ស ស៊ន ឲ្យដឹងទៀតថា ទោះលោកស្រីប្រាប់ថា ការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះជាការរៀបចំរបស់សហគមន៍លោកស្រី តុលាការនៅតែដេញដោលហាក់បីដូចជាមិនជឿចម្លើយរបស់លោកស្រីឡើយ៖ «គេថា ថ្ងៃចន្ទពណ៌ខ្មៅហ្នឹងមីងធ្វើតាមគណបក្ស សង្រ្គោះជាតិ បំផុសឲ្យធ្វើ។ មីងថា អត់ដឹងទេ។ គេថា គេអត់អាចទទួលយកបានទេ មីងនិយាយពង្វាងអ៊ីចឹង គឺច្បាស់ណាស់ គឺគណបក្ស សង្រ្គោះជាតិ គេបំផុសហើយ មីងចាប់ផ្តើមពាក់អាវខ្មៅហ្នឹងម៉ងធ្វើយុទ្ធនាការរៀងរាល់ថ្ងៃ»។
សកម្មជនដីធ្លីតំបន់បុរីកីឡា លោកស្រី ស ស៊ន ឲ្យដឹងទៀតថា បើទោះជាលោកស្រីបានបញ្ជាក់ថា លោកស្រីគ្មានទំនាក់ទំនងជាមួយលោក កឹម សុខា ឬគណបក្ស សង្រ្គោះជាតិ ក្តី ក៏ក្រោយបញ្ចប់ការសាកសួរ អ្នកកត់ត្រារបស់តុលាការនៅតែសរសេរថា លោកស្រីធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ព្រោះមានទំនាក់ទំនងជាមួយគណបក្ស សង្រ្គោះជាតិ ដដែល ហើយពេលឃើញដូច្នេះលោកស្រីទាមទារឲ្យកែចំណុចនេះឡើងវិញ៖ «លិខិតចុងក្រោយដែលគេឲ្យមីងផ្តិតមេដៃ គេ ( តុលាការ ) នៅតែដាក់ក្នុងហ្នឹងថា មីងធ្វើតាមគណបក្ស សង្គ្រោះជាតិ បំផុសឲ្យធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ហើយគេឲ្យមើលទៅគេថា មីងមិនសុខចិត្ត គេឲ្យមីងលុបចោល។ អ៊ីចឹងចំណុចគេដាក់ថា មីងដឹង មីងលុបចោលថាមីងមិនដឹង មិនដឹងថា គណបក្សបំផុសឲ្យធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ថ្ងៃណា? ខែណា? ឆ្នាំណា?»។
ការសាកសួរលោកស្រី ស ស៊ន ពីសំណាក់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បែបនេះ ក្រោយមួយថ្ងៃដែលចៅក្រមរូបនេះបានសាកសួរលោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យទៅបំភ្លឺក្នុងនាមជាសាក្សីពាក់ព័ន្ធករណីរបស់លោក កឹម សុខា ដូចគ្នា។ ក្រៅពីសាក្សីទាំងពីររូបនេះតុលាការក៏បានសាកសួរសាក្សីមួយចំនួនរួចមកហើយដែរ រួមមានអ្នកនយោបាយ មន្រ្តីសង្គមស៊ីវិល សកម្មជនគណបក្ស សង្គ្រោះជាតិ និងអ្នកដែលធ្លាប់ធ្វើការជាមួយលោក កឹម សុខា កាលពីលោកធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោកមេធាវី ផាន់ ច័ន្ទស័ក្កិ ជាមេធាវីម្នាក់ក្នុងចំណោមមេធាវីបីនាក់ដែលការពារក្តីឲ្យលោក កឹម សុខា ថា លោកមិនធ្វើអត្ថាធិប្បាយលើការកោះហៅនេះទេព្រោះជានីតិវិធីរបស់ចៅក្រមស៊ើបសូរ។
អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា ថា តុលាការព្យាយាម អូសបន្លាយ សំណុំរឿងលោក កឹម សុខា តាមរយៈការកោះហៅសង្គមស៊ីវិល ឬពលរដ្ឋមានបញ្ហាដីធ្លីមកសាកសួរជាបន្តបន្ទាប់។ សង្គមស៊ីវិលរូបនេះយល់ថា សំណុំរឿងលោក កឹម សុខា ដែលអូសបន្លាយជាងមួយឆ្នាំមកនេះ តុលាការគួរបិទបញ្ចប់ការសាកសួរ ដើម្បីឈានដល់ការជំនុំជម្រះក្តី៖ «ការទាមទារតវ៉ាណាមួយទាំងឡាយទាំងពួងកន្លងមកចេះតែជាប់ទាក់ទងករណីនយោបាយទៅវិញ ដូច្នេះឃើញហៅអ្នកពាក់ព័ន្ធទៅឆ្លើយបំភ្លឺ ដែលហាក់ដូចជាមិនជាប់ពាក់ព័ន្ធរឿងហ្នឹងទេ»។
បើទោះបីចៅក្រមស៊ើបសួរបន្តកោះហៅសាក្សីមកឆ្លើយបំភ្លឺករណីចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ដែលរបបក្រុងភ្នំពេញចោទប្រកាន់ថា មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលមានអង្គការចាត់តាំងនៅពីក្រោយខ្នង គឺសហរដ្ឋអាមេរិកក្តី តុលាការក្រុងភ្នំពេញនៅកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា បានសម្រេចឲ្យលោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្ន ដោយស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីសមត្ថកិច្ច និងតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។