អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តបញ្ជូនមនុស្សតាមឃ្លាំមើលសកម្មជនគណបក្សប្រឆាំងជាពិសេសអ្នករស់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ជាការរឹតត្បិតសិទ្ធសេរីរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅក្រុងប៉ោយប៉ែត ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ឆាំ សុភាន់ ឱ្យដឹងនៅថ្ងៃទី២៧ វិច្ឆិកា ថា អាជ្ញាធរក្រុងប៉ោយប៉ែតបន្តពង្រាយមនុស្សជាច្រើននាក់តាមឃ្លាំមើលសកម្មជនគណបក្សប្រឆាំងដល់ផ្ទះជារៀងរាល់ថ្ងៃ ធ្វើឱ្យពួកគាត់មិនហ៊ានចូលផ្ទះ ព្រោះខ្លាចអាជ្ញាធរចាប់ដាក់គុកដូចពេលមុនៗទៀត។ លោកបន្តថា ប្រពន្ធរបស់លោក និងសកម្មជនមួយចំនួនទៀត បានទៅដល់ផ្ទះនៅស្រុកខ្មែរហើយ ប៉ុន្តែមិនហ៊ានចេញដើរនៅទីសាធារណៈដូចគេឯងឡើយ ដោយសារមានមនុស្សប្លែកមុខតាមដានពួកគាត់គ្រប់ពេល។
លោកបន្ថែមថា សកម្មជនគណបក្សប្រឆាំងប្រមាណ ១០នាក់ កំពុងភៀសខ្លួននៅប្រទេសថៃមិនហ៊ានវិលចូលស្រុកវិញទេ ព្រោះនៅតំបន់ព្រំដែន អាជ្ញាធរបន្តតាមចាប់ខ្លួនពួកគេមិនឈប់ឡើយ។
អាស៊ីសេរីមិនទាន់អាចសុំអត្ថាធិប្បាយពីរឿងធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងនេះពីអភិបាលក្រុងប៉ោយប៉ែត លោក គាត ហុល បានទេនៅថ្ងៃទី២៧ វិច្ឆិកា ដោយលោកប្រាប់ថាជាប់រវល់ប្រជុំ។ «»
កាលពីពេលថ្មីៗនេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានបញ្ជាឱ្យតុលាការ និងក្រសួងយុត្តិធម៌ដោះលែងអ្នកទោសនយោបាយទាំងឡាយ ដែលពាក់ព័ន្ធនឹងគម្រោងធ្វើមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកាកន្លងទៅ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក លោកបានព្រមានចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងជាច្រើននាក់ដាក់គុកវិញ ប្រសិនបើពួកគេហ៊ាននិយាយថា ការដោះលែងនេះដោយសារសម្ពាធពីអន្តរជាតិ ឬប្រសិនបើពួកគេនៅតែបន្តសកម្មភាពគាំទ្របក្សប្រឆាំង។
ផ្ទុយពីការលើកឡើងរបស់លោកហ៊ុន សែន នេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែន ករុណា មានប្រសាសន៍ថា ថ្វីត្បិតតែថ្មីៗនេះ តុលាការបានដោះលែង និងបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យដល់មន្ត្រីគណបក្សប្រឆាំងក៏ដោយ ក៏ស្ថានការណ៍នយោបាយនៅកម្ពុជាមិនទាន់បានធូរស្រាលនៅឡើយទេ ពីព្រោះពួកគេមិនទាន់មានសិទ្ធិពេញលេញ ក្នុងការដើរហើរនិង សិទ្ធិធ្វើនយោបាយដូចប្រជាពលរដ្ឋដទៃនៅឡើយ។ លោកបន្តថា អាជ្ញាធរដាក់កម្លាំងតាមដានសកម្មជនបក្សប្រឆាំងគឺ ជាការបំភិតបំភ័យផ្នែកនយោបាយដើម្បីបំបាក់ស្មារតីដល់សកម្មជនធ្វើឱ្យពួកគេភ័យខ្លាច។ ទោះជាយ៉ាងណា លោកហៅទង្វើរបស់អាជ្ញាធរពាក់ព័ន្ធនេះថាជាអំពើខុសច្បាប់ ព្រោះរដ្ឋធម្មនុញ្ញបានកំណត់ឱ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមជីវភាពនយោបាយដោយសេរី។ «»
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបន្តថា សង្គមប្រជាធិបតេយ្យដែលល្អ ត្រូវមានគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ដែលមានអាសនៈនៅក្នុងរដ្ឋសភាប្រហាក់ប្រហែលគ្នា ដើម្បីមានអំណាចតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាលមានប្រសិទ្ធភាព ដែលធ្វើឱ្យប្រទេសអភិវឌ្ឍឆាប់រហ័ស។ ផ្ទុយទៅវិញលោកបញ្ជាក់ថា ប្រទេសដែលគ្រប់គ្រងដោយរបបឯកបក្សនឹងធ្វើឱ្យប្រទេសនោះអភិវឌ្ឍមានចំណុចចន្លោះប្រហោងច្រើនជាងសង្គមប្រជាធិបតេយ្យ។
បច្ចុប្បន្នមានសកម្មជនគណបក្សប្រឆាំងជិត ១០០នាក់ កំពុងរស់នៅភៀសខ្លួននៅប្រទេសថៃ ហើយពួកគេនៅតែប្រកាន់ជំហររង់ចាំទទួលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញដដែល ដោយពួកគាត់ជឿថា នៅពេល លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍នឹងអាចជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបានធូរស្រាលឡើយវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។